អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

អ្នក​សេដ្ឋ​កិច្ច​៖​ការ​ពង្រីក​ទី​ក្រុង​ធ្វើ​ឲ្យ​ដី​ឡើង​ថ្លៃ​ តែ​ប្រយោជន៍​ធំ​បាន​ទៅ​លើ​ក្រុម​ឈ្មួញ​ដី​ធ្លី​

អគារនានាក្នុងទីក្រុងភ្នំពេញ
អគារនានាក្នុងទីក្រុងភ្នំពេញ @Internet

ក្រុម​អ្នក​វិភាគ​សេដ្ឋ​កិច្ច​អះ​អាង​ថា​ការ​កាត់​ទឹក​ដី​មួយ​ផ្នែក​ទៀត​ របស់​ខេត្ត​កណ្តាល​បញ្ចូល​មក​ក្នុង​ដែន​គ្រប់​គ្រង​របស់​រាជ​ធានី​ភ្នំពេញ​គឺ​ជា​ការ​ជំរុញ​ឲ្យ​ដី​ហក់​ឡើង​ថ្លៃ​។ ​តែ​ផល​ប្រយោជន៍​ធំ​បាន​ទៅ​លើ​ក្រុម​ឈ្មួញ​រកស៊ី​ដីធ្លី​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​។​ ចំណែក​ពលរដ្ឋ​ជា​ម្ចាស់​ដី​ក៏​ទទួល​បាន​ផល​ប្រយោជន៍​ផង​ដែរ​ប្រសិន​បើ​ពួកគេ​អាច​រក្សា​ដី​ទុក​​ដោយ​មិន​ទាន់​លក់​ក្នុង​តម្លៃ​ទាប​។​ ប្រតិកម្ម​បែប​នេះ​គឺក្រោយ​ពី​ប្រមុខ​រដ្ឋា​ភិបាល​បាល​ប្រកាស​ក្នុង​សប្តាហ៍​នេះ​ថា​ ដី​មួយ​ចំណែក​របស់​ស្រុក​ល្វាឯម​ និង​ស្រុក​ខ្សាច់​កណ្តាល​នឹង​ត្រូវ​កាត់​ចូល​មក​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រាជ​ធានី​ភ្នំពេញ​ ក្រោយ​ស្ពាន​ចំនួន​ពីរ​សង់​រួច​រាល់​។

ផ្សាយពាណិជ្ជកម្ម

លោក​បណ្ឌិត គឹម ហ៊ាង ប្រធាន​ក្រុម​ហ៊ុន​អចលន​វត្ថុ​ខ្មែរ​រៀល​អ៊ីស្ទេត​ គាំទ្រ​ឲ្យ​បង្កើត​ខណ្ឌថ្មី​ ដែល​កាត់​ចេញ​ពី​ទឹក​ដី​ខេត្ត​កណ្តាល ព្រោះ​ផល​ប្រយោជន៍​យូរ​អង្វែង​បាន​ទៅ​លើ​ប្រ​ជា​ជន​នៅ​តំបន់​នោះ។ ​មិន​ត្រឹម​តែ​លុយ​កាក់​ទេ​គឺ​បាន​ឈ្មោះថា​ខ្លួន​ជា​អ្នក​ភ្នំពេញ​នឹង​គេ​ដែរ​។ ប៉ុន្តែ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ដែល​ធំ​នោះ​គឺ​បាន​ទៅ​លើ​ឈ្មួញ​ដី​ធ្លី​ដែល​ទិញ​ដី​ក្នុង​តម្លៃ​ទាប​ទុក​រួច​ជា​ស្រេច ដែល​ក្នុង​មួយ​ម៉ែត្រ​តែ​២ឬ​៣ដុល្លារ ដែល​ពេល​នេះ​ហក់​ឡើង​ដល់​២០០​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​។

យ៉ាង​ណាក៏​ដោយ ​ពលរដ្ឋ​ជា​ម្ចាស់​ដី​ក៏​ទទួល​បាន​ផល​ប្រយោជន៍​ផងដែរ ​ប្រសិន​ពួកគេអាចរក្សា​ដីទុក​​ដោយ​មិនទាន់លក់​ក្នុងតម្លៃ​ទាប។ នេះ​ជា​ការ​បញ្ជាក់​របស់​អតីត​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ​និង​ភ្នាក់​ងារ​អចលន​វត្ថុ​កម្ពុជា។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ​ រាជធានី​ភ្នំពេញ គឺ​មាន​ខណ្ឌ​រដ្ឋបាល​ចំនួន​១៤​ ដែល​ពី​មុន​ឆ្នាំ​២០១៣​គឺ​មានតែ​៩​ខណ្ឌ​ប៉ុណ្ណោះ​។ ហើយ​បើ​ពង្រីក​ទីក្រុង​បន្ថែមទៀត​នោះ អនាគត​ខេត្តកណ្ដាល អាច​នឹង​អស់​។​ នេះជា​ការ​យល់​ឃើញ​​របស់​លោក ច័ន្ទ សុផល។ អ្នក​វិភាគ​សេដ្ឋកិច្ច​រូប​នេះ​​ លើក​ឡើង​ថា ដី​ប្រហែល​ពាក់​កណ្ដាល​របស់​ខត្ត​កណ្ដាល គួរ​ក្លាយ​ជា​រាជធានី​ភ្នំពេញ​។ សល់​ពាក់​កណ្ដាល​ទៀត គួរ​ដាក់​ចូល​ក្នុង​ខេត្តផ្សេងៗ​ទៀត​។ បើ​ធ្វើ​ដូច្នេះ កម្ពុជា​នឹង​ចំណេញ​បាន​រដ្ឋបាល​ខេត្ត​មួយ សម្រាប់​ធ្វើ​ការងារ​ផ្សេងៗ​ទៀត​។

សម្រាប់​លោក គឹម ហ៊ាង គឺមិន​ចាំបាច់​ត្រូវ​កាត់​ទឹក​ដី​មួយ​របស់​ខេត្ត​កណ្តាល​ដើម្បី​ពង្រីងទីក្រុង​បន្ថែម​នោះទេ ព្រោះ​ដីជាច្រើន​នៅក្នុង​ទីក្រុង​ភ្នំពេញ​សព្វថ្ងៃ អភិវឌ្ឍន៍​មិនទាន់អស់នៅឡើយ។ តែ​លោក​ថា បើ​កាត់​ចូល​ក៏វាមិនមានអ្វី​ត្រូវ​ខាត​បង់​ឡើយ ផ្ទុយទៅ​វិញ​នឹង​ធ្វើ​ឲ្យដីឡើងថ្លៃ​បាន​ប្រយោជន៍មួយផ្នែក​​ទៅ​លើ​ប្រជាជន​តំបន់​នោះផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ