អានតួអត្ថបទ
កម្ពុជា-សង្គម

​NGO៖ ​ម្ចាស់​ផ្ទះ​ជួល​នៅ​ខេត្ត​ព្រះសីហនុ ​កំពុង​ប្រឈម​នឹង​ហានិភ័យ ​ក្រោយ​ការ​ចាក​ចេញ​របស់​ជន​ជាតិ​ចិន​

ក្រុងព្រះសីហនុ (រូបតំណាង)
ក្រុងព្រះសីហនុ (រូបតំណាង) @Internet

អ្នក​ឃ្លាំ​មើល​មក​ពី​អង្គ​ការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​បាន​អះអាង​ថា ម្ចាស់​ផ្ទះ​ជួល​មួយ​ចំនួន​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ កំពុង​ប្រឈម​នឹង​ហានិភ័យ ជំពាក់​ប្រាក់​ធនាគារ និង​មួយ​ចំនួន​មិន​មាន​ប្រាក់​បង់​ថ្លៃ​ការ​ប្រាក់​ធនាគារ ដែល​ពួក​គេ​បាន​ខ្ចី​មក ដើម្បី​សាង​សង់​បន្ទប់​ជួល​ឲ្យ​ជន​ជាតិ​ចិន​ដែល​មាន​តម្លៃ​ថ្លៃៗ​។ បច្ចុប្បន្ន​ម្ចាស់​ផ្ទះ​ជួល​ខ្លះ ត្រូវ​បង្ខំ​ចិត្ត​ទម្លាក់​ថ្លៃ​ជួល​ដល់​ទៅ​៥០%​។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​ជំនាញ​ផ្នែក​អចលន​ទ្រព្យ​នៅ​កម្ពុជា​យល់​ថា នេះ​គ្រាន់​តែ​ជា​បញ្ហា​ប្រឈម​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​។ 

ផ្សាយពាណិជ្ជកម្ម

ការ​បិទ​ល្បែង​ហ្គេម Online ពី​សំណាក់​រដ្ឋា​ភិបាល​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​ឲ្យ​លំហូរ​ចេញ​របស់​ជន​ជាតិ​ចិន​ពី​ខេត្ត​ព្រះ​សីហនុ​មាន​យ៉ាង​គំហុក ក៏​ប៉ុន្តែ​មិន​ដល់​ថ្នាក់​ស្ងាត់​ឈឹង​នោះ​ទេ​។ នេះ​បើ​តាម​ការ​កត់​សំគាល់​របស់ លោកស្រី ជាប សុធារី មន្ត្រី​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំ​នៅ​ខេត្ត​ព្រះ​សីហនុ​។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ស្រី​បាន​កត់​សំគាល់​ថា ការ​ចាក​ចេញ​របស់​ជន​ជាតិ​ចិន​ទាំង​នោះ តិច​ឬ​ច្រើន កំពុង​បង្ក​ជា​ហានិភ័យ​ដល់​ម្ចាស់​ផ្ទះ​ជួល​មួយ​ចំនួន​។ ពួក​គេ​ត្រូវ​ជំពាក់​ប្រាក់​ធនាគារ ឬ​ប្រឈម​នឹង​ការ​គ្មាន​ប្រាក់​បង់​ថ្លៃ​ការ​ប្រាក់​ទៅ​ឲ្យ​ធនាគារ​ផង បន្ទាប់​ពី​ពួក​គេ​បាន​ខ្ចី​ប្រាក់​ពី​ធនា​គារ ដើម្បី​យក​មក​សាង​សង់​ជា​បន្ទប់​ឬ​ផ្ទះ​ជួល ឲ្យ​ជន​ជាតិ​ចិន ក៏​ប៉ុន្តែ​បែរ​ជា​មិន​មាន​អ្នក​ជួល​ទៅ​វិញ​។ បើ​តាម​អ្នក​ឃ្លាំ​មើល​រូប​នេះ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ ស្លាក​ផ្ទះ​ជួល​ឬ​បន្ទប់​ជួល បាន​លើក​យ៉ាង​ព្រោង​ព្រាត ខណៈ​តម្លៃ​ផ្ទះ​ជួល ឬ​ការ​ជួល​អគារ​ខ្លះ បាន​ធ្លាក់​ថ្លៃ​ស្ទើរ​ជាង​ពាក់​កណ្តាល​។

ទោះ​ជា​យ៉ាង​នេះ​ក្តី អ្នក​ជំនាញ​ផ្នែក​អចលន​ទ្រព្យ​នៅ​កម្ពុជា​យល់​ថា នេះ​គ្រាន់​តែ​ជា​បញ្ហា​ប្រឈម​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ​។ ប្រធាន​សមាគម​អចលន​ទ្រព្យ​កម្ពុជា លោក ច្រឹក សុខនីម បាន​លើក​ឡើង​ថា ទោះ​បី​ជា​ជន​ជាតិ​ចិន​មួយ​ចំនួន​បាន​ចាក​ចេញ​ពី​ខេត្ត​ព្រះ​សីហនុ​ក្តី ក៏​ប៉ុន្តែ​សកម្មភាព​នៃ​ការ​ទិញ​លក់​ដី​ធ្លី និង​ផ្ទះ​សំបែង​នៅ​ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ នៅ​តែ​មាន​សកម្មភាព​ជា​ធម្មតា​។ លោក​រំពឹង​ថា ជន​ជាតិ​ចិន​មួយ​ក្រុម​ទៀត នឹង​មក​ជំនួស​ជន​ជាតិ​ចិន​ដែល​ចាក​ចេញ​ទៅ​។

យ៉ាង​ណា​ក៏​ដោយ បើ​តាម​ការ​កត់​សំគាល់​របស់​លោក​ស្រី ជាប សុធារី មន្ត្រី​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំ​នៅ​ខេត្ត​ព្រះ​សីហនុ ម្ចាស់​ផ្ទះ​ជួល​មួយ​ចំនួន​ធំ​នៅ​ខេត្ត​ព្រះ​សីហនុ បាន​ទទួល​ផល​ចំណេញ​ច្រើន ពី​ការ​មក​ដល់​នៃ​ជន​ជាតិ​ចិន​កន្លង​មក ពោល​គឺ​ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៧​មក​។ ប៉ុន្តែ​ពួក​គេ​មួយ​ចំនួន​បាន​ខាត​បង់​ធ្ងន់​ធ្ងរ​ទៅ​វិញ ក្រោយ​ពី​ការ​ចាក​ចេញ​របស់​ជន​ជាតិ​ចិន​ខ្លះ ចាប់​តាំង​ពី​រដ្ឋា​ភិបាល​កម្ពុជា​បាន​សម្រេច​បិទ​ល្បែង​ហ្គេម Online នៅ​ថ្ងៃទី ១៨ សីហា មក​។

នៅ​ក្នុង​របាយការណ៍​មួយ​របស់​ធនាគារ​ពិភព​លោក World Bank ចេញ​ផ្សាយ​កាល​ពីថ្ងៃទី ១០ តុលា ឆ្នាំ ២០១៩នេះ បាន​ព្រមាន​ថា ការ​ហូរ​ចូល​របស់​ជន​បរទេស​ដែល​ទំនង​ជា​សំដៅ​លើ​ជន​ជាតិ​ចិន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​មក​កាន់​ប្រទេស​កម្ពុជា​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ អាច​នឹង​មិន​ថិត​ថេរ​ទេ​។ ជា​ពិសេស នៅ​ពេល​ដែល​សកល​លោក មាន​ភាព​មិន​ប្រាកដ​ប្រជា​មិន​ចេះ​ចប់ ហើយ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​កំពុង​តែ​ដើរ​ថយ​ក្រោយ​នោះ​៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ