អានតួអត្ថបទ
កម្ពុជា-ច្បាប់

សហជីព​បារម្ភ​ខ្លាច​បាត់បង់​សិទ្ធិ​ជា​តំណាង​កម្មករ នៅ​ពេល​វិសោធនកម្ម​​ច្បាប់​ស្ដីពី​សហជីព​

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា។ RFI

បើ​គ្មាន​ការ​ប្រែប្រួល​ទេ ក្រសួ​ងការងារ​នឹង​បញ្ជូន​សេចក្ដី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្ដីពី​សហជីព ១០មាត្រា​ទៅគណៈរដ្ឋមន្ត្រី​ក្នុង​ពេល​ឆាប់ៗ ដើម្បីពិនិត្យ និងសម្រេចមុន​ពេល​បញ្ជូន​បន្ត​ទៅ​រដ្ឋសភា។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ដែល​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​នៅ​ថ្ងៃ​អាទិត្យ​នេះ​។ ពី​ខាង​តំណាង​សហជីពវិញ លោក អាត់ ធន់ ប្រធាន​សហ​ភាព​ការងារ​កម្ពុជា បាន​បង្ហាញ​កង្វល់​លើ​ចំណុច​មួយ​ចំនួន ដែល​អាច​ធ្វើ​ឲ្យ​សហជីពបាត់​បង់​សិទ្ធិ​ជា​តំណាង​កម្មករ តាម​រយៈ​ការ​វិសោធកម្ម​នេះ។

ផ្សាយពាណិជ្ជកម្ម

សិទ្ធិ​របស់​សហជីព ក្នុង​នាម​ជា​អ្នក​តំណាង​ឲ្យ​កម្មករ​នឹង​ត្រូវ​បាន​បាត់​បង់ ប្រសិន​បើ​ច្បាប់​ស្ដី​សហជីព​ត្រូវ​ធ្វើ​វិសោធកម្ម លើមាត្រា​ចំនួន​១០​ចំណុច។ ថ្លែង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អាទិត្យ​នេះ លោក អាត់ ធន់ ប្រធាន​សហភាព​ការ​ងារ​កម្ពុជាពន្យល់​ថា ផ្អែក​តាម​មាត្រា​ចាស់​គឺ​សហជីព​អាច​ធ្វើ​ជា​អ្នក​តំណាង​ឲ្យ​កម្មករ​បាន​ក្នុង​ការ​ធ្វើប​ណ្ដឹង​អ្វី​មួយ​ទាក់​ទង​វិវាទការងារ តែ​ពង្រាង​វិសោធនកម្ម​ថ្មី បាន​កម្រិត​សិទ្ធិ​សហជីព​ត្រឹម​ជា​អ្នក​អម​កម្មករ​តែ​ប៉ុណ្ណោះ រាប់​ទាំង​កម្មក​រដែល​ជា​សមាជិក​របស់​សហជីព​ផងដែរ។

លោក អាត់ ធន់​ បន្ថែមថា ដើម្បី​បាន​សិទ្ធិ​ជា​អ្នក​តំណាង​កម្មករ​ក្នុង​ឋានៈ​ជា​អ្នក​អម​ដំណើរ​ជាមួយ​កម្មករ​ដាក់​ពាក្យ​បណ្ដឹងបាន គឺ​លុះ​ត្រា​សហជីព មាន​សមាជិក​នៅ​ក្នុង​រោងចក្រ​ចាប់​ពី​៣០​ភាគរយ​ឡើង​ទៅ។

ក្រៅ​តែពី​បាត់​បង់សិទ្ធិ​ជា​អ្នក​តំណាង​កម្មករ ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងា​រហើយ វិសោធនកម្ម​ច្បាប់​ស្ដី​ពី​សហជីព​តម្រូវឲ្យ​សហជីព​ធ្វើ​របាយការណ៍​ហិរញ្ញវត្ថុ ដែល​ទទួល​បាន​ពី​ម្ចាស់​ជំនួយ ចម្លង​ជូន​គ្រប់​សមាជិក​របស់​សហជីព។ សហជីពដែល​មិន​ទាន់​ចុះ​បញ្ជី ហើយ​ទៅ​ជួប​កម្មករ នឹង​ត្រូវ​ចាត់​ទុក​ជា​រឿង​ខុស​ច្បាប់។ ដោយឡែក​ចំពោះ​ការ​ធ្វើ​កូដ​កម្ម​វិញ ប្រព្រឹត្ត​ទៅ​បាន​លុះ​ណា​មាន​ការ​ចូលរួម​ពី​កម្មករ​៥០​បូក១ ឬ​ប្រហាក់​ប្រហែល​៥ពាន់​នាក់​ឡើង​ទៅ។

លោក អាត់ ធន់ បាន​ចាត់​ទុក​លក្ខខណ្ឌ​ថ្មី​ដែល​មាន​ចែង​ក្នុង​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​ស្ដីពី​សហជីពថា មានលក្ខណៈរឹត​ត្បិត​សេរី​របស់​សហជីព​ខ្លាំង​មែន​ទែន ខណៈ​ដែល​លោក​ធ្លាប់​ដាក់​សំណើរ​ឲ្យ​បន្ធូរបន្ថយ​ចំនួន​ពីរ​ដង​រួច​មក​ហើយ តែ​ការកែ​សម្រួល​មាន​លក្ខណៈ​ស្រួច​ស្រាល។

តែតាម​ការអះអាង​របស់​ក្រសួង​​ការងារ​គោលដៅ​នៃ​ការធ្វើ​វិសោធនកម្ម​ច្បាប់​សហជីព​នេះ​គឺ​ដើម្បី​ការពារ​ផលប្រយោជន៍​ក្រុម​និយោជក និង​កម្មករ​និយោជិត ​រួម​ទាំង​ធានា​នូវ​សិទ្ធិ​ និង​តួនាទី​​របស់​សហជីព​នានា​ផងដែរ​។

សូមជម្រាបជូនថា ការ​វិសោធនកម្ម​ច្បាប់ស្ដីពី​សហជីព ​មានចំនួន១០ ​​មាត្រា​ដូចជា មាត្រា​ ៣ មាត្រា​ ១៧ មាត្រា​ ២០ មាត្រា​ ២១ មាត្រា​ ២៧ មាត្រា​ ២៨ មាត្រា​ ២៩ ​មាត្រា​ ៥៤ ​និង​មាត្រា​ ៥៩ ដែល​ភាគច្រើន​ពាក់ព័ន្ធ​ជាមួយ​សិទ្ធិ​របស់​កម្មករ និង​សហជីព​ក្នុង​ការចូលរួម​ធ្វើ​បាតុកម្ម៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ