អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

មេធាវី​ទទូច​ឲ្យ គ.ជ.ប ទម្លាក់​ការ​ចោទ​ប្រកាន់​បុគ្គល​៥​នាក់​ពាក់ព័ន្ធ​ក្នុង​យុទ្ធនា​ការ​ម្រាម​ដៃ​ស្អាត

រូបភាព៖គ.ជ.ប នៅថ្ងៃទី៨ ខែសីហានេះ បានបើកសវនាការ ជំនុំជម្រះលើសំណុំរឿង យុទ្ធនាការ ម្រាមដៃស្អាត
រូបភាព៖គ.ជ.ប នៅថ្ងៃទី៨ ខែសីហានេះ បានបើកសវនាការ ជំនុំជម្រះលើសំណុំរឿង យុទ្ធនាការ ម្រាមដៃស្អាត @សហការី

គណៈ​កម្មាធិការ​ជាតិ រៀបចំ​ការ បោះ​ឆ្នោត គ.ជ.ប នៅ​ថ្ងៃ​ទី​៨ ខែ​សីហា​នេះ បាន​បើក​សវនាការ ជំនុំ​ជម្រះ​លើសំណុំ​រឿង យុទ្ធនាការ ម្រាម​ដៃ​ស្អាត។ ការ​ជំនុំ​ជម្រះ​នៅ​ថ្ងៃ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី គ.ជ.ប ខេត្ត​បាត់​ដំបង សម្រេច​ផាក​ពិន័យ លើ​បុគ្គល​ចំនួន​៥​នាក់ ក្នុង​ម្នាក់ៗ​១០​លាន​រៀល។ លើក​លែង​ការ​ចោទ​ប្រកាន់ ឬ​មិន​លើកលែង​នោះ សេចក្ដី​សម្រេច​នឹង​ប្រកាស​នៅ​រសៀល​នេះ។ ប៉ុន្តែ​មុន​សេចក្ដី​សម្រេច​ធ្លាក់​ចុះ មេធាវី​តំណាង​ឲ្យ​អ្នកទាំង​៥ ទទូច​ឲ្យ គ.ជ.ប ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​កូន​ក្ដី​របស់​ខ្លួន ទល់​នឹង​ការ​ទទូច​របស់​មេធាវី​ម្ខាង​ទៀត ស្នើឲ្យ គ.ជ.ប រក្សា​ការ​សម្រេច​របស់ គ.ជ.ប ខេត្ត ទុក​ជា​បាន​ការ​ដដែល​។

ផ្សាយពាណិជ្ជកម្ម

សវនាការ​ជំនុំ​ជម្រះ​ដែល​មាន​រយៈ​ពេល​ជិត​២​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ប្រព្រឹត្ត​ទៅ​ក្រោម​វត្តមាន​​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​ដឹក​នាំ​ដោយ​លោក ស៊ិក ប៊ុនហុក ប្រធាន គជប មេធាវីចំនួន​៣​រូប​ តំណា​ង​​ឲ្យពលរដ្ឋ៥នាក់​ដែល​រង​បណ្ដឹង​នៅ​ក្នុង​សំណុំ​រឿង​យុទ្ធនាការ​ម្រាម​ដៃ​ស្អាត និង​ក្រុម​មេធាវី​ដើម​បណ្ដឹង ដែល​មាន​សមាសភាព​៤នាក់​​។ លោក សំ សុគង់ មេធាវី​តំណាង​ឲ្យ​ពលរដ្ឋ​ទាំង​៥ បាន​ចាត់​ទុក​សកម្មភាព​របស់​កូន​ក្ដី​ខ្លួន​ថា ជា​ទង្វើ​ជួប​ជុំហូប​នំ​បញ្ចុក​ធម្មតា​នៅ​ក្នុង​រដូវ​ហែ​ទាន​វស្សា គឺ​មិន​មែន​ជា​សកម្មភាព រារាំង​ពល​រដ្ឋ ​មិន​ឲ្យ​ទៅ​បោះ​ឆ្នោត តាមរយៈ​ម្រាម​ដៃ​ស្អាត​នោះ​ទេ។ ​

បើ​តាម​លោក សំ សុគង់ ដ្បិត​តែ​ពលរដ្ឋ​ទាំង​៥ ធ្លាប់​ជា​សកម្មជន​នៃ​អតីត​គណបក្ស​សង្គ្រោះជាតិ​ក៏​ពិត​មែន ប៉ុន្តែ​សកម្មភាព​លើក​ចង្អុល​ដៃ​ស្អាត​របស់​ពួក​គេ ធ្វើ​ឡើង​ក្នុង​នាម​ជា​ពលរដ្ឋ​ធម្មតា​ទេ​។ ​ម្យ៉ាង​បើ​ពិនិត្យ​ទៅ​លើធាតុ​ផ្សំ​នៃ​បទល្មើស លោក សំ សុគង់ យល់ថា នៅ​មិន​ទាន់​ឈាន​ដល់​ការ​រារាំង ឬ​ញុះញង់​នោះ​ទេ។ រារាំង ឬ​ញុះ​ញង់ គឺ​លុះ​ណា​តែ​យក​អាវុធ​ទៅ​ភ្ជង់​ពលរដ្ឋ​ចំ​ថ្ងៃ​បោះឆ្នោត​។ នេះ​បើ​តាម​លោក​មេធាវី សំ សុគង់​។ តាមរយៈការ​លើក​ឡើង​នេះ លោក សំ សុគង់ ទទូចឲ្យ ប្រ​ធាន គ.ជ.ប លោក ស៊ិក ប៊ុនហុក និង​ជា​ប្រធាន​អង្គជំនុំ​ជម្រះ ទម្លាក់​ការ​ចោទ​ប្រកាន់​ចំពោះ​ពលរដ្ឋ​៥​នាក់ ដែល​ត្រូវ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បាត់ដំបង សម្រេច​ផាក​ពិន័យ​ម្នាក់ ១០​លាន​រៀល។

អ្វី​ជា​ការ​កត់​សម្គាល់ នៅ​ក្នុង​អង្គ​ជំនុំ​ជម្រះ​ដែល​មាន​ការ​ជជែក​វែក​ញែក​យ៉ាង​តឹង​សសៃ​ក​រវាង​ភាគី​ទាំងសង​ខាង​នោះ លោក ហម មុន្នី មេធាវី​តំណាង​ឲ្យ​ដើម​ចោទ​ប្ដឹង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ច្រាន​ចោលការ​លើក​ឡើង​របស់​លោក សំ សុគង់ ។ លោក ហង្ស មុន្នី បាន​អះអាង​ថា ការ​លើក​ម្រាម​ដៃ គឺជា​ផ្នែក​មួយ​នៃយុទ្ធនាការ​ម្រាម​ដៃ​ស្អាត​បូក​នឹង​យុទ្ធនាការ​ដេក​ផ្ទះ​ឈ្នះ​ឯង ដែល​ទង្វើ​នេះ​គឺ​មិនមែន​ជា​សកម្មភាព​ធម្មតា​ឡើយ។ សម្រាប់​មេធាវី​ដើម​បណ្ដឹង​រូប​នេះ សកម្មភាព​របស់​អ្នក​ទាំង​៥ គឺ​ពិត​ជា​មាន​អនុភាព​ដល់​ការ​សម្រេច​ចិត្តរបស់​ពលរដ្ឋ។ ដូច្នេះ គ.ជ.ប ត្រូវ​រក្សា​សេចក្ដី​សម្រេច​របស់គ.ជ.ប ខេត្ត​បាត់​ដំបង​ទុក​ជា​បាន​ការ​ដដែល។ នេះ​បើ​តាម លោក ហម មុន្នី ។

សូមបញ្ជាក់ថា សេចក្ដី​សម្រេច​របស់​គ.ជ.ប ថ្នាក់​ខេត្ត​បាត់​ដំបង បាន​សម្រេច​ផាក ពិន័យ ទៅ​លើ​បុគ្គល​ចំនួន៥​នាក់ ក្នុង​ម្នាក់ៗ ចំនួន​១០​លាន​រៀល ពី​បទ​ធ្វើ​ឲ្យ​ភ័ន្ត​ច្រលំ នាំ​ឲ្យ​បាត់​ទំនុក​ចិត្ត​លើ​ការ​បោះឆ្នោត ។ បុគ្គលទាំង៥​រូប​នោះ​រួម​មាន៖ ជា ជីវ ថោង សារឿន ម៉ាង ឈុន ពៅ តាំង និង គ្រុយ គឹមសាំង។ ជាមួយ​នឹង​ទំហំ​ទឹកប្រាក់​ផាក​ពិន័យ​ក្នុង​ម្នាក់​១០​លានរៀល​នេះ លោក សំ សុគង់ គូស​បញ្ជាក់ថា ពួក​គេ​គ្មាន​លទ្ធភាព​នៅ​ក្នុង​ការបង់​ថ្លៃ​ផាក​ពិន័យ​នេះ​ឡើយ។ គ្មាន​លទ្ធភាព​ព្រោះ​ពួក​គេ​ជា​ពលរដ្ឋ​ក្រីក្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ