អានតួអត្ថបទ
កម្ពុជា-ផ្សព្វផ្សាយ

ADD៖ ការ​ផ្សាយ​ព័ត៌មាន​ខ្លះ ​ អាច​បង្ក​ហិង្សា​ផ្លូវ​ចិត្ត​ដល់​ជន​រង​គ្រោះ​ជា​ស្ត្រី​ពិការ

រូបភាព​តំណាង៖ ការ​ផ្សាយ​ព័ត៌មាន​ខ្លះ ​ អាច​បង្ក​ហិង្សា​ផ្លូវ​ចិត្ត​ដល់​ជន​រង​គ្រោះ​ជា​ស្ត្រី​ពិការ
រូបភាព​តំណាង៖ ការ​ផ្សាយ​ព័ត៌មាន​ខ្លះ ​ អាច​បង្ក​ហិង្សា​ផ្លូវ​ចិត្ត​ដល់​ជន​រង​គ្រោះ​ជា​ស្ត្រី​ពិការ @sabay

ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត បំផ្លើស ឬ ព័ត៌មាន​ពិត​ស៊ី​ជម្រៅ​ហួស​ហេតុ​ពេក​ ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្លូវ​ចិត្ត​ធ្ងន់​ធ្ងរ​ ដល់​ជន​រង​គ្រោះ​ជា​ស្ត្រី ជា​ពិសេស គឺ​ស្ត្រី​ដែល​ជា​ជន​ពិការ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អង្គការ សកម្មភាព​លើ​ពិការភាព និង​ការ​អភិវឌ្ឍន៍ ឬ ហៅ​កាត់​ថា ADD International នៅ​ក្នុង​សិក្ខាសាលា «ការ​ចូល​រួម​ចំណែក​របស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ដើម្បី​លើក​កម្ពស់​ភាព​ថ្លៃ​ថ្នូរ​របស់​ស្ត្រី និង​ក្មេង​ស្រី» ដែល​ធ្វើ​ឡើង​នៅ​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ផ្សាយពាណិជ្ជកម្ម

លោក​ ស្រី វណ្ណថុន នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ ADD International បាន​លើក​ឡើង​ថា ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មាន​តួ​នាទី​សំខាន់​ណាស់ ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​របស់​ស្ត្រី​ជា​ជន​ពិការ។ ប៉ុន្តែ​ប្រសិន​បើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ដូច​ជា​វិទ្យុ ទូរទស្សន៍ ឬ សារព័ត៌មាន បាន​ផ្សព្វ​ផ្សាយ​បំលែង​ការ​ពិត​របស់​ស្ត្រី​ជន​រង​គ្រោះ ឬ ពេល​ខ្លះ​បាន​ផ្សព្វ​ផ្សាយ​ពិត​ហួស​ហេតុ ដោយ​ប្រើ​ប្រាស់​ពាក្យ​ពេចន៍​មិន​សមរម្យ លើ​ករណី​មួយ​ចំនួន ដូច​ជា​ករណី​អំពើ​ហិង្សា ឬ ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ជា​ដើម​ វា​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​អារម្មណ៍​របស់​ស្ត្រី​ជា​ជន​រង​គ្រោះ ជា​ពិសេស​គឺ​ជន​ពិការ​តែ​ម្តង​ រហូត​អាច​ចាត់​ទុក​ថា​ជា​ហិង្សា​ផ្លូវ​ចិត្ត​មួយ​ផ្នែក​ដែរ។

​លោក អ៊ុក គឹមសេង អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន បាន​ប្រាប់​វិទ្យុ​បារាំង​ថា ប្រសិន​បើ​មាន​ព័ត៌មាន​ណា​មួយ បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្ត​របស់​បុគ្គល​ណា​ម្នាក់ នោះ​ជន​រង​គ្រោះ​ខ្លួន​ឯង​ផ្ទាល់​ អាច​ប្រើ​ប្រាស់​ប្រព័ន្ធ​ច្បាប់​ ទៅ​កាន់​ស្ថាប័ន​ព័ត៌មាន​នោះ​បាន ដូច​មាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន​របស់​កម្ពុជា។ តាម​លោក​ អ៊ុក គឹមសេង ជន​រង​គ្រោះ​អាច​ពិភាក្សា​ពី​សេវា​ផ្លូវ​ច្បាប់​ជាមួយ​នឹង​អង្គការ​ដែ​ល​ធ្វើ​ការ​ពាក់​ព័ន្ធ​លើ​​បញ្ហា​ស្ត្រី និង​ក្រសួង​កិច្ច​ការ​នារី​ជា​ដើម ហើយ​ក្រសួង​ព័ត៌មាន​ រីករាយ​ក្នុងការ​សហការ​ដើម្បី​ចាត់​វិធានការ​លើ​ស្ថាប័ន​ព័ត៌មាន​ណា ដែល​ផ្សព្វ​ផ្សាយ​ប្រាស​ចាក​ក្រម​សីលធម៌ វិជ្ជាជីវៈ​បែប​នេះ។

ក្រសួង​ព័ត៌មាន នៅ​តែ​ទទូច​ឲ្យ​ជន​រង​គ្រោះ​ជា​ស្ត្រី​ ​ប្តឹង​ទៅ​កាន់​សារព័ត៌មាន ឬ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ណា ដែល​បាន​ប្រើ​ប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ ឬ សរសេរ​អត្ថបទ​ ទម្រង់​លែប​ខាយ​ឌឺ​ដង ដែល​បណ្តាល​ឲ្យ​បាត់​បង់​ភាព​ថ្លៃ​ថ្នូរ​ដល់​ស្ត្រី និង​នារី ដែល​ជា​ជន​រង​គ្រោះ​ស្រាប់​ទៅ​ហើយ​នោះ។

គួរ​ជម្រាប​ជូន​ថា តាម​ការ​សង្កេត​នា​ពេល​បច្ចុប្បន្ន គេ​នៅ​តែ​ឃើញ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន បាន​ដាក់​បង្ហាញ​រូប​ភាព ឬ សរសេរ ឬ​ បរិយាយ ចំពោះ​​​អំពើ​ហិង្សា​លើ​ស្ត្រី រួម​មាន​ហិង្សា​ផ្លូវ​កាយ ផ្លូវ​ចិត្ត ផ្លូវ​ភេទ និង​ហិង្សា​សេដ្ឋកិច្ច​ជា​ដើម ដោយ​យក​មក​​ធ្វើ​ជា​ព័ត៌មាន​សម្រាប់​កម្សាន្ត​សប្បាយ កំប្លុក​កំប្លែង ដែល​ប្រាស​ចាក​ពី​អនុសញ្ញា​ស្តី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នឹង​នារី​ភេទ និង​ផ្ទុយ​ពេល​សេចក្តី​ប្រកាស​រួម រវាង​ក្រសួង​ព័ត៌មាន និង​ក្រសួង​កិច្ចការ​នារី ស្តី​ពី​ក្រម​ប្រតិបត្តិ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សម្រាប់​ការ​រាយការណ៍​ព័ត៌មាន​អំពើ​ហិង្សា​លើ​ស្ត្រី៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ