អានតួអត្ថបទ
កម្ពុជា

លោក​ហ៊ុន សែន បង្ហាញ​ការ​គាំទ្រ​ជា​ថ្មី​លើ​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​លោក ដូ ណាល់ត្រាំ

លោកហ៊ុន សែន ​បង្ហាញ​ការ​គាំទ្រ​ជា​ថ្មី​លើ​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​លោក ​ដូណាល់ ​ត្រាំ​
លោកហ៊ុន សែន ​បង្ហាញ​ការ​គាំទ្រ​ជា​ថ្មី​លើ​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​លោក ​ដូណាល់ ​ត្រាំ​ Reuters

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន នៅ​ថ្ងៃ​ទី​ ៧​វិច្ឆិកា​នេះ បាន​បង្ហាញ​ការ​គាំទ្រ​ជា​ថ្មី​ទៅ​លើ​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​មក​ពី​ គណបក្ស​សាធារណៈរដ្ឋ លោក ដូ ណាល់ត្រាំ និង​បាន​ការពារ​ចំពោះ​ការ​វិភាគ​របស់​លោក​កាល​ពី​ថ្ងៃ​ទី​ ៤​វិច្ឆិកា​កន្លង​ទៅ។ ទន្ទឹម​គ្នា​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ប្រតិកម្ម​ចំពោះ​ការ​រិះគន់​ថា លោក​បាន​គាំទ្រ​បេក្ខភាព ដែល​ជា​ជន​ផ្តាច់​ការ។

ផ្សាយពាណិជ្ជកម្ម

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​ថ្លែង​ការពារ​ទស្សនៈ​របស់​លោក​ ដែល​គាំទ្រ​បេក្ខភាព​ប្រធានាធិបតី​អាមេរិកលោក ដូ ណាល់ត្រាំ មក​ពី​គណបក្ស​សាធារណៈរដ្ឋ ទល់​នឹង​លោក​ស្រី ហ៊ីលឡារី គ្លីនតុន បេក្ខភាព​ប្រធានាធិបតី​អាមេរិក​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ថា គឺ​ជា​សិទ្ធិ​ផ្ទាល់​ខ្លួន​របស់​លោក។

លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​បាន​ថ្លែង​ជា​សាធារណៈ​នៅ​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​ឯមជ្ឈមណ្ឌល​កោះពេជ្យ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ៧ វិច្ឆិកា​នេះ​ថា លោក​មាន​សិទ្ធិ​ក្នុង​ការ​វិភាគ​ទៅ​លើ​ប៉ូល​នយោបាយ​នៅ​លើ​ពិភព​លោក ដែល​នឹង​មាន​ឥទ្ធិពល​មក​លើ​គោល​នយោបាយ​ការ​បរទេស​របស់​ពិភព​លោក​ប្រសិន​បើ​បេក្ខភាព​ណាមួយ​ជាប់​ឆ្នោត។ បើ​ទោះបី​ជា​ការ​វិភាគ​របស់​លោក បាន​បង្ហាញ​ការ​គាំទ្រជា​ថ្មី ទៅ​លើ​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​ថ្មី លោក ដូ ណាល់ត្រាំ ក្តី ក៏​ប៉ុន្តែ​លោក​បាន​ថ្លែង​ការពារ​ខ្លួន​ថា វា​ជា​សិទ្ធិរ​បស់​ពលរដ្ឋ​អាមេរិក​កាំង។

សូម​ជម្រាប​ជូន​ថា កាល​ពី​ថ្ងៃ​ទី ៣ វិច្ឆិកា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពេល​ជួប​ជាមួយ​ក្រុម​ឧត្តម​សេនីយ៍​នគរបាល​កម្ពុជា​ថា បើ​បេក្ខជន​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ត្រាំ ឈ្នះ​ឆ្នោត នឹង​ធ្វើ​ឲ្យ​ពិភព​លោក​មាន​សន្តិភាព ព្រោះ​លោក ត្រាំ ជា​អ្នក​ជំនួញ ប៉ុន្តែ​លោក​ក៏​មិន​បាន​បដិសេធ​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​លោក​ស្រី ហ៊ីលឡារី គ្លីន​តុន​នោះ​ទេ។

នៅ​ក្នុង​សុន្ទរកថា​ជា​សាធារណៈ​នៅ​ថ្ងៃ​នេះ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​កាន់​អំណាច​ជាង​ ៣០​ឆ្នាំ​នៅ​កម្ពុជា ក៏​បាន​ប្រតិកម្ម​ចំពោះ​ការ​រិះគន់​ពី​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​អន្តរជាតិ និង​អ្នក​វិភាគ​មួយ​ចំនួន​ថា ការ​វិភាគ​របស់​លោក​ ដែល​គាំទ្រ​បេក្ខភាព​ប្រធានាធិបតី​អាមេរិក​លោក ដូ ណាល់ត្រាំ គឺ​ជា​ការ​គាំទ្រ​ទៅ​លើ​ជន​ផ្តាច់​ការ ខណៈ​ដែល​មេដឹកនាំ​ផ្តាច់​ការ​នៅ​លើ​ពិភព​លោក​បាន​ប្រកាស​ជំហរ​គាំទ្រ​បេក្ខភាព​ប្រធានាធិបតី​អាមេរិក លោក ដូ ណាល់ត្រាំ ដែរ ដែល​ក្នុង​នោះ​រួម​មាន លោក Robert Mugabe មេដឹកនាំហ្ស៊ីមប៉ាវេ, លោក Kim Jong-un មេដឹកនាំ​កូរ៉េ​ខាង​ជើង និងលោក Vladimir Putin មេដឹក​នាំ​រុស្ស៊ី​ជា​ដើម។ ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ក៏​ទំនង​ជា​សំដៅ​ទៅ​លើ​ប្រធាន​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ដែល​បា​ន​ផ្តល់​បទ​សម្ភាសន៍​ដល់​កាសែត​ជា​ភាសាអង់គ្លេស The Cambodia Daily ដោយ​បាន​ចាត់​ទុក​លោក ត្រាំ ថា ជា​ជន​ផ្តាច់​ការ ទើប​ធ្វើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន គាំទ្រ​លោកត្រាំ។

សូម​បញ្ជាក់​ថា ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី​អាមេរិក នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​ ៨​វិច្ឆិកា ឆ្នាំ​២០១៦​នេះ ដែល​ត្រូវ​នឹង​ថ្ងៃ​ពុធ ទី ៩​វិច្ឆិកា ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ្នក​វិភាគ​ជា​ច្រើន​បាន​លើក​ឡើង​ថា បើ​ទោះបី​ជា​បេក្ខជន​ណាមួយ​ជាប់​ឆ្នោត ក៏​គ្មាន​ភាព​វិជ្ជមាន​ដល់​កម្ពុជា​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ