អានតួអត្ថបទ
កម្ពុជា-ព្រំដែន

កម្ពុជា​ឡាវ​ស្នើ​ឲ្យ​មាន​ការ​ដោះ​ដូរ​ពលរដ្ឋ

យោធា​កម្ពុជា​-​ឡាវ​នៅ​តំបន់​ព្រំដែន​ស្រុក​សៀមប៉ាង ​ខេត្ត​ស្ទឹងត្រែង ​បាន​ជួប​ចរចារ​គ្នា​ ក្រោយ​​ពី​​យោធា​ឡាវ​ចូល​មក​ហាម​ឃាត់​ការ​ស្ថាបនា​​ផ្លូវ​យុទ្ធសាស្រ្ត​កម្ពុជា​នៅ​ព្រំដែន​កាល​ពី​ថ្ងៃទី​ ១៧​ កុម្ភៈ​ ឆ្នាំ២០១៧​។​
យោធា​កម្ពុជា​-​ឡាវ​នៅ​តំបន់​ព្រំដែន​ស្រុក​សៀមប៉ាង ​ខេត្ត​ស្ទឹងត្រែង ​បាន​ជួប​ចរចារ​គ្នា​ ក្រោយ​​ពី​​យោធា​ឡាវ​ចូល​មក​ហាម​ឃាត់​ការ​ស្ថាបនា​​ផ្លូវ​យុទ្ធសាស្រ្ត​កម្ពុជា​នៅ​ព្រំដែន​កាល​ពី​ថ្ងៃទី​ ១៧​ កុម្ភៈ​ ឆ្នាំ២០១៧​។​ @Facebook

អាជ្ញាធរ​ខេត្ត​ស្ទឹង​ត្រែង​និង​អាជ្ញាធរ​ខេត្ត​អាត្តា​របស់​ឡាវ បាន​ស្នើ​ទៅ​វិញ​ទៅ​មក ក្នុង​ការ​ដោះ​ដូរ​ប្រជា​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ បន្ទាប់​ពី​ពលរដ្ឋ​ទាំង​នោះ​ត្រូវ​បាន​ឃាត់​ខ្លួន​កាល​ពី​ដើម​ខែ​កុម្ភៈ ពី​បទ​ចូលព្រំដែន​ដោយ​ខុស​ច្បាប់។ ការ​ឃាត់​ខ្លួន​នេះ​ធ្វើ​ឡើង​នៅ​មុន​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​មួយ​រវាងយោធា​ឡាវ និងកម្ពុជា កាល​ពី​ថ្ងៃ​ទី​១៧ កុម្ភៈ។

ផ្សាយពាណិជ្ជកម្ម

ការ​ស្នើ​ឲ្យ​មាន​ការ​ដោះដូរ​ប្រជាពលរដ្ឋ​ទៅ​វិញ​ទៅ​មក​នេះ ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​រវាង អាជ្ញា​ធរ​ខេត្ត​ស្ទឹង​ត្រែង​និង​អាជ្ញាធរ​ខេត្ត​អាត្តា​របស់​ឡាវ​កាល​ពី​ថ្ងៃ​ទី​២៨​កុម្ភៈ។ ក្នុង​នោះ​កម្ពុជា​បាន​ឃាត់ខ្លួន​ពលរដ្ឋ​ឡាវ​៦​នាក់ រីឯ​ឡាវ​បាន​ឃាត់​ខ្លួន​ពលរដ្ឋ​កម្ពុជា​១​នាក់។ តាម​ការ​លើក​ឡើង​របស់​អាជ្ញាធរ​កម្ពុជា​គឺ​អាជ្ញាធរ​ឡាវ​ថា ពលរដ្ឋ​ខ្មែរ​ចូល​ក្នុង​ទឹក​ដី​ឡាវ​ដោយ​គ្មាន​ការ​អនុញ្ញាត្ត​និង​មិន​បាន​ផ្ដល់ព័ត៌​មាន​ទៅ​ឲ្យ​សមត្ថកិច្ច​ឡាវ​នៅ​តាម​ព្រំដែន​នោះ​ទេ។ ហើយ​ការ​ឃាត់​ខ្លួន​ពលរដ្ឋ​ឡាវ​ពី​សំណាក់ អាជ្ញាធរ​ខ្មែរ​ក៏​ធ្វើ​ឡើង​ក្រោម​ហេតុ​ផល​ដូច​គ្នា​នេះ​ដែរ។

ថ្លែងប្រាប់វិទ្យុបារាំងលោក ម៉ែន គង់  នាយក​រង​រដ្ឋបាល​សាលាខេត្ត​ស្ទឹងត្រែង​និង​ជា​សមា​ជិក​​នៃ​ក្រុម​អ្នក​នាំ​ពាក្យ​សាលា​ខេត្តបានអះអាងថា សម្រាប់កម្ពុជានៅពេលនេះ​គឺរង​ចាំ​តែ​អនុ​វត្តកិច្ចព្រមព្រៀងស្ដីពីការដោះ​លែងប្រជាពលរដ្ឋតែប៉ុ​ណ្ណោះ។ តែលោកជឿការស្នើនេះ​មិន​មែន​ធ្វើឡើងភ្លាមៗនោះទេគឺមាននីតិវិធីច្បាប់ត្រឹមត្រូវទាំងឡាវនិងកម្ពុជា។

សូមបញ្ជាក់ថា ក្រៅ​ពី​ជជែក​ទៅ​លើ​ការ​ដោះដូរ​ប្រជាពលរដ្ឋ​ហើយ​នោះ ភាគី​ទាំង​ពីរ​ក៏​បាន​ជជែកទៅ​លើ​បញ្ហា​ប្រឈម​មុខ​ដាក់​គ្នា​រវាង​យោធា​ឡាវ និង​កម្ពុជា កាល​ពី​ថ្ងៃ​ទី​១៧ កុម្ភៈ​ដែរ។ ក្នុង​នោះឡាវ​បាន​ស្នើ​មក​កម្ពុជា​ឲ្យ​បន្ត​ផ្អាក​សកម្មភាព​នៃ​ការ​ស្ថាបនា​ផ្លូវ។ កាល​ណោះ​សកម្មភាព​របស់យោធា​ឡាវ ចូល​មក​ក្នុង ទឹក​ដី​កម្ពុជា​គឺ​រារាំង​សកម្មភាព​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​របស់​កង​វិស្វកម្ម​កម្ពុជា នៅ​ត្រង់​ចំណុច អូតាង៉ាវ ឃុំថ្មកែវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ តែ​កម្ពុជា​បាន​អះអាង ពី​ភាពស្រប​ច្បាប់​របស់​ខ្លួន​ថា ចំណុច​ដែល ទាហាន​ឡាវ​ចូល​មក​ហាម​ឃាត់​នេះ គឺ​ជា​ដែន​ដី​របស់​កម្ពុជា ហើយ​ការ​ស្ថាបនា​ផ្លូវ​នេះ ក៏​មិន​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់ ទៅ​លើ​ទឹក​ដី​របស់​ឡាវ​ដែរ។

លោក ម៉ែន គង់ បាន​គូស​បញ្ជាក់​បន្ថែមថាកម្ពុជា​មិន​បាន​ស្ថាបនា​ផ្លូវ​ចូល​ដល់​ដី​ឡាវ​នោះ​ទេ ព្រោះ​កម្ពុជា បាន​ផ្អែក​លើ ផែន​ទី​កាល​ពី​ជំនាន់​បារាំង។ តាម​រយៈ​អំណះ​អំណាង​នេះ ភាគី​ឡាវបាន​ប្រាប់​មក​កម្ពុជា​វិញ​ថា សុំ​ពេល​ជជែក ជាមួយ​ថ្នាក់​លើ​ជា​មុន​សិន ដើម្បី​ស្នើ​សុំ​គោល​ការណ៍ឯកភាព ។

ចំពោះ​តំបន់​ដែល​ប្រឈម ដោយ​ការ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ របស់​កង​វិស្វកម្ម​កម្ពុជា នៅ​ត្រង់​ចំណុច​អូតាង៉ាវ ឃុំថ្មកែវ ស្រុកសៀម​ប៉ាង​នេះ គឺ​ទាហ៊ាន​នៃ​ប្រទេស​ទាំង​ពីរ​បាន​ដក​កម្លាំង​ចេញ​រៀងៗខ្លួន។ នៅ​ទី​នោះ ស្ថានភាព​ទូទៅ​ក៏​មាន​សភាព​ស្ងប់​ស្ងាត់​ដែរ គិត​ត្រឹម​ថ្ងៃ​ទី​៤​មីនា​នេះ៕
 
 
 
 
 
 
 
 
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ