អានតួអត្ថបទ
កម្ពុជា-ថៃ

ថៃឃាត់ខ្លួនពលករខ្មែរខុសច្បាប់ជិត៧០០នាក់ បញ្ជូនត្រឡប់មកកម្ពុជា

ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​ចាប់​ឃាត់​ខ្លួន​
ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​ចាប់​ឃាត់​ខ្លួន​ នគរបាលជាតិ

ពលករ​ខ្មែរ​ប្រមាណ​៧០០​នាក់ ត្រូវ​បាន​ក្រុម​តម្រួត​ថៃ និង​ទាហាន​ឈុត​ខ្មៅ​ចាប់​ឃាត់​ខ្លួន ក្រោម​ហេតុ​ផល​ថាពលករ​ខ្មែរ​ទាំង​នោះ ធ្វើ​ការងារ​ក្នុង​ប្រទេស​ថៃ មិន​ស្រប​ច្បាប់។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ អគ្គស្នងការ​នគបាល​ជាតិ​កាល​ពី​ថ្ងៃ​ម្សិលមិញ​។ ពលករ​ខ្មែរ​ទាំង​នោះ ត្រូវ​បាន​អាជ្ញាធរ​ថៃ​រក​ឃើញ​តាម​ចម្ការដំឡូង ចម្ការពោត និង​ចម្ការ​មៀន ក្នុង​ទឹកដី​នៃ​ប្រទេស​ថៃ។

ផ្សាយពាណិជ្ជកម្ម

 

គេហទំព័រ​របស់​អគ្គ​ស្នងការនគបាល​ជាតិ​បាន​ដក​ស្រង់​របាយ​ការណ៍​ផ្លូវ​ការ ដែល​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៨ ​ថៃបាន​ចាក់​ផ្សាយ​ថា​នៅ​ថ្ងៃ​ទី​២៦ ខែ មេសា វេលា​ម៉ោង​៤​ល្ងាច លោក​មេ​បញ្ជា​ការ​តម្រួត ខេត្ត​ស្រះ​កែវ បាន​ចុះទៅ​កាន់ ចំណុច​ទីលាន សាលា​ស្រុក​វ៉ាំងណាំរ៉ន ក្នុង​ខេត្ត​ស្រះ​កែវ បន្ទាប់​ពី​កំលាំង​បាន​ប្រមូល​ពលករ​ខ្មែរ​រាប់រយ​នាក់​យក​មក​ គ្រប់​គ្រង​នៅ​ទីតាំង​នេះ​ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​ប្រតិបត្តិការ​នេះ គឺ​ធ្វើ​ឡើង​ដោយ ក្រុម​តម្រួត​ព្រំដែន រួម​ជា​មួយ​នឹង​ទាហាន​ព្រំដែន បាន​ចុះ​ទៅ​កាន់​បរិវេណ​ចម្ការ​មួយក​ន្លែង ដែល​ជា​កម្មសិទ្ធិ​របស់​ជន​ជាតិ​ថៃ ស្ថិត​ក្នុង ខេត្ត​ស្រះ​កែវ ដែល​នៅ​ទី​នោះ​មាន​ពលករ​ខ្មែរ​មក​សំងំ​លាក់ ខ្លួន ដើម្បី​រង់​ចាំ​រថយន្ត​មក​ទទួល​យក​ទៅ​ធ្វើ​ការ ​នៅ​ឯ​ទីក្រុង បាងកក តាម​ការ​សន្យា​របស់​មេខ្យល់ដែល​បាន​ប្រមូល​លុយ ពី​ពួក​គេ​ក្នុង​ម្នាក់ៗ ២,៥០០ បាត​មុន​រួច​ហើយ ។

នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា​នេះ វិទ្យុ​បារាំង​អន្តរ​ជាតិ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ក្រសួង​ការងារ​បាន​ទេ​។

លោក​មឿន តុលា នាយក​ប្រតិបត្តិ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​សង់​ត្រាល់ បានបញ្ជាក់​ថា​មូល​ហេតុ ដែល​ពលករ​ខ្មែរ ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ខុស​ច្បាប់​ច្រើន ដោយ​សារ​តែ​នីតិវិធី​ក្នុង​ការជ្រើស​រើស និង​ការ​បញ្ជូន​ពលករ​នៅ​មាន​ភាព​ស្មុកស្មាញ​នៅ​ឡើយ​។

លោក​បញ្ជាក់​ថា ពលករ​ដែល​ចង់​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​ត្រូវ​រង​ចាំ​យូរ និង​ចំណាយ​ច្រើន នៅ​ពេល​ដែល​ចុះឈ្មោះ​ជា​មួយ​ក្រុម​ហ៊ុន ហើយ​ម្យ៉ាង​ទៀត​នៅ​ពេល​ដែល​ទៅ​ដល់​កន្លែង​ធ្វើ​ការ​នោះ គឺ​លក្ខខណ្ឌ​របស់​ពលករខុស​ច្បាប់ និង​ពលករ​ស្រប​ច្បាប់​គឺ​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា ជា​ហេតុ​ធ្វើ​ឲ្យ​កម្មករ​ជ្រើស​រើស​យកលក្ខខណ្ឌ​ខុស​ច្បាប់​។​

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​នីតិវិធី​ក្នុង​ការ​ជ្រើស​រើស​ពលករ​ឲ្យ​សាមញ្ញ ទាំង​លិខិត​ស្នាម ឯក​សារ​ផ្សេង និង​មិន​ត្រូវ​ឲ្យ​ពលករ​រង​ចាំយូរ​ពេក​ទេ។ លោក​បន្ថែម​ថា​ រដ្ឋ​គួរតែ​ដក​បន្ទុក​របស់​ពលករ​លើ​ថ្លៃ​សេវា​រក​ការងារ​ធ្វើ ហើយ​តម្លៃ​នេះ​គឺ​គួរ​តែ​ជា​បន្ទុក​របស់​និយោជក​ និង​កាត់បន្ថយ​អំពើ​ពុក​រលួយ​នៅ​តាម​ក្រសួង​មួយ​ចំនួន​ដែល​ធ្វើ​ការ​ពាក់​ព័ន្ធ​នឹង​ការ​បញ្ជូន​ពលករ​។

សូមជម្រាបជូនថាកាលពីខែកុម្ភៈ កន្លងទៅប្រទេស​ថៃ​បាន​ឯកភាព​អនុញ្ញាត​ឲ្យ​គណៈកម្មការ​ផ្តល់​ភាព​ស្របច្បាប់​កម្ពុជា​ចុះ​ធ្វើ​ការបើក​ផ្តល់​លិខិត​ឆ្លងដែន ​លិខិត​ធ្វើ​ដំណើរ ​និង​ប័ណ្ណ​ពលករ​កម្ពុជា​ទៅធ្វើ​ការ​នៅ​បរទេស​(​O​C​W​C​)​ជូន​ពលករ​កម្ពុជា ដែល​ធ្វើការ​នៅតាម​រោងចក្រ ​សហគ្រាស ​ដែល​មាន​ប្រើប្រាស់​ពលក​រ​កម្ពុជា​ចាប់​ពី​៨០​នាក់​ឡើង​ដោយផ្ទាល់​៕ 

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ