អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ប្រាប់​ឲ្យ​គ.ជ.ប​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ផ្លូវ​ការ​នៅ​ថ្ងៃ​ស្អែក ព្រោះ​គ្មាន​បណ្តឹង​ជំទាស់

ដំណើការ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​ នីតិកាល​ទី​៦
ដំណើការ​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​ នីតិកាល​ទី​៦ @REUTERS

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​អះអាង​ថា គិត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​សីហា​នេះ មាន​តែ​បក្ស​យុវជន​កម្ពុជា​មួយ​ប៉ុណ្ណោះ​ដែល​ប្តឹង​ជំទាស់​នឹង​លទ្ធផល​បោះ​ឆ្នោត​បណ្តោះ​អាសន្ន។ ប៉ុន្តែ​បក្ស​នេះ ស្រាប់​តែ​ដក​បណ្តឹង​ទៅ​វិញ។ ដូច្នេះ​ហើយ គ្មាន​បណ្តឹង​ដែល​គ.ជ.ប​ត្រូវ​ដោះ​ស្រាយ​នោះ​ទេ។ ​ចំណែក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​វិញ ក៏​បាន​អះអាង​នៅ​ព្រឹក​នេះ​ដែរ​ថា មិន​ទទួល​បាន​បណ្តឹង​ពី​បក្ស​ណា​ឡើយ ហេតុ​ដូច​នេះ​ហើយ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ក៏​បាន​ប្រាប់​ឲ្យ​គ.ជ.ប​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ផ្លូវ​ការ​នៅ​ថ្ងៃ​ស្អែក​នេះ។

ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​ប្រកាស​ហើយ​ថា លទ្ធភាព​បោះ​ឆ្នោត​ផ្លូវ​ការ​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៥ ខែ សីហា គឺ​នឹង​ធ្វើ​ឡើង​ដដែល ដោយ​មិ​នមានការប្រែប្រួលអ្វីនោះទេ។ កាល​បរិច្ឆេទ​នៃ​ការ​ប្រកាស​លទ្ធផល​ផ្លូវ​ការ​នេះ មាន​បញ្ហា​មិន​ច្បាស់​លាស់​បន្តិច​បន្តួច​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​សារ​តែ​គណបក្ស​យុវជន​កម្ពុជា​របស់​លោក​ពេជ្រ ស្រស់ បាន​ដាក់​បណ្តឹង​ទៅ​កាន់​គ.ជ.ប​ឲ្យ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​ដោយ​គណបក្ស​នេះ​គិត​ថា លទ្ធផល​បោះ​ឆ្នោត​បណ្តោះ​អាសន្ន​បាន​ធ្វើ​ឲ្យ​បាត់​សំឡេង​គាំទ្រ​របស់​ខ្លួន។ ប៉ុន្តែ​មិន​ទាំង​បាន​ប៉ុន្មាន​ម៉ោង​ផង លោក​ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ក៏​បាន​ដក​ពាក្យ​បណ្តឹង​នេះ​វិញ ដោយ​អះអាង​ថា មិន​ទាន់​មាន​លក្ខណៈ​គ្រប់​គ្រាន់។ នេះ ធ្វើ​ឲ្យ​គ.ជ.ប​ចាត់​ទុក​ថា មិន​មាន​បណ្តឹង​ពី​គណបក្ស​នយោបាយ​ណា​មួយ​ប្តឹង​ជំទាស់​នឹង​លទ្ធផល​បណ្តោះ​អាសន្ន​នេះ​ទេ។

ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​ប្រធាន​ប្រឹក្សា​ធម្មនុញ្ញ​នៅ​ថ្ងៃ​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោក​ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) បាន​គូស​បញ្ជាក់​ថា បន្ទាប់​ពី​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​បណ្តោះ​អាសន្ន​កាល​ពី​ថ្ងៃ​ទី​១១ ខែ​សីហា មក​ដល់​ម៉ោង​៧ ព្រឹក​ថ្ងៃ​ទី​១៤ សីហា​នេះ មាន​បណ្តឹង​តែ​មួយ​ប៉ុណ្ណោះ ប៉ុន្តែ​បណ្តឹង​ត្រូវ​បាន​ដក​ទៅ​វិញ ដោយ​មិន​ត្រូវ​បាន​ដោះ​ស្រាយ​នោះ​ទេ។ ចំណែក​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​វិញ ក៏​បាន​អះអាង​តប​មក​លោក​ស៊ិក ប៊ុនហុក​នៅ​ព្រឹក​ថ្ងៃ​នេះ​ដែរ​ថា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ក៏​មិន​ទទួល​បាន​ពាក្យ​បណ្តឹង​តវ៉ា​ពី​គណបក្ស​ណា​មួយ​នោះ​ដែរ។ ហេតុ​ដូច្នេះ​ហើយ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ក៏​បាន​ប្រាប់​មក​គ.ជ.ប​ឲ្យ​ចាត់​ចែង​អនុវត្ត​បន្ត​តាម​ភារកិច្ច​ដែល​មាន​កំណត់​នៅ​ក្នុង​ច្បាប់។

សូម​បញ្ជាក់​ថា តាម​លទ្ធផល​បណ្តោះ​អាសន្ន​របស់​គ.ជ.ប ​គឺ​មាន​ប្រជាពលរដ្ឋ​ចេញ​ទៅ​បោះ​ឆ្នោត​ចំនួន​ជិត​៧​លាន​នាក់ ឬ​ស្មើ​នឹង​៨៣.០២​ភាគ​រយ​នៃ​ចំនួន​ប្រជាពលរដ្ឋ​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ជាង​៨​លាន​នាក់។ ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​លើស​លប់​រហូត​ដល់​ជិត​៥​លាន​នាក់។ តាម​រយៈ​ប្រជាពលរដ្ឋ​ទៅ​បោះ​ឆ្នោត​ច្រើន​បែប​នេះ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ប្រមុខ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អះអាង​ថា នេះ​គឺ​ជា​ការ​បង្ហាញ​ទៅ​កាន់​ពិភព​លោក​ថា ប្រជាពលរដ្ឋ​កម្ពុជា​ច្រើន​បាន​ទៅ​បោះ​ឆ្នោត​ដើម្បី​កំណត់​ជោគ​វាសនា​ប្រទេស​ជាតិ​របស់​ខ្លួន។ សម្រាប់​លោក​នាយក​រដ្ឋមន្រ្តី មាន​តែ​កម្ពុជា​ទេ ទើប​អាច យល់​ច្បាស់​អំពី​អ្វី​ដែល​ខ្លួន​ចង់​បាន ជា​ពិសេស​និរន្តរភាព​នៃ​ការ​អភិវឌ្ឍ និង​សុខ​សន្តិភាព​យូរ​អង្វែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ