អានតួអត្ថបទ
កម្ពុជា

ចិនផ្តល់ជំនួយឥតសំណងជារថយន្តក្រុងថ្មី១០០% សម្រាប់​ដឹក​ជញ្ចូន​សាធារណៈ​នៅ​ភ្នំពេញ

រថយន្ត​ក្រុង​ថ្មី​១០០% ដែល​ចិន​ផ្តល់​ជា​ជំនួយ
រថយន្ត​ក្រុង​ថ្មី​១០០% ដែល​ចិន​ផ្តល់​ជា​ជំនួយ

រថយន្ត​ក្រុង​ថ្មី​ស្រឡាង​១០០​គ្រឿង​បាន​មក​ដល់​ដៃ​រដ្ឋាភិបាល​កម្ពុជា​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​១៣​កក្កដា​នេះ​តាម​រយៈ​ពិធី​ប្រគល់​និង​ទទួល​ផ្លូវការ​នៅ​មជ្ឍមណ្ឌល​កោះពេជ្រ​ដែល​នេះ​ជា​ជំនួយ​លើក​ទី១​របស់​ប្រទេស ចិន​ដើម្បី​សម្រួល​និង​លើក​កំពស់​ដល់​ការ​ធ្វើ​ដំណើរ​របស់​សាធារណ​ជន។ ​ពិធី ប្រគល់​និង​ទទួល ​រថយន្ត ក្រុង ​ជា​ផ្លូវ​ការ​នេះ​មាន​ការចូលរួម​ពី​អភិបាល​រាជធានី​ភ្នំពេញ​និង​ភារ​ធារីអម​ស្ថាន​ទូត​ចិន​ប្រចាំ​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

អត្ថបទដោយៈ ប៊ុន សៅ​សុ​ភ​នាថ និង ហេង ពុធីរៈ

លោក​ឃូង​ស្រេង​អភិបាល​រាជធានីភ្នំពេញ​បានមាន​ប្រសាសន៍ថា​ការប្រើប្រាស់​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ពិតជាសំខាន់​ព្រោះ​វា​អាច​ជួយ​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន​ការស្ទះ​រាចរណ៍​ក៏​ដូចជា​គ្រោះ​ថ្នាក់​ចរាចរណ៍​ហើយ​ក៏​បានជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់ប្រជាជន​ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល។​ ម្យ៉ាងវិញទៀត​ជំនូយ​ឥត​សំណង​នេះ​បញ្ជាក់​ពី​ចំណង​មិត្តភាព​និង​កិច្ចសហប្រតិបត្តិ​រវាង​ប្រទេស​កម្ពុជា​និង​ចិន​ផងដែរ។

តាម​លោក​ឃួង​ស្រេង​រថយន្ត​បន្ថែម​ជាង​១០០​គ្រឿង​នេះ​នឹង​ដាក់​ពង្រាយ​លើ​ផ្លូវ​ចំនួន​៥​ខ្សែ​បន្ថែមទៀត ​ប៉ុន្តែ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​ទីតាំង​ផ្លូវ​៥ខ្សែ​ថ្មី​នេះ​នៅ​ឡើយ​ទេ។ លោក​​បន្ត​ថា​ការសម្រេចចិត្ត​ដាក់​ទីតាំង​ខ្សែ​ឡានក្រុង​នឹង​ប្រកាស​ឲ្យដឹង​នៅ​ក្នុង​ពេល​២ថ្ងៃ​ខាង​មុខ។

លោក​Tan Qing Sheng​តំណាង​រដ្ឋាភិបាល​ចិន​បាន​លើក​ឡើង​ថា​ចិន​ធ្លាប់​បាន​ជួយ​កម្ពុជា​ឲ្យ​មាន​ការអភិវឌ្ឍ​រីកចម្រើន​លើវិស័យ​សេដ្ឋកិច្ច​បច្ចេកទេស​និង​វិស័យ​ជាច្រើនទៀត។

គួរបញ្ជាក់ថា​រថយន្ត​ទាំង១០០​គ្រឿង​នោះ​មាន​រថយន្ត​ដឹក​អ្នកដំណើរ​ចំណុះ​៣៥កៅអី​ចំនួន​៦០គ្រឿង​ចំណុះ​២៧​កៅអី​ចំនួន៣៨គ្រឿង​ព្រមទាំង​រថយន្ត​ស្ទូច​២គ្រឿង​ផងដែរ។​គិតជា​ទឹកប្រាក់​សរុប​នៃជំនួយ​ឥត​សំណង​នេះ​មាន​ចំនួន៥៧លានយ័ន​ឬប្រហែល​៨សែន​ដុល្លារ។

រថយន្ត​ក្រុង​សាធារណៈ​បាន​បើក​ឲ្យ​ដំណើរការ​តាំង​ពី​ឆ្នាំ​២០១៤​មកម៉្លេះ​និង​មាន​ផ្លូវ​រត់​ចំនួន៣ខ្សែ​គឺឆ្ពោះ​ទៅ ចោមចៅ​ទៅ​ក្រុងតាខ្មៅ​​និង​ទៅផ្លូវជាតិ​លេខ៥។ ឡានក្រុង​សាធារណៈ​នេះ​សព្វ​ថ្ងៃ​បាន​បម្រើ​ប្រជាពលរដ្ឋ​ប្រមាណ​៦៥០០​ ទៅ៧០០០​នាក់​ក្នុង​មួយ​ថ្ងៃ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ