អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​កម្ពុជា​និង​ចិន ​គ្រោង​ជួប​គ្នា​ផ្លូវ​ការ​នៅ​ខែ​ក្រោយ ដើម្បី​ចរចា​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ជាមួយ​គ្នា​

ទង់ជាតិកម្ពុជា និង ទង់ជាតិចិន (រូបតំណាង)
ទង់ជាតិកម្ពុជា និង ទង់ជាតិចិន (រូបតំណាង) @Belt&Road News

រដ្ឋា​ភិបាល​កម្ពុជា និង ចិន នឹង​ជួប​ប្រជុំ​ពិភាក្សា​គ្នា​ផ្លូវ​ការ​ជា​លើក​ដំបូង​ស្តី​អំពី​ការ​សិក្សា​ស្រាវ​ជ្រាវ​លទ្ធ​ភាព​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ភាគី​ទាំង​ពីរ​នៅ​ទីក្រុង​ប៉េកាំង​នៅថ្ងៃទី៣ ខែធ្នូ ខាង​មុខ​នេះ​។ នេះ​បើ​តាម​ការ​ផ្សាយ​ឱ្យ​ដឹង​របស់​ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ​។ ទាំង​មន្រ្តី​រដ្ឋា​ភិបាល និង អ្នក​វិភាគ​សេដ្ឋ​កិច្ច​សុទ្ធ​តែ​យល់​ឃើញ​ដូច​គ្នា​នេះ​ថា បើ​សិន​ជា​កិច្ច​ព្រម​ព្រៀង​នេះ​អាច​សម្រេច​បាន គឺ​កម្ពុជា​នឹង​ទទួល​បាន​ផល​ចំណេញ​បន្ថែម​ទៀត​ពី​ទីផ្សារ​មហា​យក្ស​ចិន​។ 

ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន ស្ថាន​ទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​ចាត់​ទុក​គម្រោង​ជួប​គ្នា​រវាង​ភាគី​កម្ពុជា និង​ចិន​នៅ​ខែ​ក្រោយ​នេះ​ថា​ ជា​ការ​រៀប​ចំ​ដ៏​ពិសេស​មួយ​ដោយ​ផ្អែក​លើ​ទំនាក់​ទំនង​មិត្ត​ភាព​រវាង​ចិន និង​កម្ពុជា​។ បើ​តាម​ស្ថាន​ទូត​ចិន ថ្នាក់​ប្រតិបត្តិ​ការ​ងារ​នៃ​ស្ថាប័ន​ពាណិជ្ជ​កម្ម​រវាង​ភាគី​ចិន និង​កម្ពុជា​បាន​បង្កើត​យន្ត​ការ​ទំនាក់​ទំនង​គ្នា​រួច​ជា​ស្រេច ដើម្បី​ជំរុញ​កិច្ច​ការ​ដែល​ពាក់​ព័ន្ធ​ឱ្យ​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ល្អ​។

ចំណែក ភាគី​ខាង​រដ្ឋា​ភិបាល​កម្ពុជា​ក៏​បាន​ស្វាគមន៍​ចំពោះ​កិច្ច​ប្រជុំ​ពាណិជ្ជ​កម្ម​ដ៏​សំខាន់​នេះ​ផង​ដែរ​។ លោក​សុខ សុភ័ក្ដ្រ រដ្ឋ​លេខា​ធិកា​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា បាន​ប្រាប់​កាសែត​ខ្មែរ​ថាមសន៍​ថា កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​នេះ នឹង​ផ្តល់​ឱកាស និង​លំហូរ​ទីផ្សារ​កាន់​តែ​ច្រើន​ដល់​កម្ពុជា​បន្ថែម​ពី​លើ​អ្វី​ដែល​សម្រេច​បាន​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​រវាង​អាស៊ាន ​និង ចិន​។ លោក​បាន​គូស​បញ្ជាក់​ទៀត​ថា ចិន​ចង់​មាន​កិច្ច​ព្រម​ព្រៀង​នេះ​ជាមួយ​កម្ពុជា ព្រោះ​កម្ពុជា​ជា​ប្រទេស​ផលិត​នូវ​ផលិត​ផល​កសិកម្ម​មិន​សូវ​ច្រើន​។ ដូច្នេះ​ហើយ អាច​ប៉ះ​ពាល់​តិច​តួច​ដល់​ទីផ្សារ​ប្រទេស​ចិន មិន​ដូច​ថៃ និង វៀត​ណាម​នោះ​ទេ​។

ដោយ​ឡែក អ្នក​វិភាគ​សេដ្ឋកិច្ច​កម្ពុជា លោក​បណ្ឌិត គី សេរីវឌ្ឍ បាន​អះអាង​ថា កម្ពុជា​អាច​ចំណេញ​ទាំង​ផ្នែក​នយោបាយ​និង​សេដ្ឋ​កិច្ច បើ​សិន​អាច​សម្រេច​នូវ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​នេះ​ជាមួយ​ចិន​។ ផ្នែក​នយោ​បាយ គឺ​កិច្ច​ព្រម​ព្រៀង​នេះ ជា​ការ​បើក​ច្រក​មួយ​ទៀត ដោយ​កម្ពុជា​មិន​ចាំ​បាច់​រង់​ចាំ​តែ​នាំ​ចេញ​ទៅ​កាន់​សហភាព​អឺរ៉ុប​តែ​មួយ​មុខ​នោះ​ទេ​។ រីឯ​ផ្នែក​សេដ្ឋកិច្ច​វិញ លោក គី សេរីវឌ្ឍថា កម្ពុជា​អាច​នាំ​ចេញ​បន្ថែម​ទៀត​នូវ​កសិផល​ទៅ​កាន់​ប្រទេស​ចិន និង ទាក់​ទាញ​វិនិយោ​គិន​ចិន​មក​កម្ពុជា​បាន​បន្ថែម​ផង​ដែរ​។

ចំពោះ​លោក​បណ្ឌិត​ ឆេង​ គីមឡុង ប្រធាន​មជ្ឈ​មណ្ឌល​នវា​នុវត្តន៍​ និង​ប្រជា​ធិប​តេយ្យ​នៃ​អភិបាល​កិច្ច​របស់​វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី​វិញ លោក​ចង្អុល​បង្ហាញ​ថា កម្ពុជា​អាច​ចំណេញ​បាន​ខ្លះ​លើ​ការ​នាំ​ចេញ​ផលិត​ផលកសិកម្ម និង​កសិ​ឧស្សាហកម្ម​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។ ក៏​ប៉ុន្តែ​ជាមួយ​គ្នា​នេះ លោក​ក៏​បាន​អះអាង​ថា ដ្បិត​ចិន​ជា​ទីផ្សារ​ធំ​មែន តែ​វា​អាច​ជួយ​បាន​ផ្នែក​ខ្លះ​ប៉ុណ្ណោះ បើ​ប្រៀប​ធៀប​នឹង​ទីផ្សារ​សហ​ភាព​អឺរ៉ុប ព្រោះ​សណ្ឋាន​នៃ​ទំនិញ​នាំ​ចេញ​ទៅ​ទីផ្សារ​ទាំង​នេះ​មាន​លក្ខណៈ​ខុស​គ្នា​។

សូម​បញ្ជាក់​ថា កាល​ពី​ឆ្នាំ២០១៨​កន្លង​ទៅ កម្ពុជា និង ចិន​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ក្នុង​ទឹក​ប្រាក់​ជាង​៧ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ចិន​មាន​ទំហំ​ទឹក​ប្រាក់ ១ពាន់​លាន​ដុល្លារ​អាមេ​រិក និង​នាំ​ចូល​ពី​ចិន​មក​វិញ គឺ​មាន​ទំហំ​ទឹក​ប្រាក់ ៦ពាន់​លាន​ដុល្លារ​អាមេរិក​។ នៅ​ឆ្នាំ​២០​២៣ ខាង​មុខ​នេះ កម្ពុជា និង ចិន​ក៏​បាន​ប្តេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​ឱ្យ​ឈាន​ដល់ ១០​ពាន់​លាន​ដុល្លា​អាមេរិក​៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ