អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ជន​ជាតិ​ចិន​កាន់​តែ​ច្រើន​យក​ទឹក​ដី​កម្ពុជា​ជំរិត​ទារ​ប្រាក់​តាម​អន​ឡាញ តើ​មក​ពី​មូលហេតុ​អ្វី?

សំឡេង ០៤:២៨
ប៉ូលីស​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឆ្មក់ចូល​ខុន​ដូ​របស់​ជន​​ជាតិ​ចិន​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ជំរិត​ទារ​ប្រាក់​តាម​អាំងទែណែត។
ប៉ូលីស​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឆ្មក់ចូល​ខុន​ដូ​របស់​ជន​​ជាតិ​ចិន​ដែល​ប្រព្រឹត្ត​បទ​ល្មើស​ជំរិត​ទារ​ប្រាក់​តាម​អាំងទែណែត។ @សហការី

ករណី​ជនជាតិ​ចិន ដែល​បាន​ចូល​មក​ប្រទេស​កម្ពុជា ហើយ​ប្រព្រឹត្ត​បទ​ល្មើស​ជំរិត​ទារ​ប្រាក់​តាម​អាំង​ទែ​ណែត កាន់​តែ​កើត​មាន​ច្រើន​ទៅៗ។ ក្នុង​មួយ​ឆ្នាំៗ ករណី​ជន​ជាតិ​ចិន​នេះ ត្រូវ​បាន​គេ​បង្ហាញ​តាម​រយៈ​ការ​បង្ក្រាប​ទ្រង់​ទ្រាយ​តូច មធ្យម និង​ទ្រង់​ទ្រាយ​ធំ ដែល​មាន​មនុស្ស​ចាប់​ពី ៥០​នាក់ ឡើង​ទៅ​ដល់​១០០​នាក់ និង​ច្រើន​ជាង​នេះ រហូត​ដល់​ជាង​២០០​នាក់​ក៏​មាន។ វា​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​មុខ​មាត់​ប្រទេស​កម្ពុជា​ប្រសិន​បើ​ករណី​នេះ នៅ​តែ​បន្ត​កើត​មាន​ដោយ​មិន​មាន​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺង​ម៉ាត់​ចំពោះ​ជន​បរទេស។

ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ ប៉ូលីស​ខ្មែរ​នៃ​នាយក​ដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​ក្រសួង​មហាផ្ទៃ​បាន​ឆ្មក់​ចូល​ទៅ​ក្នុង​ខុន​ដូ​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ខណ្ឌ​ទួល​គោក​រាជធានី​ភ្នំពេញ​និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ជន​ជាតិ​ចិន​មាន​ស្រី​មាន​ប្រុស​ចំនួន​២៣០​នាក់ ដោយ​រួម​ទាំង​វត្ថុ​តាង​សម្រាប់​ធ្វើ​សកម្មភាព​ជា​ច្រើន ប្រៀប​បាន​ការិយាល័យ​ធ្វើ​ការ​មួយ​ដែល​មាន​បុគ្គលិក​ធ្វើ​ការ​រួម​គ្នា​យ៉ាង​ហំ​ហួន។

កាល​ពី​ថ្ងៃ​ទី​២​សីហា ជន​សង្ស័យ​ដែល​ជា​ជន​ជាតិ​ចិន​ចំនួន​ជាង​២០០​នាក់ ក្នុង​ករណី​ដូច​គ្នា​នេះ ក៏​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​ប្រទេស​ចិន​ដែរ។ គិត​ទាំង​លើក​នេះ​ទៀត ករណី​ជន​ជាតិ​ចិន​ធ្វើ​សកម្មភាព​ចាប់​ជំរិត​តាម​ប្រព័ន្ធ​អាំងទែណែត មាន​ច្រើន​ជាង​១​ពាន់​នាក់ នេះ​បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក។

គេ​អាច​មាន​ការ​ចាប់​អារម្មណ៍​ថា គ្រាន់​តែ​ពាក់​កណ្តាល​ខែ​សីហា​នេះ បញ្ហា​ជន​ជាតិ​ចិន​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អាំងទែណែត​មាន​រហូត​ដល់​ទៅ​២​ករណី​ទៅ​ហើយ។ ករណី​នេះ ត្រូវ​គេ​គិត​ថា​អាច​នៅ​មាន​បន្ត​ទៀត។ តើ​ហេតុអ្វី​បាន​មាន​ករណី​ក្រុម​ម៉ាហ្វីយ៉ា​ចិន ចូល​ចិត្ត​ប្រើ​ប្រាស់​ទឹក​ដី កម្ពុជា​ធ្វើ​ជា​មូលដ្ឋាន​ដើម្បី​ជំរិត​ទារ​ប្រាក់​ទៅ​កាន់​បរទេស​បែប​នេះ?

ជា​ការ​ពិត បញ្ហា​ជន​ជាតិ​ចិន​ធ្វើ​សកម្មភាព​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​បន្ត​បន្ទាប់​បែប​នេះ បាន​ជះ​ឥទ្ធិពល​ទៅ​ដល់​មុខ​មាត់​ប្រទេស​កម្ពុជា​ដែរ ប្រសិន​ជា​និយាយ​ពី​របាយការណ៍​ឧក្រិដ្ឋ​កម្ម​ប្រចាំ​ឆ្នាំ​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋ​នីមួយ​នៃ​សមាជិក​អង្គការ​សហប្រជាជាតិ។ មាន​មូលហេតុ​មួយ​ចំនួន​ដែល​អាច​និយាយ​បាន​ថា​ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​នេះ។ នោះ​គឺ​ភាព​ធូរ​រលុង​នៃ​ការ​អនុវត្ត​ច្បាប់ និង​សន្តិសុខ​នៅ​កម្ពុជា​សម្រាប់​ជន​បរទេស ត្រូវ​បាន​គេ​បន្ទោស បើ​ទោះ​ណា​ជា​មាន​ការ​លើក​ឡើង​ថា​ពួក​ឧក្រិដ្ឋជន​ចិន​ទាំង​នេះ បាន​ធ្វើ​សកម្មភាព​ចាប់​ជំរិត​ទារ​ប្រាក់​តែ​ជន​ជាតិ​ចិន​ពួក​គេ ឬ​ជន​ជាតិ​ឯ​ទៀត មិន​មែន​កម្ពុជា​ក៏​ដោយ។

តាម​ធម្មតា​ការ​ធ្វើ​សកម្មភាព​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អន​ឡាញ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​ការ​រៀប​ចំ​បណ្តាញ​ការងារ​ត្រឹម​ត្រូវ​ដូច​ជា​ត្រូវ ត​បណ្តាញ​បច្ចេកវិទ្យា នៅ​លើ​ទី​តាំង​ដែល​ពួក​គេ​ជួល​ស្នាក់​នៅ។ អាជ្ញាប័ណ្ណ​អាជីវកម្ម ប័ណ្ណ​ការងារ​សម្រាប់​ជន​បរទេស និង​សុពលភាព​នៃ​ការ​ស្នាក់​នៅ​របស់​ជន​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​មិន​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ម៉ត់​ចត់ ជា​ហេតុ​នាំ​ឲ្យ​មាន​ចំណុច​ចន្លោះ​ប្រហោង​ច្រើន។

ការ​គ្រប់​គ្រង​បច្ចេកវិទ្យា ប្រព័ន្ធ​អាំងទែណែត​កម្ពុជា​នៅ​មិន​ទាន់​រឹងមាំ ជា​ពិសេស​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​កាត​ទូរស័ព្ទ ដោយ​មនុស្ស​ម្នាក់​អាច​ទិញ​និង​ប្រើ​បាន​ច្រើន​ស៊ីមកាត ហើយ​អ្នក​ប្រើ​ប្រាស់​ខ្លះ​មិន​មាន​ការ​បញ្ជាក់​អត្តសញ្ញាណ​ច្បាស់​លាស់។ ជា​ទូទៅ​កម្ពុជា​តែង​មោទនភាព​ចំពោះ​ភ្ញៀវ​ទេសចរណ៍​បរទេស ជា​ពិសេស​ជន​ជាតិ​ចិន ដែល​មាន​កំណើន​កាន់​តែ​ច្រើន​ចូល​មក​ទស្សនា​កម្ពុជា។ តាម​រយៈ​ទេសចរ​នេះ ជន​ជាតិ​ចិន​មួយ​ចំនួន​បាន​ឆ្លៀត​ឱកាស​ប្រើ​ប្រាស់​ទី​តាំង​ប្រទេស​កម្ពុជា ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការ​ធ្វើ​សកម្មភាព​ជំរិត​ទារ​ប្រាក់ ជា​ពិសេស​ពី​អ្នក​មាន​ធន​ធាន អ្នក​មាន​បុណ្យ​សក្តិ​ជន​ជាតិ​ចិន​គ្នា​ឯង​នៅ​ប្រទេស​ចិន ដោយ​ការ​ទូ​ទាត់​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​ធនាគារ។

ទាំង​អស់​នេះ សមត្ថកិច្ច​កម្ពុជា​តែង​លើក​ឡើង​ថា យោង​តាម​ការ​ផ្តល់​តម្រុយ​មុខ​សញ្ញា​ប្រព្រឹត្ត​បទ​ល្មើស​ពី​សមត្ថកិច្ច​ចិន ទើប​កិច្ច​សហប្រតិបត្តិការ ឈាន​ដល់​ការ​ចាប់​ឃាត់​ជន​ម៉ាហ្វីយ៉ា​ចិន ដែល​ត្រូវ​បាន​បញ្ជូន​ជា​ញឹក​ញាប់ៗ​ត្រលប់​ទៅ​កាន់​ប្រទេស​ចិន​វិញ ដើម្បី​ទទួល​ការ​កាត់​ទោស។

ដូច្នេះ ថ្វី​ត្បិត​តែ​បញ្ហា​ក្រុម​សង្គម​ងងឹត​ចិន ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អាំងទែណែត ជា​រឿង​ដែល​ធ្វើ​ឡើង​សម្រាប់​ជន​ជាតិ​ចិន​គ្នា​ឯង​មែន​ពិត ក៏​ប៉ុន្តែ​រូប​ភាព​នេះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុវត្ថិភាព​អ្នក​វិនិយោគ​ចិន នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។ គេ​គួរ​តែ​ពង្រឹង​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ជន​បរទេស​នេះ ឲ្យ​បាន​ម៉ឺង​ម៉ាត់​បន្ថែម​ទៀត ដើម្បី​ចៀស​វាង​ការ​វាយ​តម្លៃ​ថា កម្ពុជា​ជា​ទី​តាំង​ដ៏​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​សកម្មភាព​របស់​ឧក្រិដ្ឋជន​ចិន​តាម​ប្រព័ន្ធ​អាំងទែណែត។

ដើម្បី​បំបាត់​បញ្ហា​នេះ អាជ្ញាធរ​ខ្មែរ គួរ​តែ​មាន​ការ​ពិនិត្យ​ពិច្ច័យ​ពី​វត្តមាន​ជន​បរទេស ដែល​ជា​មុខ​សញ្ញា​បង្ក​ការ​លំបាក​ដល់​សង្គម​ខ្មែរ ដូច​ជា​ករណី​ជន​ជាតិ​ចិន​ជំរិត​ទារ​ប្រាក់​អន​ឡាញ​នេះ​ជា​ដើម ដែល​ពួក​គេ​មាន​លទ្ធភាព​ប្រមូល​ផ្តុំ​គ្នា​ជា​ច្រើន​រយ​នាក់ ដោយ​អាជ្ញាធរ​ដែន​ដី​មិន​បាន​ដឹង​ជា​មុន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ