អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

​រោង​ចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​សំខាន់​សម្រាប់​កម្ពុជា​តែ​គំរាម​កំហែង​ដល់​បរិស្ថាន​

សំឡេង ០៥:១៨
រោងចក្រកំពុងបញ្ចេញផ្សែងពុល (រូបភាពតំណាង)
រោងចក្រកំពុងបញ្ចេញផ្សែងពុល (រូបភាពតំណាង) @Internet

តាម​រយៈ​​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ដ្រី​នា​ថ្ងៃ​ទី​០៧ខែ​​កុម្ភៈ រដ្ឋាភិបាល​​កម្ពុជា​បាន​អញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន​សាង​សង់​រោងចក្រ​អគ្គិសនី​ដើរ​​ដោយ​ធ្យូង​ថ្ម​ចំនួន​ពីរ​ទៀត នៅ​ខេត្ត​ឧត្ដរមាន​ជ័យ​និង​ខេត្ត​កោះកុង​។ សម្រាប់​រដ្ឋាភិបាល​កម្ពុជា រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម គឺ​ជា​ប្រភពថាមពល​ដ៏​សំខាន់​សម្រាប់អគ្គិសនី​​កម្ពុជា ទាំង​ក្នុង​ពេល​នេះ និង​ទៅ​ពេល​អនាគត​។ ប៉ុន្តែ​សម្រាប់​អ្នក​បរិស្ថាន​និយម​, ពួក​គេ​យល់​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ជំរុញ​ការ​វិនិយោគ​លើ​ថាមពល​កកើត​ឡើង​វិញ ជាជាង​បង្កើត​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម។ នោះ​ក៏​ព្រោះ​តែការ​ដុត​ធ្យូង​ថ្ម បញ្ចេញ​ឧស្ម័ន​កាបូនិច​ច្រើន ដែល​អាច​​គំរាម​កំហែង​ដល់​បរិស្ថាន​។ 

ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​តម្រូវ​ការ​ថាមពល​អគ្គិសនី​ចេះ​តែ​កើន​ឡើង​កាន់​តែ​ច្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រដ្ឋាភិបាល​កម្ពុជា​បាន​បន្ត​បង្កើន​លទ្ធភាព​ផលិត​ថាមពល​​ជា​បន្ត​បន្ទាប់ ក្នុង​គោលដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​កម្ពុជា មាន​ឯករាជ្យភាព​ខាង​ថាមពល ហើយ​ឈប់​ពឹង​ផ្អែក​លើ​ការ​នាំ​ចូល​ថាមពល​អគ្គិសនី​ពី​ប្រទេស​ក្បែរ​ខាង​ទៀត​។ ដើម្បី​សម្រេច​មហិច្ឆតា​នេះ រដ្ឋាភិបាល​បាន​បើក​ភ្លើង​ខៀវ​ឲ្យ​ក្រុមហ៊ុន​ឯកជន អភិវឌ្ឍ​គម្រោង​វារី​អគ្គិសនី និង​រោងចក្រ​ផលិត​ថាមពល​ជា​ច្រើន​កន្លែង​នៅ​ទូទាំង​ប្រទេស​។

ចុង​ក្រោយ​នេះ គម្រោង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​ចំនួន​ពីរ ត្រូវ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​សាងសង់ នៅ​ក្នុង​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​កោះកុង​។ គម្រោង​នៅ​ខេត្ត​ឧត្តរមានជ័យ ដែល​គ្រោង​ដាក់​ឲ្យ​ដំណើរការ​នៅ​ចុង​ឆ្នាំ​២០២១ បោះ​ទុន​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន​ឈ្មោះ Han Seng Coal Mines Co., Ltd។ ចំណែក​គម្រោង​នៅ​ខេត្ត​កោះកុង​វិញ គឺ​ជា​ការ​វិនិយោគ​របស់​ក្រុមហ៊ុន Royal Group របស់​លោក គិត ម៉េង​។ ពេល​សាងសង់​រួច​និង​ដាក់​ឲ្យ​ដំណើរ​ការ រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​ទាំង​ពីរ​កន្លែង​នេះ នឹង​អាច​ផ្ដល់​ថាមពល​អគ្គិសនី​បាន​ជិត​១​ពាន់​មេហ្គាវ៉ាត់​។

សម្រាប់​រដ្ឋាភិបាល​កម្ពុជា រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម គឺ​ជា​ប្រភពថាមពល​ដ៏​សំខាន់​សម្រាប់អគ្គិសនី​​កម្ពុជា ទាំង​ក្នុង​ពេល​នេះ និង​ទៅ​ពេល​អនាគត​​។ តាម​រយៈ​ការ​រួម​ចំណែក​របស់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម រដ្ឋាភិបាល​​សង្ឃឹម​ថា កម្ពុជា​នឹង​មាន​ឯករាជ្យភាព​ខាង​ថាមពល​អគ្គិសនី លែង​ចាំ​បាច់​នាំ​ចូល​អគ្គិសនី​ពី​ប្រទេស​ជិត​ខាង​​ ហើយ​នៅ​ទី​បំផុត នឹង​អាច​វិវត្ត​ខ្លួន​ទៅ​ជា​ប្រទេស​នាំ​ចេញ​ថាមពល​អគ្គិសនី​នៅ​ឆ្នាំ​២០៣០​ខាង​មុខ​។

​ប៉ុន្តែ​សម្រាប់​អ្នក​បរិស្ថាន​និយម​, ពួក​គេ​យល់​ឃើញ​ថា រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​ជំរុញ​ការ​វិនិយោគ​លើ​ថាមពល​កកើត​ឡើង​វិញ ជាជាង​បង្កើត​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម។ នោះ​ក៏​ព្រោះ​តែការ​ដុត​ធ្យូង​ថ្ម បញ្ចេញ​ឧស្ម័ន​កាបូនិក​ច្រើន ដែល​អាច​​គំរាម​កំហែង​ដល់​បរិស្ថាន​។ ទីភ្នាក់ងារ​ថាមពល​អន្ដរជាតិ រក​ឃើញ​ថា ធ្យូង​ថ្ម​បញ្ចេញ​ឧស្ម័ន​​​កាបូនិក​ដល់​ទៅ​៤០​ភាគរយ ច្រើន​ជាង​ប្រេង​ដែល​បញ្ចេញ​ឧស្ម័ន​កាបូនិក​ប្រមាណ​៣៩​ភាគរយ និង​ឧស្ម័ន​ហ្គាស ដែល​បញ្ចេញ​ឧស្ម័ន​កាបូនិក​ត្រឹម​តែ​១៩​ភាគរយ​ប៉ុណ្ណោះ​​។ ទីភ្នាក់ងារ​ដដែល​នេះ និង​អង្គការ​បរិស្ថាន​ឯ​ទៀតសង្កត់​ធ្ងន់​ថា ការ​កាត់​បន្ថយ​ការ​ដុត​ធ្យូង​ថ្ម គឺ​ជា​មធ្យោបាយ​ដ៏​សំខាន់​និង​ចម្បង ដើម្បីកាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​បរិស្ថាន ក៏​ដូច​ជា​ការ​ឡើង​កម្ដៅ​នៃ​ភពផែន​ដី​។

 

នៅ​ឆ្នាំ​២០១៩​កន្លង​ទៅ ប្រទេស​ជា​ច្រើន​នៅ​​អឺរ៉ុប បាន​នាំ​គ្នា​​​បិទ​រោងចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​មួយ​ចំនួន​ ហើយ​ងាក​ទៅ​ប្រើ​ប្រាស់​ឧស្ម័ន​ហ្គាស​និង​ថាមពល​កកើត​ឡើង​វិញ​​។ ជា​លទ្ធផល អត្រា​បំភាយ​ឧស្ម័ន​កាបូនិកទៅ​ក្នុង​បរិយាកាស​​នៅ​អ៊ីរ៉ុប ថយ​ចុះ​រហូត​ដល់​ទៅ​១២​ភាគរយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ២០១៨​។ នេះ​គឺជា​សមិទ្ធផល​វិជ្ជមាន​មួយ​សម្រាប់​បរិស្ថាន​និង​ភពផែនដី ដែល​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​។

នៅ​ក្នុងកិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០១៩​កន្លង​ទៅ​ថ្មី​​ៗ​នេះ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែស បាន​អំពាវនាវ​​ឲ្យ​​បញ្ឈប់​ការ​សាងសង់​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ធ្យូង​ថ្ម​ចាប់​ពី​ឆ្នាំ​២០២០​នេះ​ត​ទៅ ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ការ​ឡើង​កម្ដៅ​នៃ​ភពផែនដី ព្រម​ទាំង​គ្រោះ​មហន្តរាយ​ធម្មជាតិ​ដែល​ចេះ​តែ​កើត​ឡើង​កាន់​តែ​ញឹកញាប់​និងមាន​លក្ខណៈ​កាន់​តែ​កាច​​សាហាវ​ខ្លាំង​​។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ជា​ពិសេស​ដល់​​​​ប្រទេស​នៅ​តំបន់​អាស៊ី​តែ​ម្ដង ព្រោះ​ប្រទេស​នៅ​អាស៊ី យល់​ថា ធ្យូង​ថ្ម​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដោយ​សារ​តែ​វាសំបូរ និង​មាន​តម្លៃ​ថោក​។ គ្រាន់​តែ​​​ប្រទេស​ចិន​តែ​ឯង ​ប្រើ​ប្រាស់​ធ្យូង​ថ្មអស់​ច្រើន​ជាង​ប្រទេស​ទាំង​អស់​លើ​លោក​​ទៅ​ទៀត​។ នៅ​ឥណ្ឌា​វិញ និន្នាការ​ប្រើ​ប្រាស់​ធ្យូង​ថ្ម ត្រូវ​គេ​ព្យាករណ៍​ថា នឹង​កើន​ឡើង​ផង​ដែរ ចាប់​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​២០២៤​។

ងាក​មក​កម្ពុជា​វិញ។ ក្នុង​នាម​ជា​ប្រទេស​តូច អ្នក​ខ្លះ​យល់​ឃើញ​ថា កម្ពុជា​គ្មាន​ភាព​ចាំ​បាច់​អ្វី​ទៅ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ធ្យូង​ថ្ម​ឡើយ​។ និង​ថា បើ​កម្ពុជា​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ធ្យូង​ថ្ម​មែន​នោះ វា​ក៏​មិន​អាច​រួម​ចំណែក​អ្វី​ធំ​ដុំ​ដល់​វិស័យ​បរិស្ថាន​ដែរ​។

ជា​ការ​ពិត​ហើយ​ថា ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ធ្យូង​ថ្ម​ពី​កម្ពុជា អាច​ជា​ការ​រួម​ចំណែក​ដ៏​តិច​តួច​។ ប៉ុន្តែ​ក្នុង​នាម​កម្ពុជា​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀងទីក្រុង​ប៉ារីស​ស្ដី​ពី​ការ​ប្រែប្រួល​​អាកាសធាតុ ការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ធ្យូង​ថ្ម​ជា​ការ​ចាំ​បាច់​ដើម្បី​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែ​ប្រួល​អាកាសធាតុ​​។ សូម​កុំ​ភ្លេច​ថា ការ​ប្រែប្រួល​អាកាសធាតុ​​​និង​ការ​ឡើង​កម្ដៅនៃ​ភពផែនដី គឺ​ជា​បញ្ហា​របស់​ប្រទេស​ទាំង​អស់​នៅ​ទូទាំង​ពិភពលោក រួម​ទាំង​កម្ពុជា​ដែរ ហើយ​វា​មិន​មែន​ជា​បញ្ហា​ផ្ដាច់​មុខ​តែ​ឯង​របស់​ប្រទេស​ធំ​ៗ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ