អានតួអត្ថបទ
កម្ពុជា

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ម្នាក់សុំ​ចុះចូល​ជាមួយ​បក្សប្រជាជន ក្រោយ​ការ​បើក​ផ្លូវ​ពី​លោក ហ៊ុន សែន

តំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង កូតា​គណបក្ស​សង្គ្រោះ​ជាតិ លោក ឡុង ប៊ុន្នី នៅ​ក្នុង​វេទិកា​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​កន្លង​មក។
តំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង កូតា​គណបក្ស​សង្គ្រោះ​ជាតិ លោក ឡុង ប៊ុន្នី នៅ​ក្នុង​វេទិកា​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​កន្លង​មក។ CNRP

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយតំណាងកម្មករ​និយោជិត​ជាង​៤​ពាន់​នាក់ នៅ​សាល​មហោស្រព​កោះ​ពេជ្រ លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​បង្ហាញ​ពី​ជំនឿ​ថា ៩៩​ភាគរយ គណបក្ស​សង្គ្រោះជាតិ​នឹង​ត្រូវ​រំលាយ​​។ ក្នុង​ឱកាស​នោះ ប្រមុខ​បក្ស​កាន់​អំណាច​បាន​ប្រកាស​ស្វាគមន៍​ចំពោះ​ការ​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច ពី​សំណាក់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​។ ភ្លាម​ៗ​ក្រោយ​ការ​ប្រកាស​នេះ តំណាង​រាស្ត្រ​ម្នាក់​របស់​គណបក្ស​ប្រឆាំង គឺ​លោក ឡុង ប៊ុន្នី បាន​សរសេរ​លិខិត​មួយ​ផ្ញើ​ជូន​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ដើម្បី​សុំ​ចុះ​ចូល​ជាមួ​គណបក្ស​ប្រជាជន​។ នេះ​បើ​តាម​លិខិត​របស់​លោក ឡុង ប៊ុន្នី ចុះផ្សាយ​លើ​គេហទំព័រ Fresh News នៅ​ថ្ងៃ​អាទិត្យ​នេះ​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ មន្ដ្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង លោក ម៉ៅ មុនីវណ្ណ មិន​ទាន់​អាច​បញ្ជាក់​ពី​ភាព​ច្បាស់​លាស់​នៃ​លិខិត​នេះនៅ​ឡើយ​​ទេ​។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​លិខិតចុះ​ថ្ងៃ​ទី​២២​តុលា​នេះ លោក ឡុង ប៊ុន្នី បាន​លើក​ឡើង​ថា សំណើ​សុំ​ចុះ​ចូល​រួម​រស់​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បាន​ដឹង​ថា លោក កឹម សុខា ជា​ជន​ក្បត់​ជាតិ​។ តាម​រយៈ​សំណើ​នេះ លោក ឡុង ប៊ុន្នី បាន​ស្នើ​ឲ្យ​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ពិនិត្យ​និង​សម្រេច​។

សូម​ជម្រាប​ជូន​ថា សំណើ​សុំ​ចុះ​ចូល​គណបក្ស​កាន់​អំណាច ពី​តំណាង​រាស្ត្រ​បក្ស​ប្រឆាំងមណ្ឌល​ព្រៃវែង​​រូប​នេះ ធ្វើ​ឡើង​ជួន​ចំ​ពេល​ដែល​គណបក្ស​ប្រឆាំង​កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​រំលាយ​ចោល​។

លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បាន​បង្ហាញ​ពី​ជំនឿ​ថា គណបក្ស​សង្គ្រោះ​ជាតិ ៩៩​ភាគ​រយ នឹង​ត្រូវ​រំលាយ​ចោល​ ហើយ​សហគមន៍​អន្ដរជាតិ​មិន​អាច​ដាក់​សម្ពាធ​ក្នុង​រឿង​នេះ​បាន​ឡើយ​។ ថ្លែង​ចំពោះ​មុខ​កម្មករ​និយោជិត​ជាង​៤​ពាន់​នាក់ នៅ​សាល​មហោស្រព​កោះពេជ្រ ប្រមុខ​បក្ស​កាន់​អំណាច​ក៏​បាន​បើក​ភ្លើង​ខៀវ​ដល់​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ តាំង​ពី​មេឃុំ​ចៅ​សង្កាត់ រហូត​ដល់​តំណាង​រាស្ត្រ ឲ្យ​ចូល​រួម​រស់​ជាមួយ​គណបក្ស​ប្រជាជន​ផង​ដែរ​។ បើ​តាម​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ប្រសិន​បើ​សមាជិក​បក្ស​ប្រឆាំង​ចុះ​ចូល នោះពួក​គេ​នឹង​នៅ​តែ​អាច​រក្សា​តំណែង​របស់​ខ្លួន​ដដែល​។

ជា​ការ​កត់​សម្គាល់ ប៉ុន្មាន​ម៉ោង​​ក្រោយ​ការ​ប្រកាស​របស់​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន ដូច្នេះ លិខិត​សុំ​ចុះ​ចូល​របស់​ លោក ឡុង ប៊ុន្នី បាន​ធ្លាក់​មក​ភ្លាម​។ ជា​ការ​ឆ្លើយ​តប តាម​រយៈ​សារព័ត៌មាន Fresh News លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​សម្ដែង​ការ​ស្វាគមន៍ និង​អំពាវនាវ​ឲ្យ​មាន​ការ​ចុះចូល​បន្ត​ទៀត​។

ជុំ​វិញ​ប្រធាន​រឿង​នេះ មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ បាន​បដិសេធ​មិន​ផ្ដល់​ការ​អត្ថាធិប្បាយ​ណា​មួយ​ទេ​។ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​រូប​នេះ មិន​ទាន់​ជឿ​ថា លិខិត​សុំ​ចុះ​ចូល​បក្ស​កាន់​អំណាច​របស់​លោក ឡុង ប៊ុន្នី ដែល​ចុះ​ផ្សាយ​លើ​សារព័ត៌មាន​ស្និទ្ធ​នឹង​រដ្ឋាភិបាល Fresh News ជា​លិខិត​ពិត​ឬ​ក៏​យ៉ាង​ណា​នៅ​ឡើយ ដោយ​សារ​តែ​រហូត​មក​ទល់​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​បាន​ទទួល​​លិខិត​លាលែង​ពី​តំណែង​របស់​លោក ឡុង ប៊ុន្នី នៅ​ឡើយ​។ បើ​តាម​លោក ម៉ៅ មុនីវណ្ណ សមាជិក​បក្ស​មួយ​អាច​ទៅ​រួម​រស់​ជាមួយ​គណបក្ស​ថ្មី​បាន ល្គឹក​ណា​សមាជិក​នោះ លា​ឈប់​ពី​គណបក្ស​ចាស់​ជា​មុន​សិន​។

វិទ្យុ​បារាំង​អន្ដរជាតិ​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក ឡុង ប៊ុន្នី នៅ​ឡើយ​ទេ គិត​ត្រឹម​ពេល​នេះ ដោយ​សារ​ទូរសព្ទ​លោក​ទាំង​ពីរ​ខ្សែ​មិន​អាច​ទាក់ទង​បាន​។ គួរ​រំឭកជូន​ដែរ​ថា ចាប់​តាំង​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ប្រឈម​មុខ​នឹង​បណ្ដឹង​រំលាយ​គណបក្ស​មក លោក ឡុង ប៊ុន្នី ជា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទី​១​ហើយ ដែលសុំ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​ ខណៈ​តំណាង​រាស្ត្រ​គណបក្ស​នេះ​មួយ​ចំនួន​ទៀត លាលែង​ចេញ​ពី​តំណែង​ដោយ​សារ​ជាប់​ទោស មួយ​ចំនួន​ជាប់​បំពេញ​បេសកកម្ម​នៅ​ក្រៅ​ប្រទេស និង​ខ្លះ​ទៀត​ត្រូវ​បង្ខំ​ចិត្ត​ភៀស​ខ្លួន​ទៅ​រស់​នៅ​ឯ​បរទេស​។ ចំណែក​ប្រធាន​គណបក្ស លោក កឹម សុខា ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ក្បត់​ជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ