អានតួអត្ថបទ
កម្ពុជា-នយោបាយ

សាលា​ក្រុងភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​បក្ស​ប្រឆាំងប្រមូល​ផ្តុំ​នៅ​ថ្ងៃឃោសនា​បោះ​ឆ្នោត​ចុងក្រោយ

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត
លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត

គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ដឹក​នឹង​សំញ៉ែង​ក្បួន​ដង្ហែមនុស្ស​រាប់​ម៉ឺន​នាក់​នៅ​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត​ចុង​ក្រោយ​ទី​០២ មិថុនា​ខាង​មុខ​ មុន​នឹង​ការ​បោះ​ឆ្នោត​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​០៤ មិថុនា។ ប៉ុន្តែ​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​ឱ្យ​បក្ស​ប្រឆាំង​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រជាធិបតេយ្យ​ចាស់​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ គណបក្ស​ប្រឆាំង​នៅ​តែ​បន្ត​ផែនការ​របស់​ខ្លួន​ដដែល។

ផ្សាយពាណិជ្ជកម្ម

 

សាលា​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ឧសភា​នេះ មិន​អនុញ្ញាត​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​កឹម សុខា ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចាស់​នោះទេ។ នេះ​គឺ​ជា​លទ្ធផល​នៃ​កិច្ច​ប្រជុំ​រវាង​គណបក្ស​សង្គ្រោះ​ជាតិ គណៈកម្មការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ក្រុង។ ប៉ុន្តែ​លោក ម៉ន ផល្លា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​អះអាង​ថា ​គណបក្ស​ប្រឆាំង​របស់​លោក ​នៅ​តែ​បន្ត​ជួប​ជុំ​អ្នក​គាំទ្រ​១០​ម៉ឺន​នាក់​តាម​គម្រោង។ សាលា​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ពី​មូលហេតុ​សន្តិសុខ​ដែល​អាជ្ញាធរ​ត្រូវ​ការពារ​នៅ​ពេល​ដែល​ក្បួន​នៃ​គណបក្ស​ទាំង​ពីរ​ហែ​ឆ្លងកាត់​គ្នា។

សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ ហេតុផល​របស់​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ជួប​ជុំ​នេះ​មិន​អាច​ទទួល​យក​បាន​ទេ។ សូម​បញ្ជាក់​ថា គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​រៀប​ចំ​កម្លាំង​១០​ម៉ឺន​នាក់​សម្រាប់​ជួប​ជុំ​ប្រគុំ​តន្ត្រី​ពេញ​មួយ​ព្រឹក​ថ្ងៃ​ទី​០២ មិថុនា រួច​ទើប​ដង្ហែ​ក្បួន​ធំ​នៅ​ពេល​រសៀល។

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​ការ​ឃោសនា លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នឹង​ដឹក​នាំ​ក្បួន​ឃោសនា​បោះ​ឆ្នោត​មនុស្ស​១៥​ម៉ឺន​នាក់ ហែ​កាត់​ទីក្រុង​ភ្នំពេញ​ដើម្បី​អូស​ទាញ​សំឡេង​ឆ្នោត​ជា​លើក​ចុង​ក្រោយ។ គណបក្ស​ប្រជាជន​កម្ពុជា នឹង​បើក​កម្ម​វេទិកា​នៅ​ផ្លូវ​មរតក​តេ​ជោ​ក្នុង​ខណ្ឌមានជ័យ ហើយ​ក្បួន​នឹង​ធ្វើ​ដំណើរ​រហូត​ដល់​វង្វង់​មូល​ចោមចៅ។ ក្បួន​ធំ​របស់​គណបក្ស​កាន់​អំណាច​គ្រោង​នឹង​ប្រើ​ប្រាស់​រថយន្ត​១​ពាន់​៥​រយ​គ្រឿង និង​ម៉ូតូ ចំនួន​២​ម៉ឺន​៥​ពាន់​គ្រឿង។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​អំពាវនាវ​ឱ្យ​គណបក្ស​ទាំងពីរ​ប្រកាន់​វប្បធម៌​អហិង្សា និង​គោរព​ច្បាប់ នៅ​ពេល​ដង្ហែ​ក្បួន។ សូម​បញ្ជាក់​ថា ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៤​នេះ មាន​គណបក្ស​ចំនួន​១២ បាន​ចូល​រួម។ រហូត​មក​ដល់​ថ្ងៃ​ទី​៣១ ឧសភា​នេះ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ទទួល​បាន​បណ្តឹង​ចំនួន​៥៦ ប៉ុន្តែ​ភាគ​ច្រើន​ត្រូវបាន​ដោះ​ស្រាយ​សឹង​តែ​ទាំង​អស់​នៅ​ថ្នាក់​មូលដ្ឋាន។

យ៉ាង​ណា​ក៏​ដោយ ក្នុង​យុទ្ធនាការ​ឃោសនា បោះឆ្នោត​នេះ មាន​បណ្តឹង​យ៉ាង​ហោច​ចំនួន​៣​ដែល​បាន​ប្តឹង​បេក្ខជន​ឃុំ ប្រធាន​បក្ស​ខេត្ត និង​សកម្មជន​របស់​បក្ស​ប្រឆាំង​ត្រូវ​បាន​ប្តឹង​ទៅ​កាន់​តុលាការ។ បើ​ទោះ​បី​ជា​បែប​ណា គ.ជ.ប បាន​អះអាង​ថា​ការ​ឃោសនា​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​វិជ្ជមាន​នៅ​ឡើយ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ