អានតួអត្ថបទ
កម្ពុជា-បោះឆ្នោត

បក្ស​ប្រឆាំង​លើក​សំណើ​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត ដើម្បី​​ឲ្យ​ពលករ​ក្រៅ​ប្រទេស​បោះ​ឆ្នោត​បាន

ពលរដ្ឋចេញទៅបោះឆ្នោតដោយរីករាយ
ពលរដ្ឋចេញទៅបោះឆ្នោតដោយរីករាយ RFI

គណបក្ស​ប្រឆាំង​កំពុង​ព្រាង​សំណើ​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត ហើយ​ពិនិត្យ និង​ពិភាក្សា​សេចក្តី​ព្រាង​នេះ​នៅ​ថ្ងៃ​ចន្ទ។ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​។ ការ​រៀប​ចំ​សំណើ​វិសោធនកម្ម​ច្បាប់​នេះ ធ្វើ​ឡើង ដើម្បី​ឲ្យ​ពលករ ឬ​ពលរដ្ឋ​ខ្មែរ ដែល​កំពុង ធ្វើ​ការ និង​រស់​នៅ ក្រៅ​ប្រទេស​អាច​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​តាំងតំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ។

ផ្សាយពាណិជ្ជកម្ម

លោក​សុន ឆ័យ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្រ្គោះ​ជាតិ​បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃទី​០៤ ខែ​សីហា​នេះ​ថា គណៈកម្មការ​ពិនិត្យ​ពង្រាង​របស់​គណបក្ស​ប្រឆាំង​នឹង​ពិនិត្យ​ពង្រាង​សំណើ​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត​នៅ​ថ្ងៃ​ចន្ទទី​៧ ខែ​សីហា​ខាង​មុខ ហើយ​បើ​មិន​មាន​ការ​កែ​ប្រែ​ច្រើន​ទេ នោះ​គណបក្ស​នឹង​ដាក់​សំណើ​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត​ទៅ​រដ្ឋ​សភា​នៅ​សប្តាហ៍​ក្រោយ​។

ថ្មីៗ​នេះ អង្គការ​ក្រៅ​រដ្ឋាភិ​បាល សង្គម​ស៊ីវិល និង​គណបក្ស​ប្រឆាំង​ផង ធ្លាប់​ស្នើ​ឲ្យ​ស្ថាប័ន​រៀប​ចំការ​បោះឆ្នោត​កម្ពុជា សម្រួល​យ៉ាង​ណា​ឲ្យ​ពលករ​ចំណាក​ស្រុក ដែល​កំពុង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​អាច​ចុះ​ឈ្មោះ​បោះឆ្នោត និង​បោះ​ឆ្នោត​បាន​តាម​រយៈ​ស្ថាន​ទូត ឬ​ស្ថានអគ្គកុងស៊ុល​របស់​កម្ពុជា​នៅ​តាម​បណ្តា​ប្រទេស​ទាំង​នោះ​។ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន គ.ជ.ប ទាត់​ចោល។

គម្រោង​ស្នើ​ធ្វើ​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​(គ.ជ.ប) ធ្លាប់​បាន​បញ្ជាក់​ជា​ច្រើន​ដង​ហើយ ថា​ខ្លឹម​សារ​ច្បាប់​បោះ​ឆ្នោត​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​រៀប​ចំការិយា​ល័យ​ចុះ​ឈ្មោះ ឬ​បោះ​ឆ្នោត​នៅ​ក្រៅ​ប្រទេស​នោះ​ទេ​។

លោក​សុន ឆ័យ បាន​បញ្ជាក់​ថា​ក្នុង​សេច​ក្តី​ព្រាង​នៃ​សំណើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត គឺ​គណបក្ស​សង្រ្គោះ​ជាតិ​បាន​ដាក់​បន្ថែម​ជំពូក​ថ្មី​មួយ​ទៀត ដែល​ផ្តោត​លើ​ការ​រៀប​ចំ​ការ​ចុះ​ឈ្មោះ និង​បោះ​ឆ្នោត សម្រាប់​ពលរដ្ឋខ្មែរ​នៅ​ក្រៅ​ប្រទេស​។

លោក​បញ្ជាក់​ថា​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​តួនាទី​នេះ គណបក្ស​នឹង​ស្នើ​សុំឲ្យ​មាន​ការ​កែ​ប្រែ​ច្បាប់ តាម​អ្វី​ដែល​អាច​ធ្វើ​បាន​។ ប៉ុន្តែ​លោក​ថា​ទាល់​តែ​គណបក្ស​ទាំង​ពីរ​ចូល​រួម​គ្នា​ទើប​សម្រេច​ជា​លទ្ធផល​បាន​។​

លោក​ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ.ជ.ប បាន​ឲ្យ​ដឹង​ថា ស្ថាប័ន​នេះ​មិន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ណា​ទេ​ ដល់​សកម្ម​ភាព​របស់​គណបក្ស​នយោបាយ​ណា​មួយ ប៉ុន្តែ​ គ.ជ.ប នឹង​អនុវត្ត​ច្បាប់ ដែល​សភា​បាន​អនុម័ត​។

សូម​បញ្ជាក់​ថា​បើ​តាម​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ បច្ចុប្បន្ន​កម្ពុជា​មាន​ពលករ​ប្រមាណ​ជាង​១​លាន​នាក់ កំពុង​ធ្វើការ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន ដូច​ជា​ប្រទេស​ថៃ កូរ៉េ ម៉ាឡេស៊ី ជប៉ុន និង​សិង្ហ​បុរី​ជា​ដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ