អានតួអត្ថបទ
កម្ពុជា-នយោបាយ

សង្គ្រោះ​ជាតិ៖ ការ​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​ត្រូវ​រង​ចាំ​ការ​ទទួល​ស្គាល់

គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀប​ចំ​សមាជ​វិសាមញ្ញ​របស់​ខ្លួន​ជា​លើក​ទី ២​នៅ​ទី​ស្នាក់​ការ​កណ្តាល​គណបក្ស​នៅ​ថ្ងៃទី ២៥ មេសា។
គណបក្ស​សង្គ្រោះ​ជាតិ បាន​រៀប​ចំ​សមាជ​វិសាមញ្ញ​របស់​ខ្លួន​ជា​លើក​ទី ២​នៅ​ទី​ស្នាក់​ការ​កណ្តាល​គណបក្ស​នៅ​ថ្ងៃទី ២៥ មេសា។ @Kem Sokha fb

គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី ២៥ មេសា នេះ បាន​រៀប​ចំ​សមាជ​វិសាមញ្ញ​របស់​ខ្លួន​ជា​លើក​ទី​ ២​នៅ​ទី​ស្នាក់​ការ​កណ្តាល​គណបក្ស​ដែល​មាន​សមាជិក​ចូល​រួម​ប្រមាណ ១​ពាន់​នាក់។ គណបក្ស​ប្រឆាំង​សម្រេច​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង​ប្រការ ៤៧​ថ្មី​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​ជ្រើស​រើស​អនុប្រធាន​គណបក្ស។ គណបក្ស​ប្រឆាំង​នៅ​មិន​ទាន់​រើស​ក្បាល​ម៉ាស៊ីន​នោះ​ទេ ដោយ​ត្រូវ​រង​ចាំ​ការ​ទទួល​ស្គាល់​ពី​ក្រសួង​មហាផ្ទៃ។

ផ្សាយពាណិជ្ជកម្ម

គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ផ្ញើ​លទ្ធផល​នៃ​សមាជ​របស់​ខ្លួន​ទៅ​កាន់​ក្រសួង​មហាផ្ទៃ​នៅ​ល្ងាច​នេះ ដើម្បី​ឱ្យ​មាន​ការ​ទទួល​ស្គាល់​ចំពោះ​លក្ខន្តិកៈ​ថ្មី​របស់​ខ្លួន។ ទន្ទឹម​នឹង​នេះ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​បាន​អះអាង​ថា ពេល​ឯកសារ​មក​ដល់​គឺ​ក្រសួង​មិន​ចំណាយ​ពេល​យូរ​ទេ​ដើម្បី​ទទួល​ស្គាល់​នោះ។

ការ​មិន​ទាន់​បញ្ជាក់​ពី​ពេល​វេលា​ច្បាស់​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​បំណង​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​អនុប្រធាន​គណបក្ស​ចំនួន ៣​នាក់​បន្ថែម​ទៀត​ត្រូវ​ជាប់​គាំង។ លោក​អេង ឆៃអ៊ាង មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​អះអាង​ថា ដោយ​សារ​តែ​ជា​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​គណបក្ស បក្ស​ប្រឆាំង​ធំ​ជាង​គេ​មួយ​នេះ អាច​ជ្រើស​រើស​អនុប្រធាន​របស់​ខ្លួន​បាន​ភ្លាម​តាម​រយៈ​គណកម្មាធិការ​នាយក​គណបក្ស​ដែល​ជា​អ្នក​ផ្តល់​សេចក្តី​ទុក​ចិត្ត​ក្នុង​ការ​ជ្រើស​រើស​អនុប្រធាន។ អនុប្រធាន​ថ្មី​ដែល​បក្ស​មាន​បំណង​ជ្រើស​រើស គឺ​លោក អេង ឆៃអ៊ាង លោក​ស្រីមូ សុខហួរ និង​លោក​ប៉ុល ហំម​ដែល​បក្ស​បាន​ជ្រើស​រើស​កាល​ពី​ថ្ងៃ​ទី ២ មីនា​ម្តង​ហើយ ប៉ុន្តែ​ត្រូវ​លុប​ទៅ​វិញ​ដោយ​សារ​តែ​ខុស​លក្ខន្តិកៈ​ដែល​បាន​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ។

មន្ត្រី​ជាន់​ខ្ពស់​របស់​បក្ស​ប្រឆាំង នៅ​តែ​អះអាង​ថា គណបក្ស​គ្មាន​ការ​ផ្លាស់​ប្តូរ​សមាសភាព​នោះ​ទេ​ ប្រសិន​បើ​យោង​តាម​សេចក្តី​សម្រេច​របស់​គណៈកម្មាធិការ​នាយក។ លោក​ថា បេក្ខភាព​ទាំង​បី​រូប​នេះ​ គឺ​សឹង​ទទួល​បាន​សំឡេង​គាំទ្រ​សឹង ១០០%។

គណបក្ស​សង្គ្រោះ​ជាតិ​ និង​ក្រសួង​មហាផ្ទៃ បាន​កើន​ភាព​តានតឹង​ជាមួយ​គ្នា​យ៉ាង​ខ្លាំង​លើ​បញ្ហា​លក្ខន្តិកៈ​នេះ។ ម្ខាង​ថា ជា​កិច្ច​ការងារ​ផ្ទៃ​ក្នុង​បក្ស និង​ម្ខាង​ថា ជា​កិច្ច​ការងារ​ដែល​ត្រូវ​ធ្វើ​ទៅ​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​ខ្លួន ដើម្បី​ការ​ទទួល​ស្គាល់ និង​ពេញ​លក្ខណៈ។

សូម​បញ្ជាក់​ថា ប្រការ ៤៧ ថ្មី នៃ​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដាក់​ឱ្យ​ទទួល​ស្គាល់​បាន​ចែង​ថា ៖ «ករណី​ប្រធាន​គណបក្ស​ទទួល​មរណភាព លា​ឈប់ បាត់​បង់​សមាជិក​ភាព ​ឬ​បាត់​បង់​សមត្ថភាព​ដឹក​នាំ​គណបក្ស​ដែល​បញ្ជាក់​ដោយ គណៈកម្មាធិការ​នាយក បើ៖ អាណត្តិ​នៅ​តិច​ជាង​ ១៨​ខែ អនុប្រធាន​គណបក្ស​មួយ​រូប ដែល​មាន​អាយុ​ច្រើន​ជាង​គេ ត្រូវ​ទទួល​នាទី​ជា​ប្រធាន​គណបក្ស ហើយ​បើ​គ្មាន​អនុប្រធាន គណបក្ស​គណៈកម្មាធិការ​នាយក ត្រូវ​ជ្រើស​រើស​អនុប្រធាន​គណបក្ស​ថ្មី យ៉ាង​តិច​មួយ​រូប ក្នុង​រយៈពេល ៣០​ថ្ងៃ​យ៉ាង​យូរ​ពី​ក្នុង​ចំណោម​សមាជិក របស់​ខ្លួន ដោយ​សំឡេង​ភាគ​ច្រើន​ដាច់​ខាត ៥០%+១ នៃ​សមាជិក​គណៈកម្មាធិការ​នាយក​ទាំង​មូល ដើម្បី​ជួយ​ដល់​ការងារ​ប្រធាន​គណបក្ស រហូត​ដល់​ចប់​អាណត្តិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ