អានតួអត្ថបទ
កម្ពុជា-នយោបាយ

យុវជន​ខ្មែរ​មួយ​ក្រុម​នៅ​កូរ៉េ​ខាង​ត្បូង​ធ្វើ​បាតុ​កម្ម​ មុន​ពេល​លោក ​ហ៊ុន ​សែន​ ទៅ​ដល់​

ទិដ្ឋភាពការធ្វើបាតុកម្មរបស់​យុវជន​ខ្មែរ​នៅ​កូរ៉េ​ថ្ងៃទី២-២-២០២០
ទិដ្ឋភាពការធ្វើបាតុកម្មរបស់​យុវជន​ខ្មែរ​នៅ​កូរ៉េ​ថ្ងៃទី២-២-២០២០ @សហការី

ពលករ​ខ្មែរ​មួយ​ក្រុម​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ​នេះ​ នៅ​មុន​ដំណើរ​ទៅ​ដល់​របស់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃ​ទី​៣​កុម្ភៈ​ស្អែក​។ គោល​បំណង​នៃ​ការ​ធ្វើ​បាតុកម្ម​របស់​ពលករ​ខ្មែរ​នៅ​ទី​នោះ​គឺ​ដូច​ការ​ធ្វើ​បាតុកម្ម​កន្លងមក​ដែរ​ ដើម្បី​ទាម​ទារ​ឲ្យ​ទម្លាក់​បទ​ចោទ​លើ ​លោក​ កឹម សុខា ហើយ​ប្រគល់​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​ធ្វើ​នយោបាយ​ដល់​គ្រប់​ពលរដ្ឋ​និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ស្រប​តាម​កិច្ច​ព្រម​ព្រៀង​ក្រុង​ប៉ារីស​។​

ផ្សាយពាណិជ្ជកម្ម

ការ​ធ្វើ​បាតុ​កម្ម​របស់​យុវជនខ្មែរ​នៅ​កូរ៉េ​ខាង​ត្បូង​នេះ​ គឺ​បាតុករ​សុទ្ធតែ​ពាក់​ម៉ាស់ ព្រោះ​ខ្លាច​ឆ្លង​មេរោគ​កូរ៉ូណា មុន​ពេល​ពួកគេ​ហែ​ញត្តិ​ទៅ​ដាក់​នៅស្ថាន​ទូត​​ខ្មែរ​ប្រចាំ​កូរ៉េ។​ ពួកគេ​បាន​នាំ​គ្នា​លើក​បដា​ជា​ច្រើន​ផ្ទាំង ដោយ​ទាម​ទារ​ឲ្យ​ទម្លាក់​បទ​ចោទ​លើ លោក កឹម សុខា លុប​ចោល​គម្រោង​ការ​ប្រគល់​ដី​៤០​ហិកតា​ឲ្យ​ប្រជាជន​វៀត​ណាម​រស់​នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង និង​ជំរុញឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​ការ​ស្នើ​របស់​សហភាព​អឺរ៉ុប​ទាក់​ទង​រឿង​EBA​។​ បញ្ហាEBA ដែល​សហភាព​អឺរ៉ុប​នឹង​ចេញ​សម្រេច​ចិត្ត​ចុង​ក្រោយ​នៅ​ពាក់​កណ្តាល​ខែ​កុម្ភៈ​នេះ​។

យ៉ាងណា​ក៏ដោយ ក្រុម​បាតុករ​នេះ បាន​ខក​ចិត្ត​ម្តង​ហើយ​កាល​ពី​ចុង​ខែ​វិច្ឆិកា​ឆ្នាំ២០១៩ ​ខណៈ​​លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​លុប​ចោល​ផែន​ការ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-កូរ៉េ ​ដោយសារ​តែ​ម្តាយ​ក្មេក​ឈឺ​ធ្ងន់​។

សម្រាប់​ដំណើរ​ទស្សនៈ​កិច្ច​របស់​លោក ហ៊ុន សែន ​ទៅ​កាន់​កូរ៉េ​ខាងត្បូង​លើក​នេះ ដើម្បី​ចូល​រួម​ប្រជុំកំពូល​ពិភព​លោក​ឆ្នាំ ២០២០ នៃ​អង្គការ​សហព័ន្ធ​សន្តិភាព​សកល ស្តីពី​សន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស នៅ​ប្រទេស​កូរ៉េខាង​ត្បូង ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ខែកុម្ភៈ។

ប៉ុន្តែ​ក្រុម​យុវជនគាំទ្រ​គណបក្ស​ប្រឆាំង​នៅកូរ៉េ​ខាង​ត្បូង​មួយ​ក្រុម​ទៀត​មិន​អាចរៀប​ចំបាតុកម្ម​ដោយ​​រលូនទេ ដោយ​សារពួកគេ​ទទួលបានដំណឹងនេះយឺតពេក។ តែក្រុម​នេះ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅកូរ៉េ​ខាង​ត្បូង​ចូល​រួម​បាតុកម្ម​​ក្នុង​រូបភាព​ផ្សេងៗ។ នេះបើតាម​សេចក្តី​ថ្លែង​ការណ៍​របស់​ចលនា​ប្រជាធិបតេយ្យ​សង្គ្រោះជាតិ។

សម្រាប់​មន្ត្រីរដ្ឋាភិបាល​កម្ពុជាតែងតែអះអាងថា ការធ្វើ​បាតុកម្ម​របស់​ក្រុម​យុវជនគាំទ្របក្សប្រឆាំងនៅក្រៅប្រទេស​​គឺជាសិទ្ធិ​របស់​ពួកគេ តែថា​វាគ្មាន​ឥទ្ធិពលអ្វី​មក​លើ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាលឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ