អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បោះ​ឆ្នោត​ជ្រើស​រើស​អនុប្រធាន​នៅ​ថ្ងៃ​ទី ១៧ ឧសភា

គណបក្ស​​សង្គ្រោះ​​ជាតិ​​នឹង​​បោះ​​ឆ្នោត​​ជ្រើស​​រើស​​អនុប្រធាន​​នៅ​​ថ្ងៃ​​ទី ១៧ ឧសភា
គណបក្ស​​សង្គ្រោះ​​ជាតិ​​នឹង​​បោះ​​ឆ្នោត​​ជ្រើស​​រើស​​អនុប្រធាន​​នៅ​​ថ្ងៃ​​ទី ១៧ ឧសភា @Kem Sokha fb

គណបក្ស​សង្គ្រោះ​ជាតិ បាន​ឱ្យ​ដឹង​ថា​គណៈកម្មាធិការ​នាយក​គណបក្ស​នឹង​ជួប​ប្រជុំ​គ្នា​ដើម្បី​បោះ​ឆ្នោត​ជ្រើស​រើស​អនុប្រធាន​គណបក្ស​ទាំង​បី​នៅ​ថ្ងៃ​ទី ១៧ ខែ​ឧសភា​សប្តាហ៍​ក្រោយ ខណៈ​ដែល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់។ បើ​តាម​ការ​បញ្ជាក់​បេក្ខភាព​អនុប្រធាន​ទាំង​បី​គឺ​គ្មាន​ការ​ផ្លាស់​ប្តូរ​នោះ​ទេ។

ផ្សាយពាណិជ្ជកម្ម

រហូត​ដល់​ថ្ងៃ​ទី ១៧ ឧសភា​សប្តាហ៍​ក្រោយ​ទើប​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​កឹម សុខា មាន​អនុប្រធាន​ពេញ​លក្ខណៈ​ជា​គណបក្ស​នយោបាយ​មួយ។ លោក​ស្រី​មូរ សុខ​ហួរ ប្រធាន​កិច្ចការ​សាធារណៈ ​បាន​បញ្ជាក់ គណៈកម្មាធិការ​នាយក​ដែល​មាន​សមាស​ភាព​ជាង ១០០​នាក់ នឹង​ជួប​ប្រជុំ​ដើម្បី​បោះ​ឆ្នោត​ជ្រើស​រើស​អនុប្រធាន​គណបក្ស​ដែល​មាន​ចំនួន ៣​រូប​តាម​ស្មារតី​កាល​ពី​ថ្ងៃ​ទី ០២ មិនា។ បេក្ខជន​អនុប្រធាន​ទាំង​បី គ្មាន​ការ​ផ្លាស់​ប្តូរ​នោះ​ទេ គឺ​លោក​អេង ឆៃអ៊ាង លោក​ស្រី មូរ សុខហួរ និង​លោកប៉ុល ហំម។​

លោក​កឹម សុខា ប្រធាន​គណបក្ស​ដែល​កំពុង​ធ្វើ​ដំណើរ​នៅ​បរទេស នឹង​ចូល​រួម​ដឹក​នាំ​កិច្ច​ប្រជុំ​បន្ទាប់​ពី​លោក​ត្រឡប់​មក​កាន់​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី​ ១៦ ឧសភា។ សូម​រំលឹក​ថា​គណបក្ស​សង្គ្រោះ​ជាតិ និង​ក្រសួង​មហាផ្ទៃ បាន​ផ្ទុះ​រឿង​ចម្រូង​ចម្រាស់​ស្តី​ពី​លក្ខន្តិកៈ​របស់​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​មួយ​អស់​រយៈ​ពេល​ជាង​ពីរ​ខែ ពោល​គឺ​ក្រោយ​ពេល​ដែល​លោក​សម រង្ស៊ីបាន​លា​លែង​ចេញ​ពី​តំណែង​កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ។ ទើប​តែ​ដល់​ថ្ងៃ​ទី ០៣ ឧសភា​នេះ​ទេ​ទើប​ក្រសួង​មហាផ្ទៃ បាន​ទទួល​ស្គាល់​លក្ខន្តិកៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ធ្វើ​វិសោធនកម្ម​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​ទី ២៥ មេសា។

ការ​ជ្រើស​រើស​ក្បាល​ម៉ាស៊ីន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ គឺ​តែ​ ៣​ថ្ងៃ​ប៉ុណ្ណោះ មុន​ពេល​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ថ្ងៃ​ទី ២០ ឧសភា។ លោក​អេង ឆៃអ៊ាង​បាន​បញ្ជាក់​ថា​ការ​ជ្រើស​រើស​នា​ពេល​នេះ គឺ​ដើម្បី​សម្រប​ខ្លួន​ទៅ​នឹង​ការ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ​ដែល​តម្រូវ​ឱ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​ត្រូវ​បញ្ចប់​នីតិវិធី​រៀប​ចំ​ទាំង​អស់​ឱ្យ​បាន​មុន​ថ្ងៃ​ទី ០៤ ខែ​មិថុនា​ខាង​មុខ។ ចំពោះ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ត្រៀម​អ្នក​អង្កេតការណ៍​ប្រមាណ ៤​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​ដើម្បី​តាម​ដាន​គ្រប់​ការិយាល័យ​។

សូម​កត់​សំគាល់​ថា ការ​បោះ​ឆ្នោត​ជ្រើស​រើស​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី ១៧ ឧសភា​ខាង​មុខ​នេះ មិន​មាន​ការ​ជួប​ជុំ​គ្នា​ទ្រង់​ទ្រាយ​ធំ​នោះ​ទេ​ ពោល​គឺ​គ្រាន់​តែ​ជា​ការ​បោះ​ឆ្នោត​សម្រេច​របស់​គណៈកម្មាធិការ​នាយក​គណបក្ស​សម្រេច​ដោយ​សំឡេង​ដាច់​ខាត ៥០+១តែ​ប៉ុណ្ណោះ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ