អានតួអត្ថបទ
កម្ពុជា

ខុមហ្វ្រែល៖ អាសនៈ​រដ្ឋសភាគួរ​បង្កើន​ដល់១២៧ សម្រាប់​ការបោះឆ្នោតជាតិ​​ឆ្នាំ២០១៨

rfi

ក្នុង​ពេល​ដែល​ក្រុម​ការងារ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ខ្វែង​គំនិត​គ្នា​លើ​ការ​បង្កើន​ចំនួន​អាសនៈ​រដ្ឋសភា គឺ​អង្គការ​ឃ្លាំ​មើល​ការបោះឆ្នោត ខុមហ្វ្រែល បានប្រកាសថា ការបង្កើន​អាសនៈ​រដ្ឋសភា សម្រាប់​ការបោះឆ្នោតជាតិ នៅ​ឆ្នាំ២០១៨ គួរ​តែ​បង្កើន​ដល់ ១២៧ រូប។ តាម​ខុមហ្វ្រែល ការ​បង្កើន​ចំនួន​អាសនៈ​រដ្ឋសភា គឺ​ដើម្បី​ធានា​នូវ​តុល្យភាព រវាង​ចំនួន​សមាជិក​រដ្ឋសភា និង​ចំនួន​សមាជិក​រាជរដ្ឋាភិបាល។ មួយ​វិញ​ទៀត ការ​បង្កើន​ចំនួន​អាសនៈ​រដ្ឋសភា ពី ១២៣ រូប ដែល​មាន​តាំង​ពី​ឆ្នាំ២០០៣ មក​ត្រឹម ១២៧ រូប សម្រាប់​នីតិកាល​ខាងមុខ គឺ​ពិត​ជា​សមរម្យ។

ផ្សាយពាណិជ្ជកម្ម

ការ​ចរចា​កែប្រែ​ច្បាប់​បោះឆ្នោត នៅ​ពេល​នេះ ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ខ្វែង​គំនិត​គ្នា​លើ​ការ​បង្កើន​ចំនួន​អាសនៈ​របស់​រដ្ឋសភា។ គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​មាន​ការ​បង្កើន​អាសនៈ​រដ្ឋសភា យ៉ាងហោចណាស់ ៦ បន្ថែមទៀត។ ប៉ុន្តែ​ក្រុមការងារ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា មិន​ត្រឹមតែ​មិន​យល់ព្រម​បង្កើន​ចំនួន​អាសនៈ​បន្ថែម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បានស្នើ​ឲ្យ​លុបចោល​បញ្ញត្តិ ដែល​ពាក់ព័ន្ធ​នឹង​រូបមន្ត​នៃ​ការ​គណនា​អាសនៈ ដែល​មានចែង​ក្នុង​មាត្រា៧ មាត្រា៨ និង​មាត្រា៩ ថែមទៀត ហើយ​ចង់​រក្សា​ចំនួន​អាសនៈ ១២៣ នេះ​ជា​រៀង​រហូត ដោយ​គ្មាន​ការ​កែប្រែ​ឡើយ។

គណបក្ស​ប្រជាជន បានបញ្ជាក់​ជំហរ​ថា ការ​ផ្លាស់​ប្តូរ​អាសនៈ​រដ្ឋសភា គឺ​ធ្វើ​ឡើង​សម្រាប់​តែ​ខេត្ត ដែល​បង្កើត​ថ្មី គឺ​ខេត្ត​ត្បូងឃ្មុំ ដែល​ត្រូវ​កាត់​យក​អាសនៈ​ចំនួន ៨ អាសនៈ ចេញពី​ខេត្តកំពង់ចាម ដែល​សព្វថ្ងៃ​មាន ១៨ អាសនៈ​តែប៉ុណ្ណោះ។

ចំពោះ​ការ​មិន​ចុះ​សម្រុង​នេះ អង្គការ​ខុមហ្វ្រែល ដែល​មាន​លោក​គល់​បញ្ញា ជា​ប្រធាន បាន​ចេញ​អត្តបទ កម្រាស់ ៨ ទំព័រ។ សេចក្តី​ប្រកាស កាលពី​ថ្ងៃទី២០កុម្ភៈ ខុមហ្វ្រែល បាន​លើក​ឡើង​ថា អាសនៈ​រដ្ឋសភា ចំនួន ១២៣ ត្រូវ​បាន​កំណត់​តាំង​ពី​ការ​បោះឆ្នោតជាតិ នីតិកាល​ទី៣ នៅ​ឆ្នាំ២០០៣ ក្នុង​ពេល​កម្ពុជា មាន​ប្រជាជន​ប្រហែល ១៣លាន​នាក់ និង​អ្នក​បោះឆ្នោត​ជាង ៦ លាន​នាក់។ ក្នុងនោះ មាន​មូលហេតុ​សំខាន់ៗ ជា​ច្រើន ដែល​ខុមហ្វ្រែល បាន​ស្រង់​ចេញពី​កិច្ចពិភាក្សា​តុមូល មក​បង្ហាញ​ពាក់ព័ន្ធ​នឹង​ការបង្កើន​អាសនៈ​រដ្ឋសភា រួមមាន៖ ទិដ្ឋភាព​ផ្លូវច្បាប់ ដោយ​ផ្អែកលើ​រូបមន្ត​នៃ​ការ​គណនា ដែល​តាម​ខុមហ្វ្រែល អាសនៈ​រដ្ឋសភា ត្រូវ​បង្កើន​ពី ១២៣ រហូត​ដល់ ១៣៣ អាសនៈ គិត​ត្រឹម​ឆ្នាំ២០១៤ ហើយ​បើតាម​ចំនួន​អ្នកមាន​សិទ្ធិ​បោះឆ្នោត អាសនៈ​រដ្ឋសភា ត្រូវ​បង្កើន ១ អាសនៈ នៅ​ខេត្ត​ដែលមាន ១ អាសនៈ រួមមាន៖ ខេត្ត​ឧត្តរ​មានជ័យ ខេត្ត​ព្រះសីហនុ ខេត្តព្រះវិហារ ព្រមទាំង​បង្កើន១អាសនៈ នៅ​ខេត្ត​មួយចំនួនទៀត ដូចជា ខេត្តសៀមរាប ដែល​សព្វថ្ងៃ​មាន ៦ អាសនៈ ជាដើម។

ស្ថានភាព​ប្រជាសាស្ត្រ​នៃ​ប្រទេស​កម្ពុជា ស្ថានភាព​សេដ្ឋកិច្ច និង​ស្ថានភាព​ភូមិសាស្ត្រ នៃ​ខេត្តនីមួយៗ ក៏​ត្រូវបាន​ខុមហ្វ្រែល លើកឡើង​បង្ហាញ ដោយ​ពន្យល់​លម្អិត​លើ​ចំណុច​នីមួយ។ ក្នុងនោះ ការ​បង្កើន​អាសនៈ​រដ្ឋសភា តាម​ខុមហ្វ្រែល មិន​ប៉ះពាល់​ដល់​ទំហំ​កញ្ចប់​ថវិកា​ជាតិ ដូច​ការ​លើកឡើង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​រដ្ឋាភិបាល​នោះ​ទេ។

សរុប​មក ខុមហ្វ្រែល បាន​គូស​បញ្ជាក់​ថា ការ​បង្កើន​ចំនួន​អាសនៈ​រដ្ឋសភា ពី ១២៣ នៅ​ពេល​សព្វថ្ងៃ ទៅ ១២៧ អាសនៈ សម្រាប់​ការ​បោះឆ្នោត​ខាង​មុខ គឺ​ពិត​ជា​សម​ហេតុផល​បំផុត ទាំង​ហេតុផល​ស្រប​តាម​បញ្ញត្តិ​ច្បាប់​ជា​ធរមាន ស្ថានភាព​ប្រជាសាស្ត្រ សេដ្ឋកិច្ច និង​ដើម្បី​ពង្រឹង​នូវ​តួនាទី និង​សកម្មភាព​របស់​រដ្ឋសភា។

យ៉ាងណា​ក៏​ដោយ ចំណុច​មិន​ឯកភាព​គ្នា​លើ​ការ​កំណត់​អាសនៈ​រដ្ឋសភា នៅក្នុង​ការ​កែប្រែ​ច្បាប់​បោះឆ្នោត​តំណាងរាស្ត្រ នឹងត្រូវ​ក្រុមការងារ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បូកសរុប និង​ចុះហត្ថលេខា​លើ​កំណត់ហេតុ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី២៣កុម្ភៈ ហើយ​បញ្ជូន​ទៅកាន់​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ទាំងពីរ ជា​អ្នកសម្រេច​ចុងក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ