អានតួអត្ថបទ
កម្ពុជា-សង្គម

​គណៈ​កម្មការ​ជាតិ​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ ប្រកាស​បំផ្លាញ​យាន​យន្ត​ដឹក​ឈើ​នៅ​នឹង​កន្លែង​

ការ​កាប់​បំផ្លាញ​ព្រៃឈើដោយខុសច្បាប់
ការ​កាប់​បំផ្លាញ​ព្រៃឈើដោយខុសច្បាប់ @សហការី

មួយ​ថ្ងៃ​មុន​រុក្ខទិវា​០៩​កក្កដា​ចូល​មក​ដល់ ពោល​គឺ​នៅ​ថ្ងៃ​ចន្ទ​ទី​០៨​កក្កដា​នេះ គណៈកម្មការ​ជាតិ​ទប់​ស្កាត់​និង​បង្ក្រាប​បទ​ល្មើសធនធាន​ធម្មជាតិ​ បាន​ប្រកាស​អនុវត្ត​វិធានការ​ថ្មី​ចំនួន​២ ទៅ​លើ​បុគ្គល ឬ​ក្រុមហ៊ុន និង​មធ្យោបាយ​ដែល​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃ​ឈើ​។ ជា​វិធានការ​ដែល​គណៈកម្មការ​ជាតិ​បង្ក្រាប​បទ​ល្មើលស​ធនធាន​ធម្មជាតិ ពន្យល់​ថា ដាក់​ចេញ​ដើម្បី​ថែ​រក្សា​ព្រៃ​ឈើ​ឲ្យ​បាន​គង់វង្ស​។ 

ផ្សាយពាណិជ្ជកម្ម

មធ្យោបាយ​ដែល​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃ​ឈើ ដូច​ជា​រថយន្ត គោយន្ត និង​ម៉ូតូ​ជា​ដើម នឹង​ត្រូវ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង​។ ចំណែក​បុគ្គល​ឬ​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​ល្មើស​ច្បាប់ នឹង​ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​តឹង​រ៉ឹង​។ នេះ​គឺជា​វិធានការ​ថ្មី​ចំនួន​២ ដែល​ដាក់​ចេញ​ដោយ​គណៈកម្មការ​ជាតិ​ដើម្បីទប់​ស្កាត់​និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ ក្រោយ​ពី​ស្ថាប័ន​នេះ​សង្កេត​ឃើញ​ថា ការ​លួច​បន្លំ​កាប់​ឈើ ដឹក​ជញ្ជូន​ផល​អនុផល​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់ នៅ​តែ​បន្ត​កើត​មាន​តាម​គ្រប់​មធ្យោបាយ និង​គ្រប់​រូប​ភាព​។ គណៈកម្មការ​ជាតិ​ដដែល​នេះ យល់​ឃើញ​ថា ការ​អនុវត្ត​វិធានការ​ថ្មី​ទាំង​ពីរ​ខាង​ដើម​នេះ នឹង​អាច​ថែ​រក្សា​ព្រៃ​ឈើ​នៅ​កម្ពុជា ឲ្យ​បាន​គង់​វង្ស​។

ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ នា​ថ្ងៃ​ចន្ទ ទី​០៨​កក្កដា​នេះ លោក ហឿន សុភាព តំណាង​សហគមន៍​ការពារ​ព្រៃឡង់​ប្រចាំ​ខេត្ត​កំពង់ធំ បាន​ស្វាគមន៍​ចំពោះ​ការ​ដាក់​ចេញ​នូវ​វិធានការ​ថ្មី​របស់​គណៈកម្មការ​ជាតិទប់​ស្កាត់​និង​​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​។ បើ​តាម​លោក ហឿន សុភាព កន្លង​មក មធ្យោបាយ​ដឹក​ជញ្ជូន​និង​បុគ្គល​ពាក់ព័ន្ធ​នឹង​បទ​ល្មើស​ព្រៃ​ឈើ​ភាគ​ច្រើន បាន​ត្រឹម​ទទួល​រង​ការ​ពិន័យ​អន្ដរកាល​ប៉ុណ្ណោះ។ លោក​បន្ត​ថា ការ​ពិន័យ​អន្ដរកាល​តាម​ទំហំ​បទ​ល្មើស មិន​អាច​បញ្ឈប់​ជន​ល្មើស​មិន​ឲ្យ​កាប់និង​ដឹក​ជញ្ជូន​ឈើ​បាន​ឡើយ​។

យ៉ាង​ណា​ក៏​ដោយ លោក ហឿន សុភាព បារម្ភ​​ថា ​វិធានការ​ដែល​ទើប​ដាក់​ចេញ​នេះ មាន​វត្តមាន​តែ​នៅ​លើ​ក្រដាស ហើយ​មិន​មាន​ការ​អនុវត្ត​ឲ្យ​បាន​តឹងរ៉ឹង​។ សម្រាប់​អ្នក​ការពារ​ព្រៃ​ឈើ​ប្រចាំ​ខេត្ត​កំពង់ធំ​រូប​នេះ គឺ​មាន​តែ​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​តែ​ប៉ុណ្ណោះ ទើប​អាច​ធានា​និរន្ដរភាព​នៃ​ព្រៃ​ឈើ​នៅ​កម្ពុជា​បាន​។

គួរ​កត់​សម្គាល់​ដែរ​ថា ដើម្បី​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដែល​នៅ​តែ​បន្ត​កើត​មាន​នៅ​កម្ពុជា ក្រសួង​មហាផ្ទៃ និង​ក្រសួង​ពាក់ព័ន្ធ កំពុង​ពន្លឿន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ព្រៃ​ឈើ ដើម្បីធ្វើ​យ៉ាង​ណា​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ មាន​មុខងារ ការ​ទទួល​ខុស​ត្រូវ និង​អាច​ចូល​រួម​នៅ​ក្នុង​ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ​បាន​។ សព្វ​ថ្ងៃ​នេះ ច្បាប់​ពាក់ព័ន្ធ​ចំនួន​៣ គឺ​ច្បាប់​ស្ដីពី​ព្រៃ​ឈើ ច្បាប់​ស្ដីពី​ជលផល និង​ច្បាប់​ស្ដី​ពី​តំបន់​ការពារ​ធម្មជាតិ មិន​បាន​ផ្ដល់​សមត្ថកិច្ច​ដល់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ទេ ដោយ​ដាក់​ការ​ទទួល​ខុស​ត្រូវ​ទាំង​អស់ ឲ្យ​ស្ថិត​ក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រសួង​កសិកម្ម​និង​ក្រសួង​បរិស្ថាន​៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ