អានតួអត្ថបទ
កម្ពុជា-នយោបាយ

​ប្រទេស​ប្រជា​ធិបតេយ្យ​ធំៗ​ចង់​ឱ្យ​កម្ពុជា​បង្វិ​ល​ស្ថាន​ការ​នយោបាយ​ឱ្យ​ដូច​ដើម​និង​ដោះ​លែង​ លោក​ កឹម​ សុខា​

លោក​ កែវ រ៉េមី
លោក​ កែវ រ៉េមី RFI/Channa Siv

នៅ​យប់​មិញ​នេះ គណៈ​ប្រតិភូ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ឡើង​បក​ស្រាយ ការពារ និង​ឆ្លើយ​នឹង​សំណួរ​ជា​ច្រើន​ទាក់​ទង​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ពី​សំណាក់​ប្រទេស​សមាជិក​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ ។ ក្នុង​នោះ ប្រទេស​ប្រជា​ធិបតេយ្យ​ធំៗ​មួយ​ចំនួន​បាន​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្វិល​ស្ថាន​ការ​នយោបាយ​ឱ្យ​ដូច​ដើម​វិញ និង​ដោះ​លែង​លោក​កឹម សុខា​ជា​បន្ទាន់​។ 

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សម័យ​ប្រជុំ​លើក​ទី៣២​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស លោក​កែវ រ៉េមី ប្រធាន​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ឡើង​ថ្លែង​បក​ស្រាយ និង​ការពារ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ តាម​លោក​កែវ រ៉េមី ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​សភាព​ល្អ​ប្រសើរ ហើយ​ការ​បោះឆ្នោត​ជាតិ​នា​ពេល​កន្លង​ទៅ​ទៀត​សោត គឺ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី យុត្តិធម៌ និង​ពោរ​ពេញ​ដោយ​សន្តិ​សុខ និង​សន្តិភាព​។

ក៏​ប៉ុន្តែ​ការ​លើក​ឡើង​របស់​លោក​កែវ រ៉េមីនេះ មិន​ដូច​ការ​យល់​ឃើញ​របស់​ប្រទេស​ប្រជាធិតេយ្យ​ធំៗ​លើ​លោក​ដូច​យ៉ាង​អាមេរិក និង​អង់គ្លេស​ឡើយ​។ អង់គ្លេស​តាម​រយៈ​អ្នក​តំណាង​របស់​ខ្លួន បាន​ឡើង​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​ស្ថាន​ភាព​សិទ្ធិ​មនុស្ស និង នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ អ្នក​តំណាង​អង់គ្លេស​បាន​មើល​ឃើញ​ថា លំហ​នយោបាយ​នៅ​កម្ពុជា​មាន​សភាព​តូច​ក្រោយ​ពី​មាន​ការ​ពី​រំលាយ​បក្ស​សង្រ្គោះ​ជាតិ ការ​ឃុំ​ខ្លួន​លោក​កឹម សុខា និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​បោះ​ឆ្នោត​ជាតិ​ដែល​អង់​គ្លេស​ចាត់​ទុក​ថា ខ្វះ​ភាព​ស្រប​ច្បាប់​។ អ្នក​តំណាង​អង់គ្លេស បាន​អំពាវ​នាវ​ឱ្យ​កម្ពុជា​បង្វិល​ស្ថាន​ភាព​នយោបាយ​ឱ្យ​ដូច​ដើម​វិញ និង ផ្តល់​សិទ្ធិ​នយោបាយ​ដល់​មន្រ្តី​បក្ស​ប្រឆាំង​ទាំង​១១៨​នាក់​។

បញ្ហា​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​មន្រ្តី​អតីត​បក្ស​ប្រឆាំង​នេះ អ្នក​តំណាង​ប្រទេស​បារាំង​វិញ បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ដែល​រដ្ឋា​ភិបាល​កម្ពុជា​បាន​ធ្វើ​។ ប៉ុន្តែ​បារាំង​ក៏​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​រឹត​បន្តឹង​លើ​សង្គម​ស៊ីវិល​តាម​រយៈ​វិធាន​ការ​នានា​ដែល​បាន​ដាក់​ចេញ​តាំង​ពី​មុន​ការ​បោះឆ្នោត​ឆ្នាំ​២០១៨​។ ចំណែក​សហ​រដ្ឋអាមេរិក​វិញ បាន​អំពាវ​នាវ​ឱ្យ​កម្ពុជា​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​មន្រ្តី​អតីត​បក្ស​ប្រឆាំង​ជា​បន្ទាន់ និង​ឥត​លក្ខ​ខណ្ឌ​។ តាម​រយៈ​អ្នក​តំណាង អាមេរិក​ក៏​បាន​ស្នើ​ឲ្យ​មាន​ការ​ដោះលែង​អ្នក​ជាប់​ឃុំ​ផ្សេងៗ ក្នុង​នោះ​រួម​ទាំង​លោក​កឹម សុខា​ផង​ដែរ​។ មិន​តែ​ប៉ុណ្ណោះ អាមេរិក​ក៏​ចង់​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​លុប​ចោល​វិធាន​ការ​រឹត​បន្តឹង​នានា​លើ​សិទ្ធិ​នយោបាយ អង្គការ​សង្គម​ស៊ីវិល និង សារ​ព័ត៌មាន​ឯករាជ្យ​។

ជា​ការ​ឆ្លើយ​តប​នឹង​លើក​ឡើង​នេះ លោក​កែវ រ៉េមី បាន​បក​ស្រាយ​ថា កម្ពុជា​បាន​ឱ្យ​តម្លៃ​ខ្ពស់​លើ​បញ្ហា​សិទិ្ធ​មនុស្ស និង​លទ្ធិ​ប្រជា​ធិបតេយ្យ​។ ប៉ុន្តែ​លោក​ថា ករណី​គណបក្ស​សង្រ្គោះ​ជាតិ និង​លោក​កឹម សុខា គឺ​ជា​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​។ លោក​ថា រដ្ឋា​ភិបាល​កម្ពុជា​មាន​ភស្តតាង​ច្បាស់​លាស់​ពី​គម្រោង​ចង់​ផ្តល់​រំលំ​រដ្ឋា​ភិបាល​ស្រប​ច្បាប់​តាម​រយៈ​បដិវត្ត​ពណ៌​របស់​ក្រុម​អតីត​បក្ស​ប្រឆាំង និង​លោក​កឹម សុខា​។ បើ​តាម​លោក​កែវ រ៉េមី អ្វីៗ​ដែល​រដ្ឋា​ភិបាល​បាន​ធ្វើ គឺ​ដើម្បី​រក្សា​សន្តិ​សុខ និង​សន្តិភាព​នៅ​ក្នុង​ប្រទេស​តែ​ប៉ុណ្ណោះ​។

បើ​ទោះ​កម្ពុជា​មិន​ត្រូវ​បាន​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ​គាំទ្រ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​ក៏​ពិត​មែន ប៉ុន្តែ​នៅ​មាន​ប្រទេស​កុំមុយនីស្ត​មួយ​ចំនួន​ដែរ​ដែល​បាន​គាំទ្រ​នូវ​ការ​ខិត​ខំ​របស់​កម្ពុជា​។ រុស្ស៊ី ចិន និង​វៀតណាម​ជា​ដើម​សុទ្ធ​តែ​ស្វាគមន៍​នូវ​ការ​ប្រឹង​ប្រែង​លើក​ស្ទួយ​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា​។ ពួក​គេ​ផ្តល់​អនុសាសន៍​ឱ្យ​កម្ពុជា​បន្ត​ការ​ខិត​ខំ​របស់​ខ្លួន​ទៀត និង​ធានា​ការពារ​ការ​ប្រើ​អំពើ​ហិង្សាលើ​ស្រី្ត និង​កុមារ ព្រម​ទាំង​បន្ត​កាត់​បន្ថយ​នូវ​ភាព​ក្រីក្រ​នៅ​ក្នុង​ប្រទេស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ