អានតួអត្ថបទ
កម្ពុជា

ទាហាន​កម្ពុជា​-​ឡាវ​ប្រឈម​មុខដាក់​​គ្នា​​នៅ​ព្រំដែន ​ខណៈ​ប្រធាន​រដ្ឋ​ឡាវ​ត្រៀម​មក​ទស្សន​កិច្ច​នៅ​ភ្នំពេញ​​សប្តាហ៍​ក្រោយ​

យោធា​កម្ពុជា​-​ឡាវ​នៅ​តំបន់​ព្រំដែន​ស្រុក​សៀមប៉ាង ​ខេត្ត​ស្ទឹងត្រែង ​បាន​ជួប​ចរចារ​គ្នា​ ក្រោយ​​ពី​​យោធា​ឡាវ​ចូល​មក​ហាម​ឃាត់​ការ​ស្ថាបនា​​ផ្លូវ​យុទ្ធសាស្រ្ត​កម្ពុជា​នៅ​ព្រំដែន​កាល​ពី​ថ្ងៃទី​ ១៧​ កុម្ភៈ​ ឆ្នាំ២០១៧​។​
យោធា​កម្ពុជា​-​ឡាវ​នៅ​តំបន់​ព្រំដែន​ស្រុក​សៀមប៉ាង ​ខេត្ត​ស្ទឹងត្រែង ​បាន​ជួប​ចរចារ​គ្នា​ ក្រោយ​​ពី​​យោធា​ឡាវ​ចូល​មក​ហាម​ឃាត់​ការ​ស្ថាបនា​​ផ្លូវ​យុទ្ធសាស្រ្ត​កម្ពុជា​នៅ​ព្រំដែន​កាល​ពី​ថ្ងៃទី​ ១៧​ កុម្ភៈ​ ឆ្នាំ២០១៧​។​ @Facebook

យោធា​​កម្ពុជា​​វីរៈ​​ការពារ​​ព្រំដែន​​លេខ​១០១​ប្រចាំ​ខេត្ត​​ស្ទឹងត្រែង ​បាន​​ប្រឈម​មុខ​​ដាក់​​ជា​មួយ​​យោធា​ឡាវ​​​កាល​ពី​​ថ្ងៃទី​១៧​ខែកុម្ភៈ ​បន្ទាប់​ពី​​ពួកគេ​​បាន​​ចូល​មក​ក្នុង​​ទឹក​ដី​​កម្ពុជា ​ដែល​​ប្រដាប់​​ដោយ​​អាវុធ​​ផង​។ ​សកម្មភាព​​របស់​​យោធា​​ឡាវ ​ត្រូវ​បាន​​គេ​​អះអាង​ថា ​គឺ​​ដើម្បី​​រារាំង​​​សកម្មភាព​​ស្ថាបនា​​ផ្លូវ​​មួយ​​ខ្សែ​​របស់​​កងវិស្វកម្ម​​ក​ម្ពុ​ជា ​នៅ​ត្រង់​ចំណុច​​អូ​តា​ង៉ាវ ​ឃុំ​​ថ្មកែវ ​ស្រុក​​សៀម​ប៉ាង ​ខេត្ត​ស្ទឹងត្រែង ​តែ​​ភាគី​​កម្ពុជា​​អះអាង​ថា ​គឺ​​ស្ថិត​នៅ​ក្នុង​​ទឹកដី​​របស់​​ខ្លួន​​។ ​ហេតុការណ៍​​នេះ ​មិន​បាន​​ឈាន​ដល់​​ការ​ផ្ទុះអាវុធ​​ដាក់​គ្នា​​នោះ​ទេ។​

ផ្សាយពាណិជ្ជកម្ម

ការប្រឈមមុខ​ដាក់គ្នា​រវាង​យោធា​ការពារ​ព្រំដែន​កម្ពុជា-ឡាវ បាន​កើតឡើង​តាំងពី​សប្តាហ៍​មុន​មក​ម្លេះ ក៏ប៉ុន្តែ​ទើបតែ​នៅ​ថ្ងៃទី១៧ខែកុម្ភៈ​កន្លងទៅនេះ ដែល​ការប្រឈមមុខ​ដាក់គ្នា​កាន់​តែមាន​សភាព​តានតឹង​ឡើង ពោលគឺ​នៅពេលដែល​ក្រុម​ទាហាន​ឡាវ​មួយក្រុម មកពី​ខេត្ត​អា​ត្តា បាន​បង្កើន​ចំនួន​ចូលមកក្នុង​ទឹកដី​កម្ពុជា​ដែល​ប្រដាប់​ដោយ​អាវុធ​មកជា​មួយ​ផង។

 

បើតាម​ការចុះផ្សាយ​រប​ស់កា​សែត​ក្នុងស្រុក​នៅថ្ងៃនេះ ដោយបាន​ដកស្រង់​ប្រភពពី​ភាគី​ឡាវ​បាន​អះអាងថា សកម្មភាព​របស់​យោធា​ឡាវ​ចូលមកក្នុង​ទឹកដី​កម្ពុជា​នោះ គឺ​ដើម្បី​រារាំង​សកម្មភាព​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​របស់​កងវិស្វកម្ម​ក​ម្ពុ​ជា នៅត្រង់ចំណុច អូ​តា​ង៉ាវ ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង។ ប៉ុន្តែ​ភាគី​កម្ពុជា​វិញ​បាន​អះអាងថា ចំណុច​ដែល​ទាហាន​ឡាវ​ចូលមក​ហាមឃាត់​នេះ គឺជា​ដែនដី​របស់​កម្ពុជា ហើយ​ការស្ថាបនា​ផ្លូវ​នេះ ក៏​មិន​បានធ្វើ​ឲ្យ​ប៉ះពាល់​ទៅលើ​ទឹកដី​របស់​ឡាវ​ដែរ។ ប៉ុន្តែ​យ៉ាងណាក្តី ការប្រឈមមុខ​ដាក់គ្នា​តែមួយ​ប្រាវ​នេះ មិនបាន​ឈានដល់​ការផ្ទុះអាវុធ​ដាក់គ្នា​នោះទេ។

លោក វ៉ា គីម​ហុង ទេសរដ្ឋមន្ត្រី​និង​ជា​ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា​បាន​អះអាងថា ផ្អែក​តាម​ផែនទី​ដែល​បារាំង​បាន​បន្សល់ទុក​ឲ្យ​កម្ពុជា​ក្រោយ​ទទួលបាន​ឯករាជ្យ​នៅ​ឆ្នាំ១៩៥៣ បាន​បញ្ជាក់ថា តំបន់​អូ​តា​ង៉ាវ​នោះ គឺ​ស្ថិតនៅក្នុង​ទឹកដី​របស់​កម្ពុជា ប៉ុន្តែ​ភាគី​ឡាវ​បានចាត់ទុក​តំបន់​នោះ​ថា ជា​តំបន់​មិនទាន់​ដាច់​ស្រាច់ ហើយ​ទាមទារ​ម្តង​ជា​ពីរដង ឲ្យ​ភាគី​កម្ពុជា​ពិចារណា​ឡើងវិញ និង​រក្សា​តំបន់​នោះ​នៅក្នុង​ស្ថានភាព​ដូចដើម។ បើតាម​លោក វ៉ា គីម​ហុង ភាគី​ទាំងពីរ​គ្រោង​នឹង​ជួបប្រជុំគ្នា​នៅ​ខែក្រោយ​នេះ បន្ទាប់ពី​មាន​ហេតុការណ៍​ខាងលើ។ ទោះ​ជា​​យ៉ាងណាក៏ដោយ សម្រាប់​កម្ពុជា សកម្មភាព​របស់​យោធា​ឡាវ កំពុង​បង្ក​នូវ​ភាព​ស្មុគស្មាញ និង​​រាំងស្ទះ​ដល់​ការធ្វើ​ផ្លូវ​យុទ្ធសាស្ត្រ​ព្រំដែន​របស់​កម្ពុជា ដែល​បានចាប់ផ្តើម​ធ្វើ​ដោយ​កងវិស្វកម្ម​កម្ពុជា បាន​ប្រមាណ​ជា១៥០គីឡូម៉ែត្រ ដែល​ត​ភ្ជាប់​ពី​ចំណុច ដុង​ក្រឡ ក្នុង​ក្រុង​ស្ទឹង​ត្រែង​ ទៅកាន់​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​នេះ។

គួរ​ជំរាបជូន​ដែរ​ថា ការប្រឈមមុខ​ដាក់គ្នា​រវាង​យោធា​កម្ពុជា-ឡាវ​នេះ បានកើត​ឡើង ខណៈ​ដែល​​ប្រធាន​រដ្ឋ​ឡាវ​លោក ប៊ុន​ញាំ​ង វរ​ជិត (Bounnhang Vorachith) នឹង​មក​បំពេញ​ទស្សន​កិច្ច​​ជា​ផ្លូវរដ្ឋ​នៅ​កម្ពុ​ជានា​សប្តាហ៍​ក្រោយ។ ក្នុង​ដំណើរ​ទស្សនកិច្ច​ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២២​ដល់​​ថ្ងៃទី២៣កុម្ភៈ​នោះ លោក ប៊ុន​ញាំ​ង វរ​ជិត ដែល​ទើប​ចូលកាន់​តំណែង​ថ្មី​កាលពី​ខែមេសា ឆ្នាំ​២០១៦ នឹង​ចូល​ក្រាបបង្គំ​គាល់​ព្រះមហាក្សត្រ​កម្ពុជា​នៅឯ​ព្រះបរមរាជវាំង នឹង​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅឯ​វិមាន​សន្តិភាព​ផង។ លោក វ៉ា គីម​ហុង នៅ​មិនទាន់​អាច​​បញ្ជាក់បាន​នៅឡើយ​ទេ​ថា តើ​ជំនួប​រវាង​ប្រមុខរដ្ឋ​ទាំងពីរ នឹង​លើកឡើង​ពី​ការ​ប្រឈម​មុខ​​ដាក់​គ្នា​​នៅ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​នេះ​នៅឡើយ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ