អានតួអត្ថបទ
កម្ពុជា-នយោបាយ

HRW ​បន្ត​ទាមទារ​ឲ្យ​តុលាការ​កម្ពុជា ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ពីរ​នាក់​

លោក​ អ៊ួន ​ឈិន ​និង​លោក ​យាង ​សុធារិន្ទ​ អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី ​ដែល​ត្រូវ​បាន​តុលាការ​កម្ពុជា​ចោទ​ប្រកាន់​។​
លោក​ អ៊ួន ​ឈិន ​និង​លោក ​យាង ​សុធារិន្ទ​ អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី ​ដែល​ត្រូវ​បាន​តុលាការ​កម្ពុជា​ចោទ​ប្រកាន់​។​ @លីកាដូ

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ​Human​ Right​ Watch​ នៅ​ថ្ងៃទី ​១៩ ​មករា ​នេេះ​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ​ដោយ​បន្តទទួច​ទាមទារ​ឲ្យ​តុលាការ​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ពីរ​នាក់​ គឺ​លោក​ អ៊ួន ​ឈិន ​និង​លោក​ យាង ​សុធារិន្ទ ហៅ ​យាង ​សុជាមេត្តា​។ ​ការ​ទាមទារ​នេះ ​គឺ​ធ្វើ​ឡើង​នៅ​មុន​មួយ​ថ្ងៃ​ដែល​តុលាការ​សាលាឧទ្ធរណ៍​គ្រោង​បើក​សវនាការ​លើ​សំណុំ​រឿង​របស់​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ទាំងពីរ​រូប​នៅ​ថ្ងៃ​ចន្ទ​ ទី ២០ មករា​នេះ ​ពី​បទ​ «​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការ​ពារ​ជាតិ​»។​​ 

ផ្សាយពាណិជ្ជកម្ម

ពី​ទីក្រុង​បាងកក ​ប្រទេស​ថៃ ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ ​Human​ Right​ Watch​ បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ ដោយ​ទទូច​ឲ្យ ​«​អាជ្ញាធរ​កម្ពុជា​គួរ​តែ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ពីរ​រូប​ គឺ​លោក​ អ៊ួន ​ឈិន ​និង​លោក ​យាង ​សុធារិន្ទ​ ហៅ ​យាង ​សុជាមេត្តា​។ ​លោក​ Phi​l ​Robertson​ នា​យក​​រង​ប្រចាំតំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នេះ​ថា ​ការ​បន្ត​ចោទ​ប្រកាន់​លើ​អតីត​អ្នក​កាសែ​តវិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​រូប ​គឺ​ជា ​ការ​​ប្រឌិត​​ប្រឆាំង​​នឹង​អ្នក​កាសែត​​ ដែល​ហ៊ាន​រិះ​គន់​រដ្ឋាភិបាល​។ ​ហើយ​ការ​រឹត​ត្បិត​តាម​ផ្លូវ​តុលាការ​ប្រឆាំង​នឹង​ពួក​គេ ​គួរ​តែ​ត្រូវ​លើក​លែង​។

គួរ​ជំរាប​ជូន​ថា ​តុលាការ​សាលា​ឧទ្ធរណ៍​គ្រោង​នឹងបើ​ក​សវនការ​ជំនុំ​ជម្រះ​លើ​បណ្តឹង​សារទុក្ខ​របស់​លោក​ អ៊ួន ​ឈិន ​និង​ លោក ​យាង សុធារិន្ទ ​នៅ​ថ្ងៃ​ចន្ទ ​ទី២០ ​មករា ​ពី​បទ ​«​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការ​ពារ​ជាតិ»​ តាម​មាត្រា ​៤៤៥ ​នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា​។ ​សវនាការ​នេះ ​គឺ​បន្ទាប់​ពី​តុលាការ​សាលាដំបូង​រាជ​ធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃទី ​៣ ​ខែ ​តុលា ​ឆ្នាំ​ ២០១៩​ បាន​សម្រេច​ចាត់​របៀប​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ថែម​លើ​សំណុំ​រឿង​ចោទ​ប្រកាន់​លើ​អតីត​អ្នក​កាសែត​ទាំង​ពីរ​រូប​ខាង​លើ​នេះ ប៉ុន្តែ​ជន​ជាប់​ចោទ​មិ​ន​​យល់​ព្រម​។ ​សូមរំលឹកជូនថា ​កាល​​ពី​ថ្ងៃទី​ ៣០ ​ធ្នូ ​កន្ល​ង​ទៅ​​នេះ ​​តុលាការ​​សាលា​​ឧទ្ធរណ៍​បាន​បើក​សវនាការ​លើ​អតីត​អ្នក​កាសែត​វិទ្យុ​អាស៊ី​សេរី​ទាំង​ពីរ​នាក់​ម្តង​រួច​ហើយ​។ ​ជា​សវនាការ​លើ​ការ​ចោទ​ប្រកាន់ ​ពី​បទ​ល្មើស​ពាក់​ព័ន្ធ​នឹង​ច្បាប់ ​ស្តីពី​ការ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស ​តាម​មាត្រា​៣៨ ​និង​ ៣៩ ​ហើយ​ដែល​ត្រូវ​បាន​តុលាការ​សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាល​ក្រម​របស់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​នៅ​ដដែល​។

គួរ​ជំរាប​ជូនដែ​រថា ​លោក​ អ៊ួន ​ឈិន ​និង​លោក​ យាង ​សុធារិន្ទ ​ត្រូវ​បាន​អាជ្ញាធ​រកម្ពុជា​ ចាប់​និង​ឃុំខ្លួន​ កាលពី​ថ្ងៃទី១​៤​ខែវិច្ឆិកា ​ឆ្នាំ២​០១៧​ ក្រោម​ការ​ចោទ​ប្រកាន់​ដូចគ្នា​ពី​បទ​ «​ផ្តល់​ព័ត៌មាន​ដល់​រដ្ឋ​បរទេស​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការ​ពារ​ជាតិ​» ​ដែល​ស្មើ​នឹង​បទ​ចារកម្ម​។ ​ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស​អស់​រយៈពេល​ជាង​៩​ខែ ​មុន​នឹង​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​បណ្តោះ​អាសន្ន ​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​។

ពីចំណែក​​ខាង​ជន​​ត្រូវ​ចោទ​វិញ ​នៅ​ថ្ងៃ​អាទិត្យ​ ទី​១៩​ មករា​នេះ ​លោក ​យាង ​សុធារិន្ទ ​បាន​ទទូច​ឲ្យ​តុលាការ​កម្ពុជា​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​មក​លើ​លោក​ និង​លោក ​អ៊ួន ​ឈិន ​ខណៈដែល​ការ​ស៊ើប​អង្កេត​មក​លើ​បទ​ចោទ​ប្រកាន់​ទាំង​ពីរ​ករណី ​គឺ​មិន​មាន​ភាព​ជឿន​លឿន​ទៅ​មុខឡើ​យ​នោះ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ