អានតួអត្ថបទ
កម្ពុជា-សង្គម

បុគ្គលិក​ណា​ហ្គាវើលដ៏​សម្រេច​ចិត្ត​ចូល​​ធ្វើការ​វិញ​ ​បន្ទាប់​​ពី​​ភាគី​ក្រុមហ៊ុន​យល់​ព្រម​លើ​សំណើ​ពីរ​ចំណុច​

បុគ្គលិក​ក្រុម​ហ៊ុន​កាស៊ីណូ ​ណាហ្គាវើលដ៏​​ជាង​​ពីរ​​ពាន់​​នាក់ ​​ចេញ​ធ្វើ​កូដកម្មតវ៉ា​ កាល​ពី​ថ្ងៃទី ​០៩ ​និង​ទី១​០​ មករា​ ឆ្នាំ ​២០២០​ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​៦​ចំ​ណុច។​​​
បុគ្គលិក​ក្រុម​ហ៊ុន​កាស៊ីណូ ​ណាហ្គាវើលដ៏​​ជាង​​ពីរ​​ពាន់​​នាក់ ​​ចេញ​ធ្វើ​កូដកម្មតវ៉ា​ កាល​ពី​ថ្ងៃទី ​០៩ ​និង​ទី១​០​ មករា​ ឆ្នាំ ​២០២០​ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​៦​ចំ​ណុច។​​​ @សហការី

នៅ​ទីបំផុត​ទៅ ​វិវាទ​ការងារ​រវាង​បុគ្គលិក​និង​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៏ ​បាន​ឈាន​ដល់​ដំណោះ​ស្រាយមួយ​ហើយ ​គិត​ត្រឹម​ល្ងាច​ម្សិលមិញ​នេះ ​​គឺ​បន្ទាប់​ពីការ​ធ្វើ​កូដកម្ម​តវ៉ា​អស់​រយៈ​ពេល​ពីរ​ថ្ងៃ​។ ​ដំណោះ​ស្រាយ​បឋម ​គឺ​ភាគី​បុគ្គលិក​យល់​ព្រម​ចូល​បំរើ​ការងារ​របស់​ខ្លួន​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ។​ ​ចំណែក​ឯ​ភា​គី​ក្រុមហ៊ុន​វិញ ​យល់​ព្រម​តម្លើង​ប្រាក់​ខែ​គោល​ឲ្យ​បុគ្គលិក ​និង​ទទួល​យក​តំណាង​របស់​ពួកគេ​ម្នាក់ ​ឲ្យ​ចូល​ធ្វើ​ការងារ​ឡើង​វិញ​នៅថ្ងៃនេះ​។ ​ទោះ​ជា​យ៉ាង​នេះ​ក្តី ​ពួកគេ​បាន​ព្រមាន​ថា ​កូដកម្ម​នឹង​អាច​កើត​ឡើង​វិញ​ ប្រសិន​បើ​ភាគី​ក្រុមហ៊ុន​ប្រែ​ក្រឡាស់​ពី​កិច្ច​សន្យា​។  

ផ្សាយពាណិជ្ជកម្ម

វិវាទ​ការងារ​រវាង​បុគ្គលិក​និង​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៏ ​ដែល​បាន​អូស​បន្លា​យ​តាំង​ពី​ខែ​កញ្ញា ​ឆ្នាំ​ ២០១៩​ ម​ក​នោះ ​បាន​ឈាន​មក​ដល់​ដំណោះ​ស្រាយ​មួយ​ហើយ​។ ​ដំណោះ​ស្រាយ​ជា​បឋម​នេះ ​គឺ​ភាគី​បុគ្គលិក​គ្រប់ផ្នែក​ទាំង​អស់​ត្រូវ​ផ្អាក​ធ្វើ​កូដកម្ម ​និង​ចូល​ធ្វើ​ការងារ​ឡើង​វិញ ​ចាប់​ពី​ថ្ងៃទី ​១១ ​មករា​ នេះ​ត​ទៅ​។ ​ចំណែក​ឯ​ភាគី​ក្រុម​ហ៊ុន​វិញ ​បាន​ទទួល​យក​សំណើ​ពីរ​ចំណុច​ក្នុ​ង​ចំណោម​ការ​ទាម​ទារ​៦​ចំណុច​ គឺ​ទី១​.​យល់​ព្រម​តម្លើង​ប្រាក់ខែ​គោល​អប្បរមា​ដល់​បុគ្គលិក​តាម​ផ្នែក​និង​តាម​តួនាទី ​និង​ទី២​​.កា​រទទួល​យក​ប្រធាន​សហជីព​ម្នាក់ ​គឺ​កញ្ញា​ ឈឹម​ ស៊ីថរ ​ឲ្យ​ចូល​ធ្វើ​ការងារ​ឡើង​វិញ​។ ​ដំណោះ​ស្រាយ​ខាង​លើ​នេះ ​បាន​កើត​ឡើង ​ដោយ​សារ​មាន​ការ​ជួយ​សម្រប​សម្រួល​និងការធានា​ពី​អាជ្ញាធរ​ក្រុង​ភ្នំពេ​ញ​ផង​ដែរ​។

​ចំណែក​ឯ​លក្ខខណ្ឌទា​មទារ​៤​ចំណុច​ទៀត ​ដូចជា ​ការ​ទាមទារ​ឲ្យ​ភាគី​ក្រុមហ៊ុន​ការពារ​បុគ្គលិក​ពីការ​​បៀត​បៀន​និង​អំពើ​ហិង្សា ​ការ​ដក​តំណែង​ប្រធាន​ប្រតិបត្តិ​ជា​ជន​បរទេស​ម្នាក់​ចេញ​ពី​តំណែង ​ការ​ទាមទារ​ឲ្យ​អនុវត្ត​ការឈប់​សម្រាក​នៅ​ថ្ងៃ​បុណ្យ​ជាតិ​តាម​ច្បាប់​ស្តីពី​ការងារ​ ដោយ​គោរព​តាម​គោលការណ៍​ស្ម័គ្រ​ចិត្ត​ និង​ការ​ទាមទារ​ឲ្យ​ក្រុមហ៊ុន​គោរព​សិទ្ធិ​សហជីព​ជា​ដើម​នោះ ​នឹង​ត្រូវ​ដោះ​ស្រាយ​តាម​រយៈកិច្ច​ពិភាក្សា​ផ្ទៃ​ក្នុ​​ង​នៅ​ពេល​ក្រោ​យ​។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នកស្រី ​ឃ្លាំង ​សុបិន្ត​ ទី​ប្រឹក្សា​​ជាន់​ខ្ពស់​​នៃ​​សហជីព​​ទ្រទ្រង់​​សិទ្ធិ​​ការងារ​​បុគ្គលិក​​កម្មករ​​ខ្មែរ ​នៃ​​ក្រុមហ៊ុន ​ណាហ្គា ​វើលដ៍​។

​គួរកត់​សំគាល់​ថា ​ដំណោះ​ស្រាយ​នេះ ​បាន​កើត​ឡើង​បន្ទាប់​ពី​បុគ្គលិក​កាស៊ីណូ​និង​សណ្ឋាគា​ណាហ្គាវើលដ៏​ជាង​ពីរ​ពាន់​នាក់ ​បាន​ចេញ​មក​ធ្វើ​កូដកម្ម​តវ៉ា​រយៈពេល​ពីរ​ថ្ងៃ ​គឺ​ចាប់ពី​ថ្ងៃទី ​០៩ ​ដល់​ថ្ងៃទី ​១០ ​មករា​ ឆ្នាំ ​២០២០​ នេះ។​ ទោះជា​យ៉ាង​នេះក្តី ​តំណាង​សហជីព​ម្នាក់​បាន​ព្រមាន​ថា ​កូដកម្ម​នឹង​អាច​កើត​ឡើង​វិញ​គ្រប់​ពេល​វេលា ​ប្រសិន​បើ​ភាគី​ក្រុមហ៊ុន​ប្រែ​ក្រឡាស់​ពី​កិច្ចសន្យា​របស់​ខ្លួន​។ ​

សូម​រំលឹក​ជូន​ថា ​វិវាទ​ការងារ​រវាង​បុគ្គលិក​និង​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៏ ​បាន​អូសប​ន្លាយ​ចាប់​តាំង​ពី​ខែ​កញ្ញា ​ឆ្នាំ ​២០១៩​ មក​ បន្ទា​ប់ពី​ភាគី​ក្រុមហ៊ុន​បាន​សម្រេច​ព្យួរ​ការងារ​កញ្ញា ឈឹ​ម ​ស៊ីថរ​ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន ​ណាហ្គា ​វើលដ៍​។ ​កញ្ញា ​ឈឹម ​ស៊ីថរ ​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ​​ជា​មេខ្លោង​ដែល​បំផុស​ឲ្យ​បុគ្គលិក​ណាហ្គាវើលដ៏ ​ធ្វើ​យុទ្ធនាការ​ទាមទារ​តម្លើង​ប្រាក់​ឈ្នួល ​តាម​រយៈកា​រពាក់​អាវ​យឺត ​ដែល​​មាន​​សរសេរ​​សារ​​ថា​ «​ក្រុម​ហ៊ុន​​រីក​ចម្រើន ​បុគ្គលិក​​ត្រូវ​ការ​​ប្រាក់​ខែ​​រស់​នៅ​​សមរម្យ​​»។ ​សូមប​ញ្ជាក់​ដែរ​ថា ​មុន​​ឈាន​​ដល់​ការ​​ធ្វើ​​កូដ​កម្ម​​ជា​ទ្រង់ទ្រាយ​ធំ​រយៈពេល​ពីរ​ថ្ងៃ​ចាប់​ពី​ថ្ងៃទី ​០៩ ​ដល់​ថ្ងៃទី ​១០ ​មករា ​មក​នេះ ​ថ្នាក់​ដឹកនាំ​​សហ​ជីព​​ និង​តំណាង​បុគ្គលិក​ទាំងអស់ ​បាន​​​ស្វែង​រក​​ដំណោះ​ស្រាយ​​តាម​​នីតិវិធី​​ច្បាប់​​ទាំង​​នៅ​​ក្នុង​​ក្រុម​ហ៊ុន ​នៅ​​ក្រសួង​​ការងារ ​និង​នៅ​​ក្រុម​ប្រឹក្សា​​អាជ្ញា​កណ្តាល​ជា​ដើម ​ប៉ុន្តែ​​គ្មាន​​ដំណោះ​ស្រាយ​​នោះ​​ទេ ​ដោយ​សារ​​ភាគី​ក្រុមហ៊ុន ​មិន​​ព្រម​​ជួប​​ចរចារ​​ និង​​បដិសេធ​សំណើ​​របស់​​​ពួក​គេ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ