អានតួអត្ថបទ
កម្ពុជា-ច្បាប់

តុលាការ​កំពូល​ទាត់​ចោល​បណ្តឹង​សាទុក្ខ​របស់​លោក​ អ៊ុំ សំអាន​ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​

លោ​កអ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែល​ត្រូវបាន​ជាប់ខ្នោះដៃ។
លោ​កអ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែល​ត្រូវបាន​ជាប់ខ្នោះដៃ។ @Sam Rainsy Page

តុលាការ​​កំពូល​​​នៅ​​​ព្រឹក​​​ថ្ងៃទី​២១​​កញ្ញា​​នេះ​ បាន​​​ទាត់​​ចោល​​​បណ្តឹង​​សាទុក្ខ​​រ​បស់​​​តំណាង​​រាស្ត្រ​​​គណបក្ស​​ប្រឆាំង​​​លោក​​ អ៊ុំ សំអាន ​​លើ​​នីតិវិធី​​នៃ​​ការ​ចាប់​ខ្លួន ​និង​​ឃុំ​ខ្លួន ​ដោយ​ចាត់​ទុក​ថា ​នីតិវិធី​របស់​តុលាការ​ថ្នាក់​ក្រោម ​ធ្វើ​ឡើង​​ត្រឹម​ត្រូវ​​តាម​​ច្បាប់​​។ ​​លោក​​ អ៊ុំ សំអាន ​​និង​​​មេធាវី ​បាន​ចាត់​ទុក​​សេចក្តី​សម្រេច​​នេះ​​ថា ​អយុត្តិធម៌។<!--break-->

ផ្សាយពាណិជ្ជកម្ម

សេចក្តីសម្រេច​របស់​តុលាការ​កំពូល​នៅថ្ងៃនេះ ដោយយោង​លើ​ហេតុផល៣ចំណុច ទី១.​ករណី​​របស់លោក អ៊ុំ សំអាន ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​អនុញ្ញាតិ​ឲ្យ​តុលាការ​បន្ត​នីតិវិធី​របស់​ខ្លួន​ ទី២.តុលាការ​កំពូល​គ្មាន​សមត្ថកិច្ច​ក្នុងការ​ពិនិត្យ​ទៅលើ​អទិភាព​នៃ​បទល្មើស និង​ទី៣.គឺ​តុលាការ​​គ្មាន​សមត្ថកិច្ច​ពិនិត្យ​លើ​អភ័យឯកសិទ្ធិសភា​នោះទេ។ សេចក្តីសម្រេច​របស់​តុលា​ការ​​​​កំពូល​នៅថ្ងៃនេះ មានន័យថា គឺជា​ការបិទផ្លូវ​នៅក្នុង​បណ្តឹងសុំ​មោឃភាព​លើ​នីតិវិធី​នៃ​​ការ​​ចាប់​ខ្លួន និង​ឃុំខ្លួន លើ​សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅមាន​អភ័យ​ឯក​សិទ្ធិ​​​នៅឡើយ​នេះ។

 
យ៉ាងនេះ​ក្តី លោក ហែម សុជាតិ មេធាវី​ការពារ​ក្តី​លោក អ៊ុំ សំអាន បាន​បញ្ជាក់ថា ក្រុម​មេធាវី​៣​​នាក់​​របស់លោក អ៊ុំ សំអាន នឹង​បន្ត​ប្តឹងទៅ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ដើម្បី​ឲ្យ​ស្ថាប័ន​កំពូល​នេះ បកស្រាយ​ច្បាប់​លើ​មាត្រា៨០ ដែល​កំពុង​បន្ត​ចម្រូង​ចម្រាស់​​​គ្នា​​នេះ។

សូមបញ្ជាក់ថា តុលាការ​កំពូល​នៅ​ថ្ងៃទី ២១ កញ្ញា​នេះ បាន​បើក​សវន​កា​រលើ​បណ្ដឹងសាទុក្ខ​សុំ​​មោឃភាព​នីតិវិធី​ចាប់ខ្លួន​និង​ឃុំខ្លួន​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា ធ្វើ​ឡើង​​​ដោយ​​រំលោភ​លើ​អភ័យឯកសិទ្ធិសភា​រប​ស់លោក អ៊ុំ សំអាន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​​​ជាតិ។ លោក អ៊ុំ សំអាន ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​១១​ខែ​មេសា ​ពី​ខេត្តសៀមរាប បន្ទាប់ពី​លោក​បាន​វិល​ត្រលប់​មកពី​សហរដ្ឋអាមេរិក​វិញ។ លោក​ត្រូវ​បាន​​​ចោទប្រកាន់ ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ (បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ​​សង្គម) ​និង​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង​ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​ផែនទី​សន្ធិសញ្ញា​ព្រំដែន​​​កម្ពុជា​-​វៀតណាម ​កាលពី​អំឡុង​ឆ្នាំ២០១៥ រហូតដល់​ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១។ មន្ត្រី​​​រដ្ឋាភិបាល​បានចាត់ទុក​ករណីនេះ​ថា គឺជា​បទល្មើស​ជាក់ស្តែង។

នៅ​ព្រឹក​មិញ លោក អ៊ុំ សំអាន បានបង្ហាញ​មុខ​នៅឯ​តុលាការ​កំពូល នឹង​បាន​ស្រែក​ដាក់​ក្រុម​អ្នក​កាសែត​ថា លោក​មិន​រំពឹង​ទទួលបាន​យុត្តិធម៌​នោះទេ។ ចំណែក​លោក ហែម សុជាតិ មេធាវី​​​ការពារ​ក្តី​វិញ បានចាត់ទុក​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​នៅថ្ងៃនេះ​ថា ជា​សេច​ក្តី​​សម្រេច​​ខ្វះ​គតិយុត្ត និង​អយុត្តិធម៌​សម្រាប់​កូនក្តី​របស់លោក។

គួរ​ជំរាបជូន​ដែរ​ថា កាលពី​ព្រឹក​ថ្ងៃទី៥ ខែកញ្ញា​កន្លងទៅ តុលាការក្រុង​ភ្នំពេញ បាន​បើក​សវនា​ការ​​​លើ​អង្គសេចក្តី​ក្នុង​សំណុំរឿង​លោក អ៊ុំ សំអាន ហើយ​សាលក្រម​មួយ​នឹងត្រូវ​ប្រកាស​​​​នៅ​ថ្ងៃទី១០ ខែតុលា​ខាងមុខ។ លោក អ៊ុំ សំអាន គឺជា​មន្ត្រីជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​​​​ជាតិ​​មួយរូប​ក្នុងចំណោម២២រូប ដែល​កំពុង​ជាប់​ឃុំឃាំង​នៅក្នុង​តុលាការ​ប្រទេស​កម្ពុជា​​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ