អានតួអត្ថបទ
កម្ពុជា

រាជ​រដ្ឋាភិបាល​កម្ពុជា ​បដិសេធ​ការ​ព្រួយ​បារម្ភ​របស់ ​អ.ស.ប ​ទាក់ទង​បញ្ហា​សិទ្ធិមនុស្ស​

លោកស្រី រ៉ូណាស្មីត នឹងជួបប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាបន្ទាប់ពីមានអំពើហិង្សា
លោកស្រី រ៉ូណាស្មីត នឹងជួបប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជាបន្ទាប់ពីមានអំពើហិង្សា @seng thai

ឯកអគ្គរាជទូត ​និង​​ជា ​តំណាង​​អចិន្ត្រៃយ៍​​កម្ពុជា ​ប្រចាំ​​អង្គការ​សហប្រជាជាតិ ​នៅ​​ទីក្រុង​​ហ្សឺ​ណែវ ​ប្រទេស​​ស្វី​ស ​លោក ​ណី សំអុល ​នៅ​​ថ្ងៃ​​សុក្រ​​នេះ ​បាន​ចេញ​​សេចក្តី​ថ្លែង​ការណ៍​​មួយ ​ឆ្លើយ​តប​​នឹង​​របាយការណ៍​​ប្រចាំឆ្នាំ​​របស់ ​អង្គការ​សហប្រជាជាតិ ​ដែល​​បាន​​រិះគន់​​ដល់​​កម្ពុជា ​ថា ​គ្រាន់​​ជា​​របាយការណ៍​​លាប​ពណ៌​​អវិជ្ជមាន​​ចំពោះ​​ស្ថានភាព​​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា ​និង​​ផ្អែក​លើ​​ព៌​ត៌មាន​​ខ្វះ​ចន្លោះ​។ ​ប្រតិ​កម្ម​នេះ ​កើត​ឡើង ​បន្ទាប់​ពី ​ឧ​ត្ត​ម​​ស្នងការ ​អ.ស.ប​ លោក ​ហ្សេ​ដ រ៉ា​អាដ អាល ហ៊ូ​ស​សេន ​កាល​ពី​​ថ្ងៃទី០៨​ មីនា ​បាន​បង្ហាញ​​ពី​​និន្នាការ​​គួរ​​ឲ្យ​​ព្រួយ​បារម្ភ​​មួយ​ចំនួន ​ទាក់ទង​​នឹង​​សិទ្ធិ​មនុស្ស​​នៅ​​​កម្ពុជា ​នៅ​ក្នុង ​សន្ទរកថា​​ផ្ទាល់​មាត់ ​នាសម័យ​ប្រជុំ​​ទៀង​ទាត់​​លើក​​ទី​៣៤ ​នៃ​​ក្រុម​ប្រឹក្សា​​សិទ្ធិ​មនុស្ស​។

ផ្សាយពាណិជ្ជកម្ម

«នៅក្នុង​សេចក្តីថ្លែងការណ៍​ផ្ទាលមាត់ ឯកឧត្តម​បាន​ជ្រើស​យកតែ​ជ្រុង​ម្ខាង​នៃ​បញ្ហា ហើយ​លាប​ពណ៌​អវិជ្ជមាន​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​តែម្តង ដែល​ប្រាស់ចាក​ទាំងស្រុង​នឹង​​អ្វី​បាន​កើតឡើង​ជាក់ស្តែង» នេះ​ជា ការឆ្លើយតប របស់ ឯកអគ្គរាជទូត និង​ជា តំណាង​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស លោក ណី សំអុល ចំពោះ សេចក្តីថ្លែងការណ៍​ផ្ទាល់មាត់ របស់ ឧ​ត្ត​ម​ស្នងការ អ.ស.ប ស្តីពី​សិទ្ធិមនុស្ស​នៅ​​កម្ពុជា ​កាល​ពី​ពេល​ថ្មីៗ​នេះ​។​

 
បើតាម​សេចក្តីថ្លែងការណ៍​របស់ តំណាង​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ ការ​វាយតម្លៃ​របស់ ឧ​ត្ត​ម​ស្នងការ​សិទ្ធិមនុស្ស អ.ស.ប គឺ ផ្អែកលើ​ព័ត៌មាន​ខ្វះចន្លោះ និង​បាន​ជ្រើស​រើស​​បញ្ហា​កង្វះខាត ដែល​មិន​ឆ្លើយតប​នឹង​ភាពជាក់ស្តែង ហើយ​បាន​មើលរំលង​ការ​វិវឌ្ឍ ការតាំង​ចិត្ត​ដ៏​សុចរិត​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកស្ទួយ ការពារ​សិទ្ធិមនុស្ស​ឡើយ​។ គណៈប្រតិភូ​កម្ពុជា ពន្យល់​តាមរយះ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា សេរីភាព​នៃ​ការបញ្ចេញមតិ មិនមែនជា សិទ្ធិ​ដាច់ខាត​ទេ ហើយ​​គួរតែ​​ប្រើប្រាស់​​ប្រកប​ដោយ​​ទំ​នួ​ស​​ខុស​ត្រូវ ​ក្រោម​​យុត្ថាធិការ​​ច្បាប់ ​និង​​បញ្ញត្តិ​​កំពុង​​អនុវត្ត​។ ​អ្នកប្រើប្រាស់​សិទ្ធិ​មិនគួរ​លាក់ខ្លួន​ក្រោយ​ម្លប់​​សិទ្ធិមនុស្ស ដើម្បី​បង្ក​អស្ថេរភាព​សម្រាប់​គោលបំណង​ពិស​ពុស​របស់ខ្លួន​ឡើយ។

តំណាង​​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​អង្គការសហប្រជាជាតិ ចាត់ទុកថា បញ្ហា​សិទ្ធិមនុស្ស​តែងតែ​ក្លាយជា ឧបករណ៍​សម្រាប់​បង្ខូច​កេរ្តិ៍ឈ្មោះ​រដ្ឋាភិបាល ជាពិសេស​នៅពេល​មានការ​បោះ​ឆ្នោត​ម្តង។ ហើយ អង្គភាព​ខ្លះ​បាន​អនុវត្ត​ស្តង់ដារ​ពីរ និង​វិធីសាស្ត្រ​រើសអើង​ចំពោះ​រដ្ឋាភិបាល ពេល​​​និយាយ​​ដល់​​បញ្ហា​​សិ​ទិ្ធ​​មនុស្ស​​នៅ​​កម្ពុជា។​

គួររំលឹកថា ប្រតិ​កម្មនេះ កើតឡើង​បន្ទាប់ពី ឧ​ត្ត​ម​ស្នងការ អង្គការសហប្រជាជាតិ លោក ហ្សេ​ដ រ៉ា​អាដ អាល ហ៊ូ​ស​សេន (Mr. Zeid Ra'ad Al Hussein) បាន​ថ្លែង ក្នុង​សន្ទរកថា ផ្ទាល់មាត់​មួយ ទៅកាន់ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នាទី​ក្រុង​ហ្ស៊ឺ​ណែវ កាលពី​ថ្ងៃទី៨ មីនា ដោយ​បង្ហាញ​នូវ និន្នាការ​គួរ​ឲ្យ​ព្រួយបារម្ភ​មួយចំនួន​ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ឧ​ត្ត​ម​ស្នងការ បាន កត់សម្គាល់ថា មុនពេល​បោះឆ្នោត មានការ​ចោទប្រកាន់ និង​គំរាមកំហែង សមាជិក​គណបក្ស​ប្រឆាំង ព្រមទាំង​ពលរដ្ឋ​មួយចំនួន ដែល​សម្តែង​សេរីភាព​ក្នុងការ​បញ្ចេញមតិ។ ក្នុង​នោះ វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដែល​ទើបតែ​ត្រូវបាន អនុម័ត នៅ​រដ្ឋសភា កាល​ពីពេលថ្មីៗនេះ គឺ​គ្មាន​ការប្រឹក្សា​យោបល់​ជា​សាធារណៈ និង​នាំ​ដល់​ការរំលាយ​គណបក្ស​នយោបាយ ដែល​នៅ​ឆ្ងាយ​ពី ស្តង់ដា​នៃ​សិទ្ធមនុស្ស​ក្នុងការ​បង្កើត​សមាគម។ លើស​ពី​នេះ ការឃុំខ្លួន អ្នកការពារ​សិទ្ធិមនុស្ស អាដហុក នៅ​កម្ពុជា មុនពេល​កាត់ទោស មក​ទល់​នឹង​​ពេលនេះ​ គឺ​លើស​រយះពេល ១០ខែ ទៅហើយ។

ឧ​ត្ត​ម​ស្នងការ អ.ស.ប លោក ហ្សេ​ដ រ៉ា​អាដ អាល ហ៊ូ​ស​សេន បាន​សង្កត់ធ្ងន់ ចំពោះ​ស្ថាន​ភាព​​​សិទ្ធិមនុស្ស​នៅ​កម្ពុជា ថា “ការបោះឆ្នោត​ដែល​អាច​ជឿទុកចិត្ត​បាន ត្រូវតែ​ផ្តើមចេញពី​ការ​ធានា ថា តុលាការ​ឯករាជ្យ និង​មិន​លំអៀង ហើយ​ថា សេរីភាព​ក្នុងការ​បញ្ចេញមតិ ការ​ជួប​​ប្រជុំ​ដោយ​សន្តិវិធី និង​ការបង្កើត​សមាគម ត្រូវតែ​បាន​ធានា​ការពារ”៕

 

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ