អានតួអត្ថបទ
កម្ពុជា

អាជ្ញាធរ​នឹង​បញ្ជូន​មេ​ខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន​ទឹក​ប្រាក់​៣លាន​ដុល្លារ​មក​ភ្នំ​ពេញ​នៅ​ចុង​ខែមិថុនា​

@RFI/Phearak

អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន ​នៅ​ថ្ងៃ​ទី២០ ​មិថុនា​នេះ បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា ​បាន​ចាប់​ខ្លួន ​និង​រក​ឃើញ​នូវ​គ្រឿង​ញៀន​ប្រមាណ ​៥៤គី​ឡូ​ក្រាម ​ដែល​ជា​ចំនួន​ដ៏​ច្រើន​ចាប់​តាំង​ពី​មាន​ការ​បង្ក្រាប​ករណី​គ្រឿង​ញៀន​នៅ​កម្ពុជា។​ គ្រឿង​ញៀន​ទាំង​ ៥៤​គីឡូក្រាម​ ដែល​មាន​តម្លៃ​ប្រមាណ ​៣​លានដុល្លារ​អាមេរិក​នេះ ​និង​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ទាំង​បីនាក់ ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​សន្និ​សីទ​កាសែត ​នារសៀល​នេះ ​នៅ​ឯមន្ទីរ​ប្រឆាំង​គ្រឿង​ញៀន​នៃ​អគ្គស្នង​ការ​នគរ​បាល​ជាតិ​។ ចំណែក​ឯមេ​ខ្លោង​ជន​ជាតិ​ខ្មែរ​នឹង​ត្រូវ​បញ្ជូន​មក​រាជ​ធានី​ភ្នំ​ពេញ ​នៅ​ចុង​ខែមិថុនា​នេះ។ ​

ផ្សាយពាណិជ្ជកម្ម

 

អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន​ កាល​ពី​ថ្ងៃទី១៧​ ខែ​មិថុនា​កន្លង​ទៅ ​បាន​បង្ក្រាប​លើ​ករណី​បទ​ល្មើស​គ្រឿងញៀន​ឆ្លង​ប្រទេស ​ដោយ​បាន​ចាប់​ខ្លួន​អ្នក​ពាក់​ព័ន្ធ​ប្រមាណ​៣នាក់​ និង​មេខ្លោង​ម្នាក់​។ ​ក្នុង​ការ​ចាប់​ខ្លួន​មនុស្សទាំង​៤នាក់​នោះ ​មាន​ជន​ជាតិ​ចិន​ពីរ​នាក់​ជា​អ្នក​បច្ចេក​ទេស​ និង​ស្ត្រី​ជន​ជាតិ​ខ្មែរ​ម្នាក់​ រួម​ទាំង​បរុស​ជន​ជាតិ​ខ្មែរម្នាក់​ជា​មេខ្លោង​។​ ប៉ុន្តែ​មាន​តែ​មនុស្ស​បី​នាក់​ប៉ុណ្ណោះ ​ដែល​បាន​បង្ហាញ​ខ្លួន​ក្នុង​សន្និ​សីទ​កាសែត​ថ្ងៃទី​២០​ មិថុនា​នេះ។

ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​ ដែល​មាន​ទម្ងន់​សរុប​ប្រមាណ​ ៥៤​គីឡូ​ក្រាម​ មាន​តម្លៃជា​ទឹក​ប្រាក់​ប្រមាណ​ ៣លាន​ដុល្លារ​អាមេរិក។​ លោក ​ម៉ក់ ​ជីតូ​ អគ្គស្នងការរងនគរបាលជាតិ ​បាន​បញ្ជាក់​ថាការ​ចាប់​ខ្លួន​បាន​ធ្វើ​ឡើង​ នៅ​តំបន់​ត្រីកោណ​កម្ពុជា​ឡាវ​ ក្នុង​ខេត្ត​ស្ទឹក​ត្រែង ​ដោយ​មាន​ការ​សហការ​ពីអាជ្ញាធរដែន​ដីស្ទឹង​ត្រែង ​និង​អាជ្ញធរ​ជាតិ​ប្រឆាំង​គ្រឿង​ញៀន​នៃ​នគរ​បាល​ជាតិ។

មុន​ពេល​ឈាន​ទៅ​ដល់​ការ​បំបែក​ករណី​គ្រឿង​ញៀន​ដ៏​ធំ​នេះ​ អាជ្ញាធរ​បាន​សើប​អង្កេត​ និង​ប្រមូល​ភស្តុ​តាង​ ដោយ​ប្រើ​រយៈ​ពេល​ប្រមាណ​៣ខែ។​ ការ​ចាប់​ខ្លួន​បាន​ធ្វើ​ឡើង​ ចំ​ពេល​ដែល​គ្រឿង​ញៀន​ទាំង​នោះ ​ត្រូវ​បញ្ជូនមក​រាជធានី​ភ្នំពេញ ​ដើម្បី​បង្កើន​បរិមាណ​ ដោយ​អ្នក​ឯក​ទេស​គ្រឿង​ញៀន​ជន​ជាតិ​២នាក់​។ ​គ្រឿង​ញៀន​ទាំងនេះ ​នឹង​ត្រូវ​បញ្ជូន​ចេញ​ទៅ​តៃវ៉ាន់​បន្ត ​ក្រោយ​ពី​ធ្វើ​ការ​បង្កើប​រិមាណ​រួចរាល់។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស​លោក​ ​ម៉ក់ ​ជីតូ ​ក្នុង​សន្និសីទ​កាសែត​នារសៀល​ថ្ងៃទី២០​ មិថុនា​នេះ។

គ្រឿង​ញៀន​ទាំង​នោះ ​រួម​មាន​មេតំហ្វេតាមី​ប្រភេទ​គ្រាប់ ​ប្រមាណ​១៦​គីឡូ​ក្រោម ​មេតំហ្វេតាមីន​ទឹកកកប្រមាណ ​៣៨​គីឡូក្រោម​ និង​ហេរ៉ូអ៊ីន​ជិត​ប្រមាណ​ ០.៥​ គីឡូក្រាម​ រួម​ទាំង​ឧបករណ៍​សម្រាប់​កែច្នៃ​មួយ​ចំនួន ដែល​មាន​ទឹក​ប្រាក់​សរុប​ប្រមាណ ​៣​លាន​ដុល្លារ​អាមេរិក។​ សូម​បញ្ជាក់​ថា​នេះ ​គឺ​ជា​ករណ​លើក​ទីបី​ហើយ​នៃការ​ចាប់គ្រឿង​ញៀន​ក្នុង​បរិមាណ​ដ៏​ច្រើន​បែប​នេះ​សម្រាប់​កម្ពុជា។

ទោះ​បីជាពេល​នេះ​ អាជ្ញាធរ​បាន​នាំ​ខ្លួន​អ្នក​ពាក់​ព័ន្ធ​បីនាក់​មក​រាជធានី​ភ្នំពេញ ​ដើម្បី​ឲ្យតុលាការ​កាត់​ក្តីក៏​ដោយ តែមេខ្លោង​ម្នាក់​ ដែល​ជា​ជន​ជាតិ​ខ្មែរ​មិន​ទាន់​ត្រូវ​បាន​បញ្ជូន​មក​រាជ​ធានី​ភ្នំពេញ​នៅ​ឡើយ​ទេ។​ ជុំវិញករណី​មិន​ទាន់​បញ្ជូន​មេ​ខ្លោង​ជន​ជាតិ​ខ្មែរ​មក​ទី​ក្រុង​ភ្នំពេញ​នេះ ​មិន​ទាន់​មាន​ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ពី​អាជ្ញាធរជាតិ​ប្រឆាំង​គ្រឿង​ញៀន​នៅ​ឡើយ​។​ តែ​លោក​ ម៉ក់ ​ជីតូ ​បាន​បញ្ជាក់​ថា​អាជ្ញាធរ​នឹង​បញ្ជូន​មេ​ខ្លោង​ម្នាក់នោះ ​មក​រាជធានី​ភ្នំពេញ ​នៅ​ចុង​ខែ​មិថុនា​នេះ។​ មិន​មាន​ការ​បញ្ជាក់​ពី​មូល​ហេតុ​ ដែល​មេ​ខ្លោង​ម្នាក់​នេះ ​ត្រូវបាន​អាជ្ញាធរ​បញ្ជូន​មក​ក្រោយ​គេ​នោះ​ទេ​ ហើយ​ក៏​មិន​មាន​ការ​បញ្ជាក់​ថា​មេ​ខ្លោង​រូប​នោះ​កំពុង​ឃុំ​ខ្លួន​នៅ​ទីណា​ដែរ​។

បើ​តាម​លោក ​មាស​ វិរិទ្ធ ​អគ្គ​លេខា​ធិការ​នៃអាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ បាន​បញ្ជាក់​ថាប្រ​សិនបើ​គ្មាន​ការបង្រ្កាប​នោះ​ទេ​​ គ្រឿង​ញៀន​មេតំហ្វេតា​មីន​ត្រឹម​តែ​ប្រមាណ ​១៦គីឡូក្រាម​ នឹង​អាច​ធ្វើ​ឲ្យ​មនុស្សប្រមាណ​១៧០០០​នាក់​រង​គ្រោះ​ជា​មិន​ខាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ