អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បញ្ហា​គ្រឿង​ញៀន​ អាច​ក្លាយ​ទៅ​ជា​សង្គ្រាម​ថ្មី​មួយ​ទៀត​​សម្រាប់​កម្ពុជា

សំឡេង ០៥:២៥
ប្រភេទ​ផ្សេងៗ​នៃ​គ្រឿង​ញៀន​ដែល​ធ្វើ​ចរាចរណ៍​ក្នុង​ទី​ផ្សារ​ពិភពលោក
ប្រភេទ​ផ្សេងៗ​នៃ​គ្រឿង​ញៀន​ដែល​ធ្វើ​ចរាចរណ៍​ក្នុង​ទី​ផ្សារ​ពិភពលោក ©RFI

ការ​​ជួញដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន នៅ​តែ​ជា​បញ្ហា​ប្រឈម​សម្រាប់​កម្ពុជា​។ នា​រយៈ​ពេល​ចុង​ក្រោយ​នេះ របាយការណ៍​បាន​ឲ្យ​ដឹង​ថា ​ការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​។ ប៉ុន្តែ​ការ​បង្ក្រាប​ករណី​តូច​តាច​ដែល​ភាគ​ច្រើន​មាន​តែ​នៅ​ក្នុង​ប្រទេស ពិត​ជា​មិន​អាច​កាត់​បន្ថយ​ការ​ជួញដូរ និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន ប្រកប​ដោយ​ប្រសិទ្ធិភាព​នោះ​ឡើយ​។ ​បញ្ហា​គ្រឿង​ញៀន អាច​ក្លាយ​ទៅ​ជា​សង្គ្រាម​ថ្មី​មួយ​ទៀត​សម្រាប់​កម្ពុជា ប្រសិន​បើ​គ្មាន​វិធានការ​​ការពារ​ទប់ស្កាត់​ឲ្យ​បាន​ម៉ត់ចត់​ទេ​នោះ​។

ផ្សាយពាណិជ្ជកម្ម

នៅ​ដើម​ឆ្នាំ​២០១៥​នេះ ព័ត៌មាន​អំពី​ការ​បង្ក្រាប​គ្រឿង​ញៀន ហាក់​មាន​សន្ទុះ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​។ របាយការណ៍​របស់​អគ្គ​ស្នង​ការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ខែ​មករា​ដល់​ខែ​មេសា​ដើម​ឆ្នាំ​២០១៥​នេះ ការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​​និង​បញ្ជូន​ទៅ​កាន់​តុលាការ សរុប​ទាំង​អស់​ចំនួន​​៦០៣​ករណី ឃាត់ខ្លួន​មនុស្ស​ជាង​១​ពាន់​នាក់​។ ចំណែក​គ្រឿង​ញៀន​ដែល​រឹប​អូស​បាន​រួម​មាន មេតំហ្វេតាមីន​ ខេតាមីន ហេរ៉ូអ៊ីន កញ្ឆា និង​ម្សៅ​សង្ស័យ​គ្រឿង​ញៀន​សរុប​ទាំង​អស់​ប្រមាណ​ ១៧​គីឡូក្រាម​។

សន្ទុះ​កើន​ឡើង​នៃ​ការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​កម្ពុជា ត្រូវ​បាន​មតិ​មួយ​ចំនួន​អបអរ​សាទរ។ ប៉ុន្តែ​សូម​កុំ​ភ្លេច​ថា សន្ទុះ​កើន​ឡើង​នេះ ក៏​អាច​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ​ការ​ជួញ​ដូរ​និង​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​កម្ពុជា​កំពុង​តែ​កើន​ឡើង​ដូច​គ្នា​ដែរ​​។ ​ដោយ​ឡែក​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​នោះ​ទៀត​សោត ភាគ​ច្រើនមាន​តែ​នៅ​តាម​បណ្ដា​ខេត្ត​ក្នុង​ប្រទេស ចំណែក​ការ​បង្ក្រាប​ករណី​​​គ្រឿង​ញៀន​ចូល​មក​ប្រទេស​កម្ពុជា ឬ​ចេញ​ទៅ​ក្រៅ​ប្រទេស ហាក់​នៅ​មាន​កម្រិត​នៅ​ឡើយ​។

គ្រឿង​ញៀន​បាន​នាំ​ចូល​មក​កម្ពុជា​តាម​បណ្ដា​ច្រក​នៃ​ខេត្ត​ក្នុង​ភូមិ​ភាគ​ឦសាន តាម​កំពង់​ផែ​ក្រុង​ព្រះសីហនុ និង​តាម​​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ ហើយ​បន្ទាប់​ពី​នោះ នឹង​ត្រូវ​នាំ​ចេញ​ទៅ​វិញ​តាម​ផ្លូវ​គោក​ទៅ​ប្រទេស​ថៃនិង​ប្រទេស​វៀតណាម តាម​អាកាសយានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ និង​តាម​បញ្ញើ​ប្រៃសនីយ៍​ជា​ដើម​។

ការ​រឹត​បន្តឹង​សកម្មភាព​បង្ក្រាប​គ្រឿង​ញៀន​នៅ​តាម​ច្រក​នាំ​ចេញ​នាំ​ចូល​ទាំង​នេះ ចាត់​ទុក​ថា​ជា​រឿង​ចាំ​បាច់ និង​ទាមទារ​ឲ្យ​ចាត់​វិធានការ​ជា​បន្ទាន់​។ ព្រោះ​ប្រសិន​បើ​សកម្មភាព​រត់​ពន្ធ​គ្រឿង​ញៀនឆ្លង​ប្រទេស ជា​ពិសេស​គឺ​ការ​នាំ​ចូល​មិន​ថយ​ចុះ​ទេ​នោះ ការ​ជួញ​ដូរ​និង​ប្រើ​ប្រាស់​នៅ​ក្នុង​ប្រទេស​នៅ​តែ​មាន​សកម្មភាព​ផុល​ផុស​ដដែល បើ​ទោះ​បី​ជា​ការ​បង្ក្រាប​សកម្ម​ជាង​មុន ឬ​កើន​ឡើង​ជាង​មុន​យ៉ាង​ណា​ក៏​ដោយ​។

គួរ​កត់​សម្គាល់​ដែរ​ថា ភាគ​ច្រើន​លើស​លុប​នៃ​ការ​បង្ក្រាប​គ្រឿង​ញៀន​នៅ​កម្ពុជា គឺ​ជា​ករណីជួញ​ដូរ​ថ្នាំ​ញៀន​តូច​តាចប៉ុណ្ណោះ​​​។ រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ធ្លាប់​បាន​សម្ដែង​ក្ដី​បារម្ភ​ចំពោះ​បញ្ហា​នេះ​ដែរ​។ នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ នៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ខែ​ដើម​ខែ​មេសា​កន្លង​ទៅ លោក ស ខេង បាន​លើក​ឡើង​ថា ការ​បង្ក្រាប​ករណី​ជួញ​ដូរ​គ្រឿង​ញៀន​តូច​ៗ​គឺ​ជា​បញ្ហា​។ លោក​ ស ខេង ​ក៏​បាន​អំពាវនាវ​ឲ្យ​នគរបាល​កម្ពុជា​ទូទាំង​ប្រទេស ផ្ដោត​ការ​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត ដើម្បី​ស្វែង​រក​ចាប់​ខ្លួន​មេ​ខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន​ធំ​ៗ​​។

ទន្ទឹម​នឹង​បរាជ័យ​នៃ​ការ​បង្ក្រាប​មេ​ខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន កម្ពុជា​ក៏​កំពុង​តែ​ប្រែ​មុខ​មាត់​ពី​ប្រទេស​ដែល​គ្រាន់​តែ​ជួញ​ដូរ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន ទៅ​ជា​ប្រទេស​ដែល​ផលិត​គ្រឿង​ញៀន​​ផង​ដែរ​។ របាយការណ៍​បង្ហាញ​ឲ្យ​ឃើញ​ថា សារធាតុ​គីមី​ជា​ច្រើន​ប្រភេទ ត្រូវ​បាន​នាំ​ចូល​មក​ប្រទេស​កម្ពុជា​រាប់​សិប​តោន ​ជា​រៀង​រាល់​ឆ្នាំ​​។ ​ជា​ប្រភេទ​សារធាតុ​គីមី​ដែល​អាច​ផ្សំ​និង​ផលិត​ជា​គ្រឿង​ញៀន​បាន​។

លើស​ពីនេះ​ទៅ​ទៀត កម្ពុជា ក៏​ជា​ប្រទេស​ផ្គត់​ផ្គង់​ប្រេង​ម្រះ​ព្រៅ​ដ៏​សំខាន់​មួយ​ផង​ដែរ​។ កាល​ពី​ឆ្នាំ​២០១២​កន្លង​ទៅ នគរបាល​ប្រឆាំង​គ្រឿង​ញៀន​បាន​រឹប​អូស​ប្រេង​ម្រះ​ព្រៅ​ភ្នំ​ជាង​៣០​តោន ដែល​នៅ​ក្នុង​បរិមាណ​នេះ គេ​អាច​ចម្រាញ់​និង​ផលិត​គ្រឿង​ញៀន​ប្រភេទ​អិចស្តាស៊ី​ជាង​៥​លាន​គ្រាប់​ឯ​ណោះ​។

នៅ​ឆ្នាំ​២០១៤ របាយការណ៍​​របស់​ការិយាល័យ​អង្គការ​សហប្រជាជាតិ ស្ដី​ពី​ថ្នាំ​ញៀន​និង​ឧក្រិដ្ឋកម្ម UNODC បាន​ចង្អុល​បង្ហាញ​ថា អាស៊ី​គឺ​ជា​ទី​ផ្សារ​ដ៏​ធំ​បំផុត​លើ​ពិភព​លោក​សម្រាប់​ប្រភេទ​ថ្នាំ​ញៀន​អំហ្វេតាមីន​។ និន្នាការ​នៃ​ការ​ផលិត​ថ្នាំ​នេះ​កើន​ឡើង​ខ្លាំង ហើយ​កម្ពុជា​ក៏​មាន​និន្នាការ​ដូច​នៅ​ក្នុង​តំបន់​ផង​ដែរ​។

ទាំង​អស់​នេះ​គឺ​ជា​ភស្តុតាង​ដែល​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ថា ក្រៅ​តែ​ពី​​ប្រឈម​នឹង​បញ្ហា​ជួញ​ដូរ​គ្រឿង​ញៀន​ហើយ កម្ពុជា​ក៏​កំពុង​តែ​ប្រឈម​មុខ​នឹង​​ការ​ផលិត​គ្រឿង​ញៀន​ សម្រាប់​ប្រើ​ប្រាស់​ក្នុង​ស្រុក​ព្រម​ទាំង​​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​​ផង​ដែរ​។

នៅ​ក្នុង​បរិបទ​នេះ ផែនការ​អាស៊ាន​និង​កម្ពុជា​គ្មាន​គ្រឿង​ញៀន​នៅ​ឆ្នាំ​២០១៥ ហាក់​ស្ថិត​នៅ​ឆ្ងាយ​សែន​ឆ្ងាយ ហួស​ពី​លទ្ធភាព​ដែល​អាច​សម្រេច​បាន​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ ចំពោះ​មុខ​បញ្ហា​គ្រឿង​ញៀន​ដែល​រីក​ធំ​ធាត់​ឡើង​ដូច​សព្វ​ថ្ងៃ​នេះ វិធានការ​ជាក់​លាក់​ដើម្បី​ដោះ​ស្រាយ​គួរ​តែ​ត្រូវ​បាន​ដាក់​ចេញ​ជា​បន្ទាន់ និង​ជា​ដាច់​ខាត​ ជា​ពិសេស​ការ​រឹត​បន្តឹង​សកម្មភាព​បង្ក្រាប​គ្រឿង​ញៀន​នៅ​តាម​ច្រក​នាំ​ចេញ​នាំ​ចូល​​នៃ​ប្រទេស​កម្ពុជា​។ ការ​ស៊ើប​អង្កេត​ប្រមូល​ភស្តុតាង​ ដើម្បី​ឈាន​ទៅ​ចាប់​មេ​ខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន ក៏​ជា​រឿង​ចាំ​បាច់ ដែល​គួរ​តែ​ត្រូវ​បាន​លើក​ទឹក​ចិត្តផង​ដែរ​។

សភាព​ការណ៍​គ្រឿង​ញៀន​នៅ​ក្នុង​តំបន់​និង​ពិភពលោក នៅ​តែ​បន្ត​ជះ​ឥទ្ធិពល​ដល់​សន្តិសុខ សណ្ដាប់​ធ្នាប់ សុខភាព​សាធារណៈ និង​ភាព​ក្រី​ក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។ ការ​បណ្ដែត​បណ្ដោយ​ឲ្យ​បញ្ហា​គ្រឿង​ញៀន​នេះ រីក​ធំធាត់​ដោយ​គ្មាន​ការ​ការពារ​ទប់ស្កាត់​ឲ្យ​បាន​ម៉ត់ចត់ វា​អាច​បង្កើត​ជា​សង្គ្រាម​ថ្មី​មួយ​ទៀត សម្រាប់​ប្រទេស​កម្ពុជា​​ដ៏​តូច​និង​ក្រីក្រ​មួយ​នេះ​ផង​ក៏​ថា​បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ