អានតួអត្ថបទ
កម្ពុជា

ចៅ​ក្រម​ថា​សំណុំ​រឿង​សកម្មជន​ដី​បរិស្ថាន​ស្មុគស្មាញ ប៉ុន្តែ​ប្រកាស​សាល​ក្រម​នៅ​ថ្ងៃ​១​កក្កដា

តុលាការ ​ខេត្ត​​កោះកុង​ បាន​​ចាប់​​ខ្លួន​​សកម្មជន​​ការពារ​​បរិស្ថាន​​ទាំង​​៣​​រូប​ គឺ​​លោក ​ទ្រី សុវីគា លោក សាន់ ម៉ាឡា និង​លោក ស៊ីម សំណាង កាល​ពី​ថ្ងៃ​ទី​១៧ សីហា ឆ្នាំ២០១៥
តុលាការ ​ខេត្ត​​កោះកុង​ បាន​​ចាប់​​ខ្លួន​​សកម្មជន​​ការពារ​​បរិស្ថាន​​ទាំង​​៣​​រូប​ គឺ​​លោក ​ទ្រី សុវីគា លោក សាន់ ម៉ាឡា និង​លោក ស៊ីម សំណាង កាល​ពី​ថ្ងៃ​ទី​១៧ សីហា ឆ្នាំ២០១៥

តុលាការ​ខេត្ត​កោះកុង​នៅ​ថ្ងៃ​ទី​២៨ មិថុនា​នេះ​ បាន​បិទ​បញ្ចប់​សវនាការ​រយៈ​ពេល​ពីរ​ថ្ងៃ​លើ​សំណុំ​រឿង​សកម្មជន​បរិស្ថាន​ចំនួន​៣​នាក់​ពី​បទ​គំរាម​កំហែង​ធ្វើ​ឱ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​របស់​ក្រុមហ៊ុន​នៅ​ក្នុង​ស្រុក​បុទុម​សាគរ។ ក្រោយ​សវនាការ​តុលាការ​បាន​បញ្ជាក់​ថា សំណុំរឿង​នេះ​មាន​ភាព​ចម្រូង​ចម្រាស់។

ផ្សាយពាណិជ្ជកម្ម

សវនាការ​ក្តី​ក្តាំ​រវាង​ក្រុម​ហ៊ុន​បូម​ខ្សាច់ និង​សកម្មជន​បរិស្ថាន​មាន​ភាព​ស្មុគស្មាញ​ខ្លាំង។ នេះ​គឺ​ជា​ការ​បញ្ជាក់​ពី​លោក មីន មករា​ ចៅក្រម​នៃ​តុលាការ​ខេត្ត​កោះកុង​នៅ​រសៀល​ថ្ងៃ​ទី​ ២៨ មិថុនា​។ វាជា​ភាព​ស្មុគស្មាញ ​ព្រោះ​ថា ទាំង​មេធាវី​របស់​សកម្មជន​បរិស្ថាន​ និង​មេធាវី​ការពារ​ក្តី​ឱ្យ​ក្រុមហ៊ុន​បូម​ខ្សាច់ បូរី​យ៉ាតិច បាន​បង្ហាញ​ភស្តុតាង​រៀង​ខ្លួន។ ក្នុង​ដំណើរ​ការ​សវនាការ​២​ថ្ងៃ​មក​នេះ ​តុលាការ​បាន​សាកសួរ​នាក់​ពាក់ព័ន្ធ​ចំនួន​ ១៦​នាក់ ដែល​មាន​ទាំង​ដើម​ចោទ ចុង​ចោទ និង​សាក្សី។ ក្រោយ​ចូល​ស្តាប់​សវនាការ លោក​ អ៊ិន គង់ជិត មន្ត្រី​អង្គការ​លីកាដូ​ប្រចាំ​ខេត្ត​កោះកុង បាន​បន្ថែម​ថា ភាគី​ក្រុម​ហ៊ុន​ព្យាយាម​ដាក់​បន្ទុក​យ៉ាង​ខ្លាំង​ដល់​ក្រុម​សកម្មជន​បរិស្ថាន ហើយ​បាន​ទាមទារ​ឱ្យ​ផ្តល់​សំណង​ជំងឺ​ចិត្ត​ចំនួន​១០​ម៉ឺន​ដុល្លារ។

ក្រោយ​ផ្តល់​ចម្លើយ​និង​ភស្តុ​តាង​ទៅ​ដល់​ចៅក្រម សកម្មជន​ទាំង​បី​រូប​ ដែល​ជា​សមាជិក​អង្គការ​មាតា​ធម្មជាតិ បាន​ស្នើ​ឱ្យ​តុលាការ​ផ្តល់​ភាព​យុត្តិធម៌​ចំពោះ​ខ្លួន ខណៈ​ដែល​ខ្លួន​បាន​ប្រឹង​ប្រែង​ការ​ពារ​ការ​បូម​ខ្សាច់​របស់​ក្រុម​ដែល​ប៉ះពាល់​មក​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូល​ដ្ឋាន។

សូម​បញ្ជាក់ថា តុលាការ​ខេត្ត​កោះកុង បាន​ចាប់​ខ្លួន​សកម្មជន​ការពារ​បរិស្ថាន​ទាំង​៣​រូប គឺ​លោក ទ្រី សុវីគា លោក សាន់ ម៉ាឡា និង​លោក ស៊ីម សំណាង កាល​ពី​ថ្ងៃ​ទី​១៧ សីហា ឆ្នាំ២០១៥ ក្រោយ​មាន​បណ្តឹង​ពី​ក្រុមហ៊ុន បូរីយ៉ាតិច​ ដែល​ទទួល​បាន​សិទ្ធ​បូម​ខ្សាច់​នៅ​ក្នុង​ភូមិ​ អណ្តូង​ទឹក ឃុំ​អណ្តូង​ទឹក​ ស្រុក​បុទុមសាគរ​ខេត្ត​កោះកុង។

ក្នុង​សវនាការ​រយៈ​ពេល​២​ថ្ងៃ​មក​នេះ ក្រុម​គ្រួសារ និង​ប្រជាពលរដ្ឋ​ជា​ច្រើន​រូប​ដែល​គាំទ្រ​សកម្មជន​ទាំង​បី​រូប បាន​ឈរ​ហាល​ភ្លៀង​លើក​បដា​ស្នើ​ឱ្យ​មាន​ការ​ដោះលែង​សកម្មជន​ទាំង​បី​រូប​នោះ។ សកម្មជន​ទាំង​បី​រូប​ដែល​ពួក​គេ​អះអាង​ថា គឺ​ជា​អ្នក​ការពារ​ផល​ប្រយោជន៍​ឱ្យ​អ្នក​ភូមិ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​បូម​របស់​ក្រុមហ៊ុន ដែល​បណ្តាល​ឱ្យ​បាក់​ច្រាំង និង​បំផ្លាញ​បរិមាណ​ត្រី​ជា​ដើម។

សង្គម​ស៊ីវិល​ជា​ច្រើន​នៅ​កម្ពុជា​បាន​ស្នើ​តុលាកា​ខេត្ត​កោះកុង​ដោះលែង​សកម្មជន​បរិស្ថាន​ទាំង​បី​រូប​នេះ ហើយ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់។ យ៉ាង​ណា​មិញ ​ដោយ​សារ​សំណុំ​រឿង​នេះ ស្មុគស្មាញ​តុលាការ​ខេត្ត​កោះកុង​នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​សុក្រ ទី១ កក្កដា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ