អានតួអត្ថបទ
កម្ពុជា

​ក្រសួង​ធនធាន​ទឹក បញ្ជាក់​ថា ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​បាន​ស្រក​ចុះ​

រូបភាព៖ ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​ក្នុង​ខេត្ត​កំពង់​ស្ពឺ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន
រូបភាព៖ ស្ថានភាព​ជំនន់​ទឹក​ភ្លៀង​ក្នុង​ខេត្ត​កំពង់​ស្ពឺ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន @​រដ្ឋ​បាល​ខេត្ត​កំពង់​ស្ពឺ

ស្ថានភាព​ទឹក​ជំនន់​ទឹក​ភ្លៀង ដែល​បាន​កើត​ឡើង​នៅ​តាម​បណ្តា​ខេត្ត​ភាគ​ខាង​លិច និង​ខាង​ត្បូង​ប្រទេស​កម្ពុជា បាន​ស្រក​ចុះ​មករក​ភាព​ធម្មតា​វិញ​ហើយ នៅ​ថ្ងៃ​ទី២២ ខែ​កក្កដា​នេះ។ ឯ​ស្ថានភាព​អាកាស​ធាតុ​ក៏​បាន​វិល​មករក​ភាពធូរស្រាល​វិញ​ដែរ។ នេះ​បើ​តាម​អ្នក​នាំ​ពាក​ក្រសួង​ធនធាន​ទឹក។

ផ្សាយពាណិជ្ជកម្ម

លោក ចាន់ យុត្ថា អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​​នៅ​ថ្ងៃ​ទី២២ ខែ​កក្កដា​នេះ ថា ស្ថានភាព​ទឹក​ជំនន់​នៅ​តាម​ខេត្ត ដែល​បាន​ជន់លិចនា​ពេល​កន្លង​មក បាន​ធូរស្រាល​អស់​ហើយ នៅ​សល់តែ​ព្រែក​ស្រែ​អំបិល​ផ្នែក​ខាង​ក្រោម​ក្នុង​ខេត្ត​កោះ​កុង​ប៉ុណ្ណោះ។ ចំណែក​ឯ​ខេត្ត​កំពង់ស្ពឺ ដែល​បាន​ជន់លិច​ខ្លាំង​នោះ ក៏​វិល​មករក​ភាពប្រក្រតី​វិញ​ដែរ។

បើ​តាម​លោក ចាន់ យុត្ថា ជំនន់ស្ទឹង​ព្រែក​ត្នោត​កំពុង​តែ​គំរាម​កំហែង​រាជធានី​ភ្នំពេញ​មួយ​ផ្នែក និង​ខេត្ត​កណ្តាល​មួយ​ផ្នែក។ បើ​តាម​ការព្យាករណ៍កម្ពស់​ទឹក កាលពី​ថ្ងៃ​ទី២១ ខែ​កក្កដា នៅ​ស្ទឹង​ព្រែក​ត្នោ ទឹក​បាន​ហូរលើទំនប់បង្ហៀរ​ក្នុង​កម្ពស់​ប្រមាណ​១,៤៧​ម៉ែត្រ ខ្ពស់​ជាង​ជំនន់​ទឹក​ភ្លៀងឆ្នាំ​២០១០ ប៉ុន្តែ​ស្ថានភាព​ទឹក​កំពុង​តែស្រក​ចុះ ហើយ​ក្រសួង​ធនធា​ទឹក​អាច​គ្រប់​គ្រង​​ស្ថានការណ៍​នេះ​បាន។

សូម​ជម្រាប​ជូន​ថា កាលពី​ដើម​សប្តាហ៍​កន្លង​ទៅ ខេត្ត​ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង និង​ខាង​លិច​ប្រទេស​កម្ពុជា​បាន​ជន់លិច ដោយ​ជំនន់​ទឹក​ភ្លៀង។ ខេត្ត​ទាំង​នោះ​រួម​មាន​ខេត្ត​ប៉ៃលិន​, បាត់​ដំបង, កោះ​កុង, កំពត, ព្រះ​សីហនុ, កំពង់ស្ពឺ, តាកែវ និង​ខេត្ត​កណ្តាល។

ក្រៅ​ពី​ខេត្ត ដែល​បាន​ជន់លិច​ដោយ​ទឹក​ភ្លៀង អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក​អះអាង​ថា ខេត្ត​មួយ​ចំនួន​ទៀត ដែល​នៅ​ជាប់​នឹង​ដង​ទន្លេ​មេគង្គលើ​ក៏​បាន​ជន់លិច​ដែរ តែ​មិន​ស្ថិត​ក្នុង​កម្រិត​ប្រកាស​អាសន្ន​នោះ​ទេ។ លោក​អះអាង​ថា​ស្ថានភាព​ទឹក​តាម​ខេត្ត​ទាំង​នោះ បាន​ស្រក​ចុះ​ខ្លះៗ​ហើយ រហូត​មក​ដល់​ពេល​នេះ។ ខេត្ត​ទាំង​នោះ​រួម​មាន​ខេត្ត​ស្ទឹងត្រែង, ក្រ​ចេះ​, ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម។

លោក ចាន់ យុត្ថា កត់​ស្គាល់​ថា សម្រាប់​ឆ្នាំ​២០១៨​នេះ ប្រទេស​កម្ពុជា​ទទួល​រង​នូវ​ឥទ្ធិពល​ច្រើន​ពីបាតុភូតឡានីណា( La Nina) ដែល​ជាបាតុភូតុ​មួយ​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​ពិសេស​នៅ​ក្នុង​អំឡុង​ខែ​សីហា និង​ខែ​កញ្ញា​ខាង​មុខ។ លោក​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ ក្រសួង​ធនធាន​ទឹក​កំពុង​តែ​បន្ត​តាម​ដាន​បញ្ហា​អាកាស​ធាតុ ហើយ​បើ​មាន​ការ​ប្រែប្រួល​ក្រសួង​នឹង​ជូន​ដំណឹង​ជា​សាធារណៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ