អានតួអត្ថបទ
កម្ពុជា-សារព័ត៌មាន

តុលាការ​នឹង​បើក​សវនាការ ២​ករណី លើ​អតីត​អ្នក​កាសែត RFA នៅ​សប្តាហ៍​ក្រោយ

​លោក អួន ឈិន និង​លោក​យាង សុធារិន ហៅ ​យាង សុជាមេត្តា​អតីត​អ្នក​សារព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី
​លោក អួន ឈិន និង​លោក​យាង សុធារិន ហៅ ​យាង សុជាមេត្តា​អតីត​អ្នក​សារព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី @សហការី

តុលាការ​ក្រុង​ភ្នំពេញ​ នឹង​បើក​សវនាការ ដើម្បី​សាក​សួរ​ចម្លើយ​បន្ថែម​ទៅ​លើ​​លោក​អួន ឈិន និង​លោក ​យាង សុជាមេត្តា ដែល​ជា​អតីត​អ្នក​សារព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី (RFA) នៅ​ថ្ងៃ​ចន្ទ​ទី ២៥​ធ្នូ​សប្តាហ៍​ក្រោយ។ បន្ទាប់​មក នៅ​ថ្ងៃ​ទី ២៦​ធ្នូ សាលា​ឧទ្ធរណ៍​នឹង​បើក​សវនាការ​ជុំ​វិញ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ពួក​គេ​ទាំង​ពីរ​នេះ​ផង​ដែរ។ ​លោក​កែវ វន្នី មេធាវី​ការពារ​ក្តី​ជន​ជាប់​ចោទ​ទាំង​ពីរ​បញ្ជាក់​ថា​សំណុំ​រឿង​នេះ​ មាន​ភាព​ស្មុគ​ស្មាញ ប៉ុន្តែ​លោក​កំពុង​តែ​រៀប​ចំ​សារណា​ដាក់​ជូន​តុលាការ​ដោយ​សង្ឃឹម​ថា កូន​ក្តី​របស់​លោក នឹង​អាច​ទទួល​បាន​យុត្តិធម៌​ក្នុង​ពេល​ឆាប់ៗ។

ផ្សាយពាណិជ្ជកម្ម

លោក​កែវ វន្នី មេធាវី​ការពារ​ក្តី​លោក អួន ឈិន និង​លោក​យាង សុធារិន ហៅ ​យាង សុជាមេត្តា​អតីត​អ្នក​សារព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី បាន​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា កូន​ក្តី​របស់​លោក​នឹង​ត្រូវ​ឡើង​តុលាការ​ក្រុង​ភ្នំពេញ​ជា​ថ្មី នៅ​ដើម​សប្តាហ៍ក្រោយ​ ពាក់​ព័ន្ធ​នឹង​បទ​ចោទ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍ ដែល​អាច​ធ្វើ​ឱ្យ​អន្តររាយ​ការ​ការពារ​ជាតិ​ ​តាម​ក្រម​ព្រហ្ម​ទណ្ឌ​របស់​កម្ពុជា។ ក្រៅ​ពី​នោះ នៅ​ថ្ងៃ​បន្ទាប់ សាលា​ឧទ្ធរណ៍​ក៏​នឹង​បើក​សវនាការ​មួយ​ផ្សេង​ទៀត​លើ​បណ្តឹង​ជំទាស់​ការ​សម្រេច​មិន​ឲ្យ​នៅ​ក្រៅ​ឃុំ​របស់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ទៅ​លើ​ពួក​គេ។

តាម​លោក​មេធាវី កែវ វន្នី កន្លង​មក ​តុលាការ បាន​បដិសេធ​ចំពោះ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​នេះ​ម្តង​រួច​មក​ហើយ ប៉ុន្តែ​ខាង​លោក​មិន​ឯកភាព​ ហើយ​បាន​ប្តឹង​ឧទ្ធរណ៍​ជា​ថ្មី។ លោក​មេធាវី យល់​ថា​សំណុំ​រឿង​របស់​អតីត​អ្នក​សារព័ត៌មាន​ទាំង ២ មាន​ភាព​ស្មុក​ស្មាញ​ខ្លាំង ព្រោះ​ថា​តុលាការ​បាន​ចោទ​ប្រកាន់​ពួក​គាត់​ធ្ងន់​ធ្ងរ​ជ្រុល​ពេក។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា លោក​ក៏​បាន​រៀប​ចំ​សារណា​ច្បាស់​លាស់ ដាក់​ជូន​តុលាការ ដោយ​នៅ​តែ​មាន​ក្តី​សង្ឃឹម​ថា កូន​ក្តី​របស់​លោក​ទាំង ២ នឹង​ទទួល​បាន​យុត្តិធម៌​ក្នុង​ពេល​ឆាប់ៗ។

គួរ​រម្លឹក​ជូន​ថា អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី របស់​សហរដ្ឋ​អាមេរិក ទាំង ២​នាក់ ត្រូវ​បាន​អាជ្ញាធរ​ខ័ណ្ឌ​មាន​ជ័យ ចូល​ទៅ​ចាប់​ខ្លួន និង​រឹប​អូស​សម្ភារៈ​ប្រើ​ប្រាស់​ទាំង​អស់ កាល​ពី​ថ្ងៃ​ទី ១៤​វិច្ឆិកា នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ឈ្មោះ ម៉ារឌី​ ស្ថិត​នៅ​ក្បែរ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ក្រុង​ភ្នំពេញ។ បន្ទាប់​មក តុលាការ បាន​ចោទ​ប្រកាន់​ពួក​គាត់ ពី​បទ «ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន ជា​អាទិ៍​ដែល​អាច​ធ្វើ​ឲ្យ​អន្តរាយ​ការ​ការពារជាតិ» ស្រប​តាម​មាត្រា ៤៤៥ នៃ​រដ្ឋ​ធម្មនុញ្ញា​របស់​កម្ពុជា ដែល​អាច​ជាប់​​ពន្ធនាគារ​ ពី ៧ ទៅ ១៥​ឆ្នាំ។

យ៉ាង​ណា​ក៏​ដោយ លោក​មេធាវី កែវ វន្នី បាន​បញ្ជាក់​ថា ទោះ​បី​ជា​បាន​ចោទ​ប្រកាន់​រួច​ហើយ​ក្តី ប៉ុន្តែ​សមត្ថកិច្ច នៅ​មិន​ទាន់​បាន​ប្រគល់​នូវ​សម្ភារៈ ដែល​រឹបអូស ឲ្យ​ដល់​គ្រួសារ​របស់កូន​ក្តី​លោក​ទាំង ២ តាម​បទ​បញ្ជា​របស់​តុលាការ ដែល​ឲ្យ​ប្រគល់​នូវ​សម្ភារៈ​ម្តង​មួយ​ផ្នែក ដល់​គ្រួសារ​របស់​ជន​ជាប់​ចោទ​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ