អានតួអត្ថបទ
កម្ពុជា-នយោបាយ

កម្ពុជា​ប្រារព្ធ​ខួប​៤ឆ្នាំ​នៃ​ការ​សោយ​ទិវង្គត​​របស់​ព្រះបាទ​នរោត្តមសីហនុ

សម្តេច​ឪ ​នរោត្តម ​សីហនុ ​អតីត​ព្រះមហាវីរក្សត្រ​ របស់​កម្ពុជា​។
សម្តេច​ឪ ​នរោត្តម ​សីហនុ ​អតីត​ព្រះមហាវីរក្សត្រ​ របស់​កម្ពុជា​។ @RFI

ពិធី​គោរព​ព្រះវិញ្ញាណ​ក្ខន្ធ​សម្ដេច​ព្រះបាទ នរោត្តម សីហនុ គម្រប់​ខួប​៤ ឆ្នាំ នៅ​ឆ្នាំ​នេះ ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ដូច​រៀង​រាល់​ឆ្នាំ​ដែរ។ ស្ថាប័ន​ជាតិ រួម​ទាំង​ថ្នាក់​ដឹក​នាំ​កំពូលៗ​ ព្រឹទ្ធ​សភា រដ្ឋសភា និង​រដ្ឋាភិបាល គ្រប់​ក្រសួង​មន្ទីរ បាន​ដាក់​វេន​គ្នា ដើម្បី​គោរព​ព្រះ​វិញ្ញាណ​ក្ខន្ធ ព្រះ​បរមរតនកោដ្ឋ នៅ​វិមាន​តម្កល់​ព្រះបរម​រូប ខាងកើត​វិមាន​ឯករាជ្យ នៅ​ព្រឹក​ថ្ងៃ​ទី​១៥​ខែ​តុលា នេះ ។ខណៈ​បក្ស​សង្គ្រោះ​ជាតិ​ប្រារព្ធ​ពិធី​គោរពវិញ្ញាណ​ក្ខន្ធ​នៅ​ទីស្នាក់​ការ​បក្ស។

ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​ទី​១៥​ខែ​តុលា​ឆ្នាំ​២០១២-ថ្ងៃ​ទី​១៥​ខែ​តុលា​ឆ្នាំ​២០១៦ ​គឺ​ជា​ខួប​គម្រប់​៤​ឆ្នាំ​គត់​នៃ​ការ​សោយ ទីវង្គត របស់​ព្រះករុណា​ព្រះមហាវីរក្សត្រ នរោត្តម សីហនុ។ មិន​ខុស​ពី​ឆ្នាំ​មុនៗ​ រាជរដ្ឋាភិបាល​កម្ពុជា​ ព្រះរាជវង្សានុវង្ស ថ្នាក់​ដឹក​នាំ មន្រ្តី​រាជ​ការ និង ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​កម្ពុជា បានរៀប​ចំ​ពិធី​គោរព​ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​នរោត្តម​សីហនុ ព្រះបរមរតនកោដ្ឋ នៅ​សួនច្បារ​ខាង​កើត​វិមាន​ឯករាជ្យ​។

ក្រៅ​ពី​នេះ នៅ​តាម​បណ្តា​ផ្លូវ វិថី​ និង ស្ថាប័ន សំខាន់ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង នៅ​តាម​បណ្តា​ខេត្ត​នានា ក៏​មាន​ផងដែរ​ការ​ដាក់​តាំង​ព្រះបរម​ឆាយាល័ក្ខណ៍​របស់​ព្រះអង្គ ដោយ​មាន​ភ្លើង​ពណ៍​បំភ្លឺ និង តុប​តែង​លម្អ​ទង់​ជាតិ ទង់​ក្អែប បដា ពាក្យ​ស្លោក និង​ ទង់ជាតិ​ព្រះរាជា​ណាចក្រកម្ពុជា​ផង​ដែរ​។

ទន្ទឹម​គ្នា​នេះ នៅ​ព្រះបរមរាជា​វាំង ក៏​មាន​ចាត់​តាំង​រៀប​ចំ​ពិធី​គោរព​ព្រះវិញ្ញាណក្ខន្ធ​ ព្រះ​ករុណា ព្រះបរមរតន​កោដ្ឋ តាម​ប្រពៃណី​សាសនា ប្រពៃណីជាតិ និង តាម​ការ​សព្វ​ព្រះទ័យ​របស់​ព្រះករុណា​ជា​អម្ចាស់​លើ​ត្បូង និង សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិ​ខ្មែរ។

ចំណែក​នៅ​ទី​ស្នាក់​ការ​កណ្តាល​គណបក្ស​សង្រ្គោះជាតិ នៅ​ព្រឹក​ថ្ងៃ​ទី ១៥ ខែ​ តុលា ក៏​បានរៀប​ចំ​ពិធីបង្សុកូល​គោរព​វិញ្ញាណ​ក្ខន្ធ​ថ្វាយ អតីត​ព្រះមហាក្សត្រ​ខ្មែរ ព្រះ​បាទ​នរោត្តម សីហនុ ដោយ​មាន​ការ​ចូល​រួម​ពី​មន្រ្តី​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្រ្គោះ​ជាតិ​ផង​ដែរ​។

ឆ្លៀត​ក្នុង​ឱកាសនោះ លោក កឹម សុខា ប្រធាន​ស្តី​ទី​គណបក្ស​សង្រ្គោះ​ជាតិ បាន​លើក​ឡើង​ពី​ស្នា​ព្រះហស្ត​ របស់​ព្រះអង្គ និង បាន​លើក​ឡើង​ពី​កម្តៅ​នយោបាយ​នៅ​កម្ពុជា ថា​មិន​ទាន់​រួប​រួម​គ្នា​នៅ​ឡើយ និង បួង​សួង​ឲ្យ​ព្រះអង្គ​ជួយ​តាម​ថែរក្សា​ឲ្យ​អ្នក​នយោបាយ​មាន​ការ​រួប​រួម​គ្នា​វិញ​។

សូម​រំឮក​ជូន​ថា ព្រះករុណា​ ព្រះ​បាទ​សម្តេច​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិ បាន​ប្រសូត​នៅ​ថ្ងៃ​ទី ៣១ ខែ តុលា ឆ្នាំ​១៩២២ និង បាន​យាង​ចូល​ទិវង្គត​កាល​ពី​ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០១២ នៅ​ទី​ក្រុង​ប៉េកាំង ប្រទេស​ចិន ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា។ សមិទ្ធិផល​ជា​ច្រើន ត្រូវ​បាន​កសាង​ឡើង​នៅ​ក្នុង​សម័យ​កាលរបស់ ព្រះអង្គ រួមមាន វិមាន​ឯករាជ្យ វិមានរដ្ឋ​ចំការមន អាកាសយានដ្ឋាន​អន្តរជាតិ​ពោធ៌ចិនតុង ពហុកីឡា​ជាតិ​អូឡាំពិក សាលសន្និសីទ​ចតុមុខ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាលាភូមិន្ទ​រដ្ឋបាល សាកលវិទ្យាល័យ​នីតិ​សាស្រ្ត និង វិទ្យាសាស្រ្ត​សេដ្ឋកិច្ច មន្ទីរពេទ្យ​មិត្តភាព ខ្មែរ សូវៀត ជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ