អានតួអត្ថបទ
កម្ពុជា-នយោបាយ

​អាល្លឺម៉ង់​៖ ​កម្ពុជា​នៅ​តែ​អាច​ទទួល​បាន​ការ​អនុ​គ្រោះ​ពន្ធ​EBA ​បើ​ប្រទេស​នេះ​បើក​ចំហ​នយោបាយ​

អាល្លឺម៉ង់​ (រូបតំណាង)
អាល្លឺម៉ង់​ (រូបតំណាង) @One World Nations Online

ប្រទេស​អាល្លឺម៉ង់ បាន​អះអាង​ថា កម្ពុជា​នៅ​តែ​មាន​ឱកាស​ទទួល​បាន​ការ​បន្ត​ការ​អនុ​គ្រោះ​ពន្ធ​EBA ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា​បើក​ចំហ​បរិយា​កាស​នយោបាយ​ និង​សិទ្ធិ​សង្គម​ស៊ីវិល​ឡើង​វិញ។ ការ​លើក​ឡើង​ដូច​នេះ គឺ​ធ្វើ​ឡើង​ដោយ លោក Nobert BARTHLE សមាជិក​សហព័ន្ធ​អាល្លឺម៉ង់ និង​ជា​រដ្ឋ​លេខាធិការ​ក្រសួង​សហ​ប្រតិ​បត្តិ​ការ នៃ​ប្រទេស​អាល្លឺម៉ង់ ក្នុង​ជំនួប​ជាមួយ​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន កាល​ពី​ថ្ងៃ​ចន្ទ​។ 

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សំណេរ​ជាង​ពីរ​បន្ទាត់​នៅលើ​ទំព័រ​ហ្វេសប៊ុក​​ ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា​នៅតែមានឱកាស​ទទួលបាន​ការ​អនុគ្រោះពន្ធ​ហៅកាត់ថាEBA​ដើម្បី​នាំទំនិញ​ទៅ​កាន់​ទី​ផ្សារ​អឺរ៉ុបដដែល។ នោះប្រសិនបើ​កម្ពុជា​បើក​ចំហបរិយាកាស​នយោបាយ​ និង​សិទ្ធិ​សង្គម​ស៊ីវិល​ឡើងវិញ។ បើតាម​ស្ថានទូតអាល្លឺម៉ង់ «យើងត្រូវកសាងទំនុកចិត្តឡើងវិញនិងស្វែងរកដំណោះស្រាយ»។

ដោយឡែក​ នៅលើ​ទំព័រហ្វេសប៊ុក​របស់លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន វិញ ពុំមានឃើញលើក​ឡើង​ពីបញ្ហា​EBAនេះទេ​នៅក្នុងជំនួបជាមួយលោក Nobert BARTHLE សមាជិកសហព័ន្ធអាល្លឺម៉ង់ និងជារដ្ឋលេខាធិការក្រសួងសហប្រតិបត្តិការ នៃប្រទេសអាល្លឺម៉ង់នោះ។ ប៉ុន្តែបានបញ្ជាក់សារជាថ្មីថា អាល្លឺម៉ង់នៅគាំទ្រ និងបន្តសហការជាមួយកម្ពុជា ក្នុងការជួយដល់វិស័យកសិកម្ម អគ្គិសនីការប្រើប្រាស់ផ្ទាំងសូឡា ប្រព័ន្ធស្រោចស្រពទឹក និងជំរុញការវិនិយោគនៅប្រទេសកម្ពុជា ព្រមទាំងជួយដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ផងដែរ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបាន​អះអាងថា​លោក​មិនបាន​ដឹង​អ្វី​ដែល​អាល្លឺម៉ង់​លើក​ឡើង​នោះទេ ប៉ុន្តែលោក​បញ្ជាក់ថា កម្ពុជា​នៅតែ​រក្សាដូចមុនដដែល។ ជាជំហរដែល​រដ្ឋាភិបាលកម្ពុជា​ធ្លាប់​អះអាងថា មិនឱនក្បាល​រណប​បរទេស​ដើម្បីជាថ្នូរនឹងការទទួលបានជំនួយនោះឡើយ។

សូមបញ្ជាក់ថា អាល្លឺម៉ង់ គឺជាសមាជិកសំខាន់​មួយ​របស់​សហភាពអឺរ៉ុប។ សហភាពអឺរ៉ុប កាលពីថ្ងៃទី១១ ខែកុម្ភៈ ​បាន​ប្រកាស​អំពី​ការ​ចាប់​ផ្ដើមនីតិវិធីរបស់ខ្លួន​ឈាន​ទៅព្យួរ​ជា​បណ្ដោះ​អាសន្ន​​​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធលើទំនិញទាំងអស់លើកលែងតែអាវុធពីកម្ពុជា​ឬហៅកាត់ថាEBA។

ដោយឡែក សមាជិក​សភា​អាមេរិក​ពីរ​រូប គឺ លោក Alan Lowenthal និង​ លោក Steve Chabot កាល​ពី​ថ្ងៃ​អង្គារ ក៏​បាន​ដាក់​សេចក្តី​ស្នើ​ច្បាប់​របស់​ខ្លួន​ដោយ​ជំរុញ​ឲ្យ លោក ដូណាល់ ត្រាំ ពិនិត្យ​លើ​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ដល់​កម្ពុជា ដោយ​អះអាង​ថា កម្ពុជា​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ​៕​

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ