អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ការ​គ្រប់គ្រង​​វិស័យ​​សុខាភិបាល​​ជា​​គន្លឹះ​​ដោះស្រាយ​​វិបត្តិ​​សង្គម​

សំឡេង ០៤:៤៣
​នៅ​​ពេល​​​មាន​​​ជំងឺ​​ម្តង​ៗ​ ​គ្រួសារ​​​អ្នក​មាន​​​តែងតែ​​​​ចាក​ចេញ​​ទៅ​​​ព្យាបាល​​​នៅ​​ក្រៅ​​​ប្រទេស​​ ខណៈដែល​អ្នក​ក្រីក្រ​តែង​តែ​ពឹង​ផ្អែក​លើ​សេវា​ព្យាបាល​ក្នុង​ស្រុក​
​នៅ​​ពេល​​​មាន​​​ជំងឺ​​ម្តង​ៗ​ ​គ្រួសារ​​​អ្នក​មាន​​​តែងតែ​​​​ចាក​ចេញ​​ទៅ​​​ព្យាបាល​​​នៅ​​ក្រៅ​​​ប្រទេស​​ ខណៈដែល​អ្នក​ក្រីក្រ​តែង​តែ​ពឹង​ផ្អែក​លើ​សេវា​ព្យាបាល​ក្នុង​ស្រុក​ RFI/Siv Channa

បើទោះបី​ជា​​វិស័យ​​សុខាភិបាល​​មាន​ការ​​រីក​ចម្រើន​​គួរ​​ឲ្យ​​កត់​សម្គាល់​​ក៏​ដោយ ​ក៏​​នៅ​មាន​​បញ្ហា​​ច្រើន​ណាស់​​ដែល​​ត្រូវ​​ដោះស្រាយ​។ ​នៅ​ពេល​​មាន​​ជំងឺ​ម្តង​ៗ ​គ្រួសារ​​អ្នក​មាន​​តែង​​ចាក​ចេញ​ទៅ​​ព្យាបាល​​នៅ​ក្រៅ​​ប្រទេស​។ ​គុណភាព​​ទាប​ តែ​​តម្លៃ​ខ្ពស់​ នៅតែ​​ជា​​បញ្ហា​​ចោទ​​សម្រាប់​​សេវា​​សុខាភិបាល​​ក្នុង​ស្រុក​។ ​នៅ​ឯ​​តំបន់​​ជនបទ​​វិញ ​សេវា​​សុខាភិបាល​​រឹតតែ​​មិន​អាច​​គ្រប់គ្រង​​បា​ន​។ ការ​ប្រើប្រាស់​​ថ្នាំ​​តាម​​ទំនើងចិ​ត្ត​ និង​​ការ​ព្យាបាល​​ជំងឺ​​ខុស​​បច្ចេកទេស​ នៅតែ​​ជា​​ទម្លាប់​​ដែល​​មិន​ទាន់​​ប្រែប្រួល​​នៅ​ឡើយ​។ ​ដូច្នេះ ​ការ​គ្រប់គ្រង​​វិស័យ​​សុខាភិបាល​​ឲ្យ​​បាន​ល្អ​ជា​​គន្លឹះ​​ដោះ​ស្រាយ​​វិបត្តិ​​ច្រើន​យ៉ាង​​ក្នុង​សង្គម​។​

ផ្សាយពាណិជ្ជកម្ម

នៅពេល​ដែលមាន​សមាជិក​គ្រួសារ​ណា​ម្នាក់​ធ្លាក់ខ្លួន​ឈឺ គ្រួសារ​អ្នកមាន​លទ្ធភាព​បាន​ចាក​ចេញទៅ​ព្យាបាល​នៅក្រៅ​ប្រទេស ដូចជា​សាំង​ហ្គា​ពួរ ថៃ ឬ​វៀតណាម ទៅតាម​លទ្ធភាព​ធនធាន​ដែល​ខ្លួន​មាន។ ប៉ុន្តែ គ្រួសារ​អ្នកក្រីក្រ​គ្មាន​ជម្រើស​អ្វី​ក្រៅពីរ​ត់រក​មណ្ឌល​សុខភាព មន្ទីរពេទ្យ​រដ្ឋ ឬក៏​មន្ទីរ​ពហុ​ព្យាបាល​ឯកជន​ក្នុងស្រុក​នោះឡើយ។

ពលរដ្ឋ​ក្រីក្រ​ក្នុង​តំបន់​ដាច់ស្រយាល​ឯណោះ​វិញ​ច្រើនតែ​ទិញ​ថ្នាំពេទ្យ​មក​ព្យាបាល​ដោយ​ខ្លួនឯង​ដោយ​គ្មាន​វេជ្ជបញ្ជា។ អ្នកខ្លះ​ទៀតរ​ត់ទៅ​ពឹងពាក់​ពេទ្យ​ភូមិ​ដែល​ចេះ​វិជ្ជាពេទ្យ​មិន​ច្បាស់លាស់​ឬក៏​អ្នករកស៊ី​ចាក់​ថ្នាំ​តាម​ភូមិ​ដោយ​មិនបាន​ឆ្លងកាត់​ការសិក្សា​ផ្នែក​វិជ្ជាពេទ្យ​ត្រឹមត្រូវ​ឡើយ។ ការព្យាបាល​របៀបនេះ​អាច​បង្កបញ្ហា​រយៈពេល​យូរ​ចំពោះ​សុខភាព​ឬក៏​ពេលខ្លះ​បង្ក​គ្រោះថ្នាក់ភ្លាមៗក៏មាន។ ករណី​ឆ្លង​មេរោគ​អេដស៍​នៅ​ភូមិ​រកា ខេត្តបាត់ដំបង​គឺជា​ឧទាហរណ៍​ស្រាប់។

ជាការ​ពិត បញ្ហា​ដែល​កំពុង​ចោទឡើង​ក្នុង​វិស័យ​សុខាភិបាល​កម្ពុជា​បច្ចុប្បន្ន​មាន​ច្រើនយ៉ាង​ដូចជា គុណភាព​នៃ​ការព្យាបាល​មិនសូវ​ល្អ​តែ​តម្លៃ​ខ្ពស់ ការធ្លាក់ចុះ​នៃ​សីលធម៌​គ្រូពេទ្យ​ដែល​ជំរុញ​ឲ្យ​អ្នក​ប្រកប​អាជីព​នេះ​មួយចំនួន​សម្លឹង​ឃើញ​ប្រាក់​ធំ​ជាង​គ្រោះថ្នាក់​នៃ​ជីវិត​មនុស្ស។  ងាក​ទៅ​មើល​កន្លែង​លក់​ថ្នាំពេទ្យ​វិញ ឱសថស្ថាន​មួយចំនួន​គ្មាន​ច្បាប់​អនុញ្ញាត ឱសថស្ថាន​ខ្លះទៀត​គ្មាន​ឱសថការី​ជា​អ្នក​ឈរ​លក់​ថ្នាំ​ពិតប្រាកដ​ឡើយ។ នៅ​កម្ពុជា មនុស្ស​ទូទៅ​អាច​ទិញ​ថ្នាំពេទ្យ​បាន​តាមចិត្ត​ចង់ ឬក៏​អ្នកលក់​ថ្នាំ​ខ្លះ​តាំងខ្លួន​ជា​អ្នក​ផ្សំ​ថ្នាំ​ឲ្យ​អ្នកជំងឺ​ដោយ​ខ្លួនឯង​ដោយ​មិនចាំបាច់​មាន​វេជ្ជបញ្ជា។ ផ​លិ​ផល​ថ្នាំពេទ្យ ឬ​ផលិតផល​ដែល​ទាក់ទង​នឹង​សុខភាព​ត្រូវបាន​គេ​ឃោសនា និង​ដាក់លក់​តាម​ទំនើងចិត្ត។ តើ​ទាំងនេះ​មិនមែនជា​ភាពអនាធិបតេយ្យ​ក្នុង​វិស័យ​សុខាភិបាល​ទេ​ឬ?

និយាយ​បែបនេះ គេ​ក៏​មិនត្រូវ​ភ្លេច​ការរីកចម្រើន​វិស័យ​សុខាភិបាល​កម្ពុជា​រយៈពេល​ចុង​ក្រោយនេះ​នេះដែរ។ មន្ទីរពេទ្យ​រដ្ឋ និង​មណ្ឌល​សុខភាព​មាន​វត្តមាន​កាន់តែច្រើន ខណៈដែល​ឱសថដ្ឋាន និង​មន្ទីរ​ពហុ​ព្យាបាល​ឯកជន​ក៏​កំពុង​រីកដុះដាល។ គ្រូពេទ្យ​មួយចំនួន​ក៏បាន​ខិតខំ​គោរព​ក្រមសីលធម៌​ដើម្បី​លើកកម្ពស់​វិជ្ជាជីវៈ​របស់ខ្លួន។ ទាំងនេះ​ជាស​ញ្ញា​វិជ្ជមាន​គួរ​ឲ្យ​លើកទឹកចិត្ត។ ប៉ុន្តែ ជាការ​កត់សម្គាល់ គ្រូពេទ្យ​ដែល​គោរព​វិជ្ជាជីវៈ​ត្រឹមត្រូវ​ច្រើនតែ​រកប្រាក់​មិនសូវ​បាន​ពីព្រោះ​អ្នកជំងឺ​ច្រើនតែ​ចូលចិត្ត​គ្រូពេទ្យ​ដែល​ព្យាបាល​ឆាប់​ជា​ទោះជា​ប្រើ​មធ្យោបាយ​ណាក៏ដោយ។ ចំណែក​គ្រូពេទ្យ​ដែល​ព្យាបាល​ត្រឹមត្រូវ​តាម​ក្បួន​វេជ្ជសាស្ត្រ​ច្រើន​ប្រើពេល​យូរ​ដែល​ធ្វើ​ឲ្យ​អតិថិជន​មិនសូវ​ផ្តល់​តម្លៃ។ ទម្លាប់​ផ្តល់​តម្លៃ​ខុស​របស់​សាធារណជន​ខ្មែរ​បែបនេះ​ក៏​ជា​បញ្ហា​ធំធេង​មួយ​ដែរ។

ដូច្នេះ ការលើកកម្ពស់​វិស័យ​សុខាភិបាល​គឺជា​កិច្ចការ​ចាំបាច់​ណាស់​សម្រាប់​ប្រទេស​កម្ពុជា​ដើម្បី​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​សុខមាលភាព​របស់​ប្រជាពលរដ្ឋ។ ដើម្បី​អាចធ្វើ​បាន វា​ទាមទារ​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន។ ក្រសួងសុខាភិបាល​ត្រូវ​គ្រប់គ្រង​វិស័យនេះ​ឲ្យ​បាន​ម៉ត់ចត់​សំដៅ​បង្កើន​គុណភាព​សេវា​ព្យាបាល​ជំងឺ ក៏ដូចជា​បង្កើន​សីលធម៌​របស់​គ្រូពេទ្យ។ បន្ទាប់មក ការធ្វើ​ឲ្យ​សុខាភិបាល​មាន​តម្លៃថោក​សម្រាប់​ជនក្រីក្រ​គឺជា​កិច្ចការ​សំខាន់​ជាបន្ទាន់។ រីឯ​អ្នករកស៊ី​ចាក់​ថ្នាំ​ដែល​គ្មាន​ជំនាញ​ត្រឹមត្រូវ​មិនគួរ​មាន​ទៀត​ទេ​នៅក្នុង​យុគសម័យ​នេះ។

ការគ្រប់គ្រង​អាជីវកម្ម​ថ្នាំពេទ្យ និង​ផលិតផល​ទាក់ទង​នឹង​សុខភាព​ក៏​ជា​រឿង​ចាំបាច់​មិនអាច​មើលរំលង​បានដែរ​ពីព្រោះថា ភាពអនាធិបតេយ្យ​ក្នុង​វិស័យនេះ​ក៏​ចូលរួមចំណែក​យ៉ាងសំខាន់​ដែរ​ក្នុងការ​បំផ្លាញ​ថវិកា​គ្រួសារ​ខ្មែរ។ ទោះបីជា​មិនទាន់មាន​ការសិក្សា​ជាក់លាក់​ណាមួយ​ត្រូវបាន​ធ្វើឡើង​ក៏ដោយ ក៏​គេ​អាច​មើលឃើញ​យ៉ាងច្បាស់​ថា ការចំណាយ​ទៅលើ​សុខភាព​គឺជា​បន្ទុក​ដ៏​ធ្ងន់​មួយ​របស់​គ្រួសារ​ខ្មែរ​ជាពិសេស​គ្រួសារ​អ្នកក្រីក្រ។ ក្នុងមួយឆ្នាំៗ ថវិកា​ជាច្រើន​ត្រូវបាន​ពលរដ្ឋ​ខ្មែរ​ចំណាយ​ទៅលើ​សុខភាព​ក្នុងនោះ​ទឹកប្រាក់​សន្ធឹកសន្ធាប់​បាន​ហូរ​ចូលទៅក្នុង​ប្រទេសជិតខាង។

ទាំងនេះ​គឺជា​ភស្តុតាង​ដែល​បញ្ជាក់ថា ដល់ពេល​ហើយ​ដែល​ត្រូវ​គ្រប់គ្រង​វិស័យ​សុខាភិបាល​ឲ្យ​បានល្អ​ដើម្បី​លើកកម្ពស់​សុខមាលភាព​សង្គម​ផង​និង​ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​របស់​គ្រួសារ​ខ្មែរ​ផង។ ផ្ទុយទៅវិញ ការ​បណ្តែត​បណ្តា​យ​ឲ្យ​វិស័យ​សុខាភិបាល​ស្ថិតក្នុង​ស្ថានភាព​បែបនេះ​តទៅទៀត វា​ជាការ​ខាតបង់​ធំធេង​សម្រាប់​សេដ្ឋកិច្ច​គ្រួសារ​ខ្មែរ​ផង និង​ជា​គ្រោះថ្នាក់​សម្រាប់​សង្គម​ទាំងមូល​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ