អានតួអត្ថបទ
កម្ពុជា-សង្គម

​ការ​កើន​ឡើង​កំដៅ​បង្ខំ​ឲ្យ ក្រសួង​អប់រំ​ប្ដូរ​ម៉ោង​សិក្សា ខណៈ​មន្ត្រី​ព្រមាន​ថា កុមារ​ជា​ក្រុម​ងាយ​រង​គ្រោះ​

កុមារកំពុងស្អំក្បាលទប់ទល់នឹងកំដៅ
កុមារកំពុងស្អំក្បាលទប់ទល់នឹងកំដៅ @FB

ក្រសួងអប់រំ​នៅ​ថ្ងៃ​ទី​២៥​មេសា​ម្សិល​មិញ បាន​ប្រកាស​ប្ដូរ​ម៉ោង​សិក្សា​ក្នុង​រដូវ​ក្ដៅ​ខ្លាំង​ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ចំពោះ​សិស្ស​សាលា​ដែល​ជា​កុមារ​តូចៗ​និង​គ្រូ​បង្រៀន។ ក្នុង​នោះ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ស្វាគមន៍​ចំពោះ​វិធានការ​របស់ក្រសួង​អប់រំ​ព្រោះ​ថា កុមារ​ជា​ក្រុម​ងាយ​រងគ្រោះ​ជាង​មនុស្សធំ ក្នុង​អំឡុង​ពេល​កម្ពុជា​កំពុង​ស្ថិតនៅ​ក្នុង​រដូវ​ក្ដៅ​។ 

ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​ព្រឹក​សិស្សា​នុសិស្ស​ត្រូវ​ចូល​រៀន​នៅ​ម៉ោង៧ព្រឹក និង​ចេញ​នៅ​ម៉ោង១០​និង​៣០នាទីព្រឹក ខណៈ​រសៀល​សិស្សានុសិស្ស​ចូល​រៀន​នៅ​ម៉ោង១និង៣០នាទី និង​ចេញ​ពី​សាលា​នៅម៉ោង​៥ល្ងាច។ នេះ​ជា​ការ​កែ​សម្រួល​ម៉ោង​សិក្សា​របស់​ក្រសួង​អប់រំ នៅ​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ។ ក្រៅ​ពី​ប្ដូរ​ម៉ោង​សិក្សា​ក្រសួងអប់រំ​បាន​អំពាវនាវ​ឲ្យ​គ្រឹះស្ថាន​សិស្សា​បាញ់​ទឹក​ទៅ​លើដំបូល​អគារ​ទៅ​តាម​លទ្ធភាព​ជាក់ស្ដែង​ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​កំដៅ។ បើតាម​ក្រសួង​អប់រំវិធានការ​ទាំងនេះ​អនុវត្ត​រហូត​ដល់​កម្ពុជា​ឆ្លង​ផុត​រដូវ​ក្ដៅ។

អ្នកនាំពាក្យ​ក្រសួងអប់រំ​បាន​អះអាង​ថា ប្រឈម​នឹង​រដូវ​ក្ដៅ​នេះ​ដំណើរ​ការ​បង្រៀន​និង​ការ​មករៀន​របស់​សិស្ស​មិន​បាន​ជួប​ឧបសគ្គ​ឡើយ​ពោល​គឺ​ទាំង​សិស្ស​និង​គ្រូ​មក​រៀន​និង​បង្រៀន​ទៀងទាត់​ធម្មតា។

អ្នកនាំពាក្យ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​បាន​គូសបញ្ជាក់​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ស្ថិតនៅ​ក្នុង​កម្រិត​កំដៅ​ចន្លោះ​ពី​៣៩​ទៅ​៤០​អង្សាសេ​នេះ​គឺ​កុមារ​ដែល​ជា​សិស្ស​សាលា​តូចៗ​ជា​ក្រុមងាយ​គ្រោះ។ ក្រៅ​ពី​ក្រុម​កុមារ ក្រុម​ស្ត្រី​មាន​ផ្ទៃពោះ មនុស្ស​ចាស់ និង​អ្នក​ជំងឺ​ក៏​ងាយ​ប្រឈមនឹង​បញ្ហា​ដោយ​សារ​ការ​កើន​ឡើង​កំដៅ​នេះ​ដែរ។ បើ​តាម​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ គិត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ពលរដ្ឋ​កម្ពុជា​ណា​ម្នាក់​បាត់បង់ជីវិត​ដោយ​សារ​តែការឡើង​កំដៅ​ឡើយ។

យោង​តាម​ការ​ស្រាវជ្រាវ​មួយ​បង្ហាញ​ថា នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​​ខាងមុខ​ទៀត កម្ពុជា​ក៏​ដូច​ជាប្រទេស​អាស៊ាន​ផ្សេង​ទៀត នឹង​ជួប​គ្រោះ​រាំង​ស្ងួត​ កាន់តែ​ញឹកញាប់​ និង​កាន់តែ​ធ្ងន់​ធ្ងរ​ជាង​ពេល​បច្ចុប្បន្ន។ បច្ចុប្បន្ន​ផល​ប៉ះ​ពាល់​ដែល​បណ្ដាល​មក​ពី​គ្រោះរាំង​ស្ងួត បាន​ប៉ះពា​ល់​ខ្លាំង​ខាង​សេដ្ឋ​កិច្ច​ និង​សង្គម ​ ដែលកំពុង​កើត​មាន​រួចទៅ​ហើ​យ ​នៅ​ក្នុង​ប្រទេស​ កម្ពុជា ហ្វីលីពី​ន ថៃ និង​ប្រទេស​ វៀតណាម។ ប្រឈម​បញ្ហានេះ​ការ​ស្រាវជ្រាវ​ដដែល​ទាមទារ​ឲ្យ​ប្រទេស​ទាំង​នោះ ​ប​ង្កើ​ន​សមត្ថភាព​ដើម្បី​ទប់​ទល់​​គ្រោះ​មហន្ត​-រាយ​ដែល​កើត​ឡើង​ពី​គ្រោះ​រាំង​ស្ងួត​នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ