អានតួអត្ថបទ
កម្ពុជា-កសិកម្ម

លោក​ ហ៊ុន សែន បន្ទោស​រដ្ឋ​មន្ដ្រី​កសិកម្ម រឿងធ្វើ​​ច្បាប់​ដី​កសិកម្ម

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន
លោកនាយករដ្ឋមន្រ្តីហ៊ុន សែន @Samdech Hun Sen, Cambodian Prime Minister

នៅ​ព្រឹក​ថ្ងៃពុធ​នេះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​កាត់ដេរនៅ​តំបន់​ចំការ​ដូង លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន បាន​ស្ដី​បន្ទោស​ខ្លាំង​ៗ​ចំពោះ​រដ្ឋ​មន្ដ្រីក្រសួង​កសិកម្ម អំពី​ការ​ធ្វើ​ច្បាប់​ដី​កសិកម្ម​។ ច្បាប់​ដី​កសិកម្ម ដែល​ក្រសួង​កសិកម្មកំពុង​តែ​ព្រាង ត្រៀម​ដាក់​ទៅ​សភា​អនុម័ត​នា​ពេល​ខាង​មុខ តែ​ទទួល​រង​ការ​ជំទាស់​​យ៉ាង​ខ្លាំង​ពី​ក្រុម​កសិករ​។

ផ្សាយពាណិជ្ជកម្ម

ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ដី​កសិកម្ម លោក​នាយករដ្ឋ​មន្ដ្រី​ហ៊ុន សែន លើក​ឡើង​ថា ប្រសិន​បើ​មិន​ចាំ​បាច់​ទេ កុំ​ធ្វើ នាំ​តែ​ខាត​ពេល​។ សម្រាប់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បញ្ហា​ធំ​ជាង​គេ​នា​ពេល​នេះ គឺ​ការ​បែង​ចែក​តំបន់​ដាំ​ចុះ ដើម្បី​ឲ្យ​សម​ស្រប​ទៅ​តាម​លក្ខណៈ​ភូមិសាស្ត្រ​។ ក្នុង​នោះ ដី​ធ្លី​ណា​ដែល​អាច​ដាំ​ដុះ​ស្រូវ​បាន ត្រូវ​ដាំ​ស្រូវ​។ ប៉ុន្តែ​បើ​ដាំ​ស្រូវ​មិន​បាន​ទេ គួរ​ងាក​ទៅ​ដាំ​ដំណាំ​អ្វីផ្សេង ដូច​ជា​ដាំ​អំពៅជា​ដើម​។ នេះ​បើ​តាម​លោក​នាយករដ្ឋ​មន្ដ្រី​។

ការ​លើក​ឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តំណាង​កសិករ​មក​ពី​២៤​ខេត្ត​ ​កាល​ពី​ថ្ងៃ​អង្គារ ទី​៧​វិច្ឆិកា បាន​ធ្វើ​សន្និសីទ​កាសែត​មួយ ជំទាស់ និង​សុំ​ឲ្យ​លុប​ចោល​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ដី​កសិកម្ម​។

សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ដី​កសិកម្ម មាន​​១៣​ជំពូក និង​១០៨​មាត្រា​ ឥឡូវ​នេះ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដៃ​ក្រសួង​កសិកម្ម​នៅ​ឡើយ​។ ក្រសួង​កសិកម្ម​គ្រោង​បញ្ចប់​ការ​ព្រាង​ច្បាប់​នេះ​នៅ​ចុង​ឆ្នាំ​២០១៧ ដើម្បី​ដាក់​ទៅ​រដ្ឋសភា​ពិនិត្យ​និង​សម្រេច​នា​ពេល​ខាង​មុខ​។ លោក វេង សាខុន រដ្ឋ​មន្ដ្រី ក្រសួង​កសិកម្ម ធ្លាប់​បញ្ជាក់​ថា ច្បាប់​ស្ដី​ពី​ដីកសិកម្ម​នេះ មាន​សារៈ​សំខាន់​ណាស់ ព្រោះ​ច្បាប់​នេះ លើក​កម្ពស់​ការ​ធ្វើ​កសិកម្ម​បែប​ប្រមូល​ផ្ដុំ និង​គ្រប​ដណ្ដប់​ទៅ​លើ​អ្នក​វិនិយោគ​ដែល​ទទួល​បាន​ដី​សម្បទាន ដោយ​រារាំង​ពួក​គេ​មិន​ឲ្យ​កាប់​ព្រៃ​ឈើ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួង​កសិកម្ម​ ព្រម​ទាំង​បញ្ហា​ផ្សេង​ៗ​ទៀត​។ នេះ​បើ​តាម​លោក​រដ្ឋ​មន្ដ្រី​។

ប៉ុន្តែ​សម្រាប់​ក្រុម​កសិករ សេចក្ដី​ព្រាង​ច្បាប់​នេះ មាន​មាត្រា​ជា​ច្រើន​ដែល​គាប​សង្កត់​ពួក​គាត់​។ នៅ​ក្នុង​សន្និសីទ​កាសែត​នា​ថ្ងៃ​ទី​៧​វិច្ឆិកា តំណាង​កសិករ​មក​ពី​ខេត្ត​ព្រះវិហារ គូស​បញ្ជាក់​ថា សេចក្ដី ព្រាង​ច្បាប់​នេះ រំលោភ​លើ​សិទ្ធិ​សេរីភាព​របស់​កសិករ មិន​ឲ្យ​ចាត់ចែង​ដី​ដាំដុះ​របស់​ខ្លួន​បាន​តាម​ចិត្ត​ចង់​ទៀត​ឡើយ ដោយ​ត្រូវ​ដាំ​ទៅ​តាម​ការ​កំណត់​ពី​ស្ថាប័ន​ពាក់ព័ន្ធ។ ចំណែក​តំណាង​សហគមន៍​កសិកម្ម​ខេត្ត​ស្វាយរៀង លោក​ស្រី យស សុភ័ណ្ឌ យល់​ឃើញ​ថា ខ្លឹមសារ​នៃ​ច្បាប់​នេះ​មាន​ភាព​ស្មុគស្មាញ​ដល់​កសិករ​ខ្នាត​តូច ដូច​ជា​តម្រូវ​ឲ្យ​កសិករ​មាន​វិញ្ញាបនបត្រ​ចុះ​បញ្ជី​។ ការ​ចុះ​បញ្ជី​នេះ លោក​ស្រី យស សុភ័ណ្ឌ យល់​ថា ត្រូវ​ចំណាយ​ពេល​ច្រើន ហើយ​ពិបាក​ចំពោះ​កសិករ ព្រោះ​ពួក​គាត់​មិន​សូវ​មាន​ចំណេះដឹង​ទេ​។

ក្រុម​កសិករ​រក្សា​ជំហរ ជំទាស់​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​នេះ ហើយ​ពួក​គាត់​អះអាង​ថា នឹង​បន្ត​ទាមទារ​រហូត​ទាល់​តែ​រដ្ឋាភិបាល​សម្រេច​លុប​សេចក្ដី​ព្រាង​ច្បាប់​នេះ​ចោល​វិញ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ