អានតួអត្ថបទ
កម្ពុជា-ច្បាប់

ចំណាត់​ថ្នាក់​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​ នៅ​តែ​មិន​ទាន់​ល្អ​ប្រសើរ​

របាយការណ៍ស្តីពីការជួញដូរមនុស្សនៅកម្ពុជា ចេញផ្សាយដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។
របាយការណ៍ស្តីពីការជួញដូរមនុស្សនៅកម្ពុជា ចេញផ្សាយដោយក្រសួងការបរទេសសហរដ្ឋអាមេរិក។ @ក្រសួងការបរទេសសហរដ្ឋអាមេរិក

កម្ពុជា រក្សា​បាន​ចំណាត់​ថ្នាក់​លេខ​ពីរ​ក្នុង​បញ្ជី​ការ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស​ក្នុង​ឆ្នាំ ២០១៧​នេះ។ យ៉ាង​ណា​ក៏​ដោយ របាយការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​អង្គារ អះ​អាង​ថា ​បញ្ហា​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ២០១៧​នេះ មិន​មាន​ភាព​ល្អ​ប្រសើរ​ច្រើន​នោះ​ទេ ​បើ​ធៀប​នឹង​ឆ្នាំ​មុន​។  

ផ្សាយពាណិជ្ជកម្ម

របាយការណ៍​ស្តីពី​ការប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស បញ្ជាក់​ថា ភាព​មិន​ល្អ​ប្រសើរ​នេះ​ដោយ​សារ​តែ​រដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​បាន​បំពេញ​តាម​ស្តង់​ដា​ឲ្យ​បាន​ជា​អប្បបរិមា​ក្នុង​ការ​លុប​បំបាត់​ការ​ជួញដូរ​មនុស្ស​។ ក្នុង​នោះ​មាន​ដូចជា​ ការ​មិន​ស៊ើប​អង្កេត​ ឬ​យក​មក​កាត់​ទោស​ក្រុម​មន្ត្រី​ ដែល​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​។ ​

របាយការណ៍​បាន​បន្ថែម​ទៀតថា​ ការជួញដូរកម្លាំងពលកម្ម​ជនជាតិ​ខ្មែរ​នៅ​បរទេស​នៅ​តែកើតឡើង ​ដោយសារ​តែ​មន្ត្រី​ជំនាញ មិន​បាន​ត្រួតពិនិត្យ​ទីភ្នាក់ងារជ្រើសរើសពលករឱ្យ​បាន​ដិតដល់​ ហើយទីភ្នាក់ងារ​ទាំងនោះ​លក់សិទ្ធិ​បន្ត​ទៅឱ្យ​មេខ្យល់​ជាដើម។ ខណៈសមត្ថភាព​ទន់ខ្សោយ​របស់​មន្ត្រី​ស្ថានទូត​កម្ពុជា​នៅ​ក្រៅប្រទេស​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​បន្ត​ឱ្យ​មាន​ការ​ជួញដូរ​មនុស្ស​​។

ចំណែក​អំពើ​ពុក​រលួយ​នៅ​គ្រប់​កម្រិត ​ បាន​ដាក់​កំហិត​ដល់​លទ្ធភាព​របស់​មន្ត្រី​ពាក់​ព័ន្ធ​ក្នុង​ការ​ចាប់​ជន​ល្មើស​ឱ្យ​ទទួល​ខុស​ត្រូវ‍។ បើ​ក្រលេក​ទៅ​មើល ស្ថាន​បេសកកម្ម​ការទូត​កម្ពុជា​នៅ​ក្រៅ​ប្រទេស ​វិញ​ប្រឈម​នឹង​បញ្ហា​កង្វះធន​ធាន​មនុស្ស ​ឬ​សមត្ថភាព​ក្នុងការ​ផ្តល់​ជំនួយ​ជា​មូលដ្ឋាន​ ឬ​ធ្វើ​មាតុភូមិនិវត្តន៍​ជនរងគ្រោះ​នៅឡើយ​ បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ខិត​ខំ​បណ្តុះ​បណ្តាល​អ្នក​ការ​ទូត​ពី​ការ​ការពារ​ពលករ​ចំណាក​ស្រុក​ក៏​ដោយ‍។

យ៉ាង​ណា​ក៏​ដោយ​ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក ​បាន​ទទួលស្គាល់​ពី​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ការ​កាត់​ទោស​ជនល្មើស​ធម្មតា​ក្នុង​ចំនួន​ដ៏​ច្រើន ​ព្រម​ទាំង​ការ​ផ្តល់​ថវិកា​បន្ថែម​ទៀត​ដល់​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស​ និង​បង្កើត​នូវ​ផែនការ​សកម្ម​ភាព​ជាតិ​សម្រាប់​ទប់ស្កាត់​រាល់​ទម្រង់​នៃ​ការ​ជួញ​ដូរ​មនុស្ស​។

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​តាម​រយៈ​របាយ​ការណ៍​របស់​ខ្លួន ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​យ៉ាង​ណា​បង្កើន​សេវា​ជួយ​ជន​រង​គ្រោះ ​ជាពិសេស​ក្រុម​ ដែល​ត្រូវ​បាន​កេង​ប្រវ័ញ្ច​នៅ​លើ​ទូកនេសាទ​។

សូម​រំលឹក​ជូន​ថា ស្ថាន​ភាព​ការ​ជួញ​ដូរ​មនុស្ស​នៅ​កម្ពុជា ត្រូវ​បាន​សហរដ្ឋអាមេរិក​ដាក់​ចំណាត់​ថ្នាក់​លេខ​២​ដែរ កាល​ពី​ឆ្នាំ​២០១៦ ល្អ​ជាង​ចំណាត់​ថ្នាក់​លេខ​២​ក្នុង​បញ្ជី​តាម​ដាន កាល​ពី​ឆ្នាំ​២០១៥​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ