អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

យុគ​សម័យ​​ព័ត៌មាន​​ឈាន​ចូល​​មក​ដល់​!​

សំឡេង ០៤:៤៨
អ្នកសារព័ត៌មាន​ខ្មែរ ក្នុងពេល​បំពេញ​ការងារ
អ្នកសារព័ត៌មាន​ខ្មែរ ក្នុងពេល​បំពេញ​ការងារ RFI/Channa Siv

ខុស​ពី​​ទសវត្សរ៍​មុន​ៗ ​​​ប្រទេស​​កម្ពុជា​​បាន​​ឈាន​ចូល​​យុគ​ស​ម័យ​​​ថ្មី​​មួយ​​ដែល​មាន​​ការ​ប្រែប្រួល​​ខ្លាំង​​ខាង​​ព័ត៌មាន​​។ ​អ្នក​​ដែល​មាន​​ភាព​​ប៉ិន​ប្រសប់​​និង​​ផ្តល់​ព័ត៌មាន​​លឿន​​ជាង​គេ​​គឺ​ជា​​អ្នក​​ឈាន​មុខ​។ ​ផ្ទុយ​ទៅវិញ​ អ្នក​មើល​​ស្រាល​​ព័ត៌មាន​​នឹង​​ក្លាយ​ជា​​មនុស្ស​​ដែល​​ដើរ​​មិន​ទាន់​​សភាព​ការណ៍​។​ ក្នុង​​បរិបទ​​នេះ​ ការ​ផ្លាស់ប្តូរ​​ឥរិយាបថ​​ចំពោះ​​សារព័ត៌មាន​​គឺ​ជា​​កំណែទ​ម្រង់​​ចាំបា​ច់​​និង​​បន្ទាន់​​សម្រាប់​​មន្ត្រី​​រដ្ឋាភិបាល​ អ្នក​នយោបាយ ​ក៏ដូ​ច​ជា​​មជ្ឈដ្ឋាន​​ផ្សេង​ទៀត។​ និន្នាការ​​នេះ​​ក៏​​កំពុង​​ដាក់​​សម្ពាធ​​ទៅ​លើ​​វិស័យ​​សារព័ត៌មាន​​ខ្លួនឯង​​ឲ្យ​​មាន​​កំណែ​ទម្រង់​​ស៊ីជ​ម្រៅ​​ផង​ដែរ​។​

ផ្សាយពាណិជ្ជកម្ម

សារព័ត៌មាន​ដែល​គេ​ចាត់ទុកថា​ជា«អំណាច​ទី៤»កំពុងមាន​ឥទ្ធិពល​កាន់តែខ្លាំង​ឡើង​នៅ​កម្ពុជា។ តម្លៃ​របស់​សារព័ត៌​មានបាន​ស្តែងឡើង​តាមរយៈ​ការផ្តល់​តម្លៃ​ខ្លាំង​ជាង​មុន​ពី​សំណាក់​មហាជន សង្គម​ស៊ីវិល ពិភព​ជំនួញ​ក៏ដូចជា​អ្នកនយោបាយ​ដែរ។ ការរៀបចំ​ឲ្យ​មាន​អ្នកនាំពាក្យ មន្ត្រី​ព័ត៌មាន និង​ការបង្កើន​ទំនាក់ទំនង​ល្អជា​មួយ​អ្នកសារព័ត៌មាន​ពី​សំនាក់​ស្ថាប័ន​ទាំងនោះ​គឺជា​ឧទាហរណ៍​ជាក់ស្តែង។

មាន​មូលហេតុ​ច្រើនយ៉ាង​ដែល​ធ្វើ​ឲ្យ«អំណាច​ទី៤»ផ្តើម​ទទួលបាន​តម្លៃ​ជាបណ្តើរ៖ មូលហេតុ​ទី១ គឺ​មកពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ម្ចាស់​ស្ថាប័ន​និង​អ្នកសារព័ត៌មាន​ដោយផ្ទាល់​ក្នុងការ​ការពារ​និង​ពង្រឹង​អាជីព​របស់ខ្លួន។ មូលហេតុ​ទី២ គឺ​មកពី​ប្រជាពលរដ្ឋ​ខ្មែរ​ក៏ដូចជា​មជ្ឈដ្ឋានផ្សេងៗទៀត​បាន​ផ្តើម​យល់ថា ព័ត៌មាន​ពិតជា​មាន​សារប្រយោជន៍​យ៉ាងខ្លាំង​សម្រាប់​ពួកគេ។ និង​មូលហេតុ​ទី៣ គឺ​មកពី​ផ្លែផ្កា​នៃ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​រយៈពេល២០ឆ្នាំ​នៅ​កម្ពុជា។

ជាការ​ពិតណាស់ថា វា​ជា​កំហុសឆ្គង​ដ៏​ធំ​មួយ​របស់​គណបក្សនយោបាយ រដ្ឋាភិបាល ក៏ដូចជា​មហាជន​ទូទៅ​ដែរ​ក្នុងការ​ផ្តល់​តម្លៃ​ដល់​សារព័ត៌មាន​មិនបាន​ត្រឹមត្រូវ។ កន្លងទៅនេះ គេ​ហាក់ដូចជា​នាំគ្នា​ផ្តល់​តម្លៃ​សារព័ត៌មាន​ត្រឹមតែ​ជា​ឧបករណ៍​ឃោសនា​ដើម្បី​ធ្វើ​ប្រជាភិថុតិ​តែប៉ុណ្ណោះ។ អ៊ីចឹង​ហើយ​បានជា​មន្ត្រី​រដ្ឋាភិបាល​ក៏ដូចជា​អ្នកនយោបាយ​ជាច្រើន​ចូលចិត្ត​តែ​ព័ត៌មាន​ដែល​លើកតម្កើង​ពី​ខ្លួនឯង​ហើយ​បិទបាំង​ចំណុច​អវិជ្ជមាន​ជាច្រើន។  

ពួកគេ​សប្បាយ​នឹង​ឃើញ​រូបភាព​របស់ខ្លួន​លើ​ទំព័រ​កាសែត​ឬ​លើ​កញ្ចក់​ទូរទស្សន៍​ដោយ​មិន​ខ្វល់ខ្វាយ​ថា​តើ​ខ្លឹមសារ​នៃ​ព័ត៌មាន​បែបណា​ដែល​មហាជន​ចង់បាន​នោះឡើយ។
ប៉ុន្តែ អ្វីដែល​ពួកគេ​ភ្លេច​គិត​នោះ​គឺ ខណៈដែល​សារព័ត៌មាន​ឯករាជ្យ​និង​វិជ្ជាជីវៈ​កំពុង​ទទួលបាន​ការគាំទ្រ​ពី​មហាជន​កាន់តែខ្លាំង ការបិទបាំង​ព័ត៌មាន​មិន​ខុស​អ្វី​ពី«ដំរី​ស្លាប់​យក​ចង្អេរ​ទៅ​បាំង»នោះឡើយ។ ផ្ទុយទៅវិញ ការផ្តល់​ព័ត៌មាន​ច្បាស់លាស់​និង​លឿន​រហ័ស​គឺជា​អាវុធ​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ឈានទៅរក​ភាពជោគជ័យ។

សូម​កុំភ្លេចថា ពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើនឡើង​ផ្តើម​ចេះ​បែងចែក​អ្វី​ជា​ព័ត៌មាន​ដែលមាន​ប្រយោជន៍​និង​អ្វី​ជាការ​ឃោសនា​ប្រជាភិថុតិ។ ក្នុង​បរិបទ​បែបនេះ ទាំង​មន្ត្រី​រដ្ឋាភិបាល​និង​អ្នកនយោបាយ​ត្រូវតែ​ធ្វើកំណែទម្រង់​និង​កែប្រែ​ឥរិយាបថ​ចំពោះ​សារព័ត៌មាន​ជា​ចាំបាច់។ ស្ថាប័ន​សារព័ត៌មាន​ខ្លួនឯង​ក៏ត្រូវ​ធ្វើកំណែទម្រង់​ទៅរក​វិជ្ជាជីវៈ​ជា​ចាំបាច់​ដែរ​ពីព្រោះ​នេះ​ជា​កត្តា​ស្លាប់​រស់​នៃ​អាជីព​របស់ខ្លួន។ ព័ត៌មាន​បែប​ពិធីការ​ឬ​បែប​ឃោសនា​ប្រជាភិថុតិ និង​ការគាំទ្រ​នយោបាយ​ផ្កាប់មុខ​នឹង​គ្មាន​តម្លៃ​ក្នុង​ក្រសែភ្នែក​មហាជន​ទៀតឡើយ។

សភា ហើយ​ឆ្លើយតប​វិញ​ដោយ​រួសរាន់​ប្រកបដោយ​ភាព​ឆ្លាត​វៃ​និង​ទន់ភ្លន់​គឺជា​ឥរិយាបថ​ដែល​មន្ត្រី​នយោបាយ​និង​អាជ្ញាធរ​គ្រប់រូប​គួរតែ​ប្រកាន់យក។ ផ្ទុយទៅវិញ ប្រសិនបើ​ពួកគេ​បន្ត​ព្រងើយកន្តើយ​ចំពោះ​ព័ត៌មាន​ដែលមាន​សារប្រយោជន៍​ចំពោះ​មហាជន ហើយ​នៅ​តែង​ប់ង​ល់​នឹង​ព័ត៌មាន​បែប​បញ្ចើចបញ្ចើ​តទៅទៀត​នោះ ពួកគេ​ច្បាស់​ជា​នឹងមិន​ស្ថិតនៅក្នុង​ក្រសែភ្នែក​របស់​មហាជន​ខ្មែរ​ទៀតឡើយ។ រីឯ​ការព្យាយាម​បន្សាប​ឥទ្ធិពល​សារព័ត៌មាន​ទោះជា​ក្នុង​រូបភាព​ណាក៏ដោយ​ក៏​លែងមាន​ប្រសិទ្ធភាព​ទៀត​ដែរ។ ផ្ទុយទៅវិញ ឥទ្ធិពល​របស់​បណ្តាញ​ផ្សាយ​ព័ត៌មាន​នឹង​សាប​ដោយ​ខ្លួនឯង​ប្រសិនបើ​ពួកគេ​មិន​បំពេញ​វិជ្ជាជីវៈ​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ។

សរុប​មកវិញ អំណឹះតទៅ គឺជា​ពេលវេលា​ដែល​អ្នកនយោបាយ​និង​មន្ត្រី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ផ្លាស់ប្តូរ​ឥរិយាបថ​ចំពោះ​សារព័ត៌មាន​ពោលគឺ​ផ្លា​ល់​ប្តូរ​ពី​ការប្រើប្រាស់​សារព័ត៌មាន​ត្រឹម​ជា​ឧបករណ៍​ឃោសនា​លើកដម្កើង​ខ្លួនឯង​មកជា​ការប្រើ​សារព័ត៌មាន​ជាទី​លាន​បង្ហាញ​សមត្ថភាព​និង​តម្លាភាព​ឲ្យ​ប្រជាជន​បានឃើញ។ និយាយ​តាមបែប​ផ្សេង​កម្ពុជា​កំពុង​ឈានចូល​ក្នុង​យុគសម័យ​នៃ​ការ​ប្រណាំងប្រជែង​ក្នុង​ទី​ភ្លឺ​ដែល​ទាមទារ​ឲ្យ​តួអង្គនីមួយៗផ្លាស់ប្តូរ​របៀប​សម្តែង​ជា​ចាំបាច់។

ចំណែកឯ​វិស័យ​សារព័ត៌មាន​ខ្លួនឯង​ក៏ត្រូវ​ប្តូរ​ពី​ឧបករណ៍​បម្រើ​នយោបាយ​ផ្កាប់មុខ​និង​ពី​ការប្រើ«អំណាច​ទី៤»ដើម្បី​ស្វែងរក​លាភសក្ការៈ​ផ្ទាល់ខ្លួន​មកជា​ការគោរព​ក្រមសីលធម៌​វិជ្ជាជីវៈ​និង​គុណភាព​ព័ត៌មាន​វិញ​ជា​ចាំបាច់​ដែរ។ នេះ​ជា​ចរន្ត​សត្យានុម័ត​ដែល​គ្មាន​អ្នកណា​អាច​ដើរ​បញ្ច្រាស​បានឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ