អានតួអត្ថបទ

សមាគម​និយោជក​បារម្ភ​ខ្លាច​អ្នកវិនិយោគ​ចាកចេញ ខណៈ​សហជីព​បន្ត​ទាមទារ​តម្លើង​ប្រាក់ខែ​ឲ្យ​កម្មករ

សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជាបានបើកសន្និសីទសារព័ត៌មាននៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់
សហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជាបានបើកសន្និសីទសារព័ត៌មាននៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ សហការី

សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​បានបង្ហាញ​ពី​ក្តីបារម្ភ​របស់ខ្លួន​ថា អ្នកវិនិយោគ​អាច​និង​បិទ​រោងចក្រ ប្រសិន​សហជីព​គាំទ្រ​កម្មករ​នៅទេ​បន្ត​ទាមទារ​តម្លើង​ប្រាក់​ឈ្នួល​ច្រើន​ហួសហេតុ​ពេក។ ប៉ុន្តែ​ការលើកឡើង​នេះ​ត្រូវបាន​តំណាង​សហជីព​កម្មករ​កម្ពុជា​ពន្យល់ថា នេះ​គ្រាន់តែ​ជា​លេស​របស់​ក្រុម​និយោជក ដែល​មិន​ចង់​តម្លើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​តែប៉ុណ្ណោះ ។

ផ្សាយពាណិជ្ជកម្ម

ការពិភាក្សា​ស្តីពី​បញ្ហា​តំ​ម្លើ​ង​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យ​កម្មករ ក្នុង​វិស័យ​ឧស្សាហកម្ម​វាយនភ័ណ្ឌ កាត់ដេរ​សំលៀកបំពាក់ និង​ផលិត​ស្បែកជើង​ក្នុងប្រទេស​កម្ពុជា ត្រូវបាន​ធ្វើឡើង​យ៉ាង​ផុលផុះ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។ គ្រប់​សមាសភាព​ត្រីភាគី បានធ្វើ​ការងាររៀងៗខ្លួន​ទៅលើ​បញ្ហា​នេះ ដើម្បី​បង្ហាញ​ជំហរ​ក្នុងការ​តម្លើង​ប្រាក់​ឈ្នួល។

នៅក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​ថ្ងៃទី ២២ កញ្ញា​នេះ លោក​វ៉ាន់ សូ​អៀង ប្រធាន​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា CAMFEBA និង សមាគម​រោងចក្រ​កាត់​នៅ​កម្ពុជា GMAC បានបង្ហាញ​ពី​ក្តីបារម្ភ​ថា កម្ពុជា​អាច​នឹង​បាត់បង់​ការវិនិយោគ​លើ​វិស័យ​កាត់​ដែរ ដែលជា​ឆ្អឹងខ្នង​មួយ​ដ៏​សំខាន់​របស់​សេដ្ឋកិច្ច ប្រសិនណាបើ​ការទាមទារ​តម្លើង​ប្រាក់ខែ​គោល​របស់​កម្មករ នៅតែ​បន្ត​ឡើងជា​លំដាប់​នោះ។

ភាគី​ខាង​និយោជក​បានបង្ហាញ​ពី​កត្តា​អវិជ្ជមាន​ជាច្រើន​នៅក្នុង​វិស័យ​កាត់ដេរ​កម្ពុជា​ប្រៀប​ធៀប​និង​បណ្តា​ប្រទេស​ដែលជា​គូប្រជែង​នៅក្នុង​វិស័យនេះ ដែលមាន​ដូចជា​ប្រទេស​វៀតណាម ភូមា បង់​ក្លា​ដេ​ស និង​ឥណ្ឌូនេស៊ី​ជាដើម។ ចំណុច​អវិជ្ជមាន​ទាំងអស់នោះ​រួមមាន​កម្ពុជា​ចង់​ទាមទារ​តំលៃ​ពលកម្ម​ថ្លៃ ទាំង​ខ្លួន​ផលិត​បាន​ផលិតផល​ទាប មាន​ថ្ងៃ​ឈប់សម្រាក​ច្រើន និង​ធ្វើការ​តិច​ម៉ោងជាង​បណ្តា​ប្រទេស​ជា​ដៃគូ​ប្រកួតប្រជែង​ក្នុង​តំបន់។

លើសពីនេះទៅទៀត​កម្ពុជា​ខ្វះខាត​ក្រុមហ៊ុន​ផ្គត់ផ្គង់​សំភារៈ​បន្ថែម​ដល់​បណ្តា​រោងចក្រ​ទាំងអស់ ជាហេតុ​ធ្វើ​ឲ្យ​ការ​នាំចូល​មាន​តំលៃ​ថ្លៃ។ ក៏ប៉ុន្តែ​ការលើកឡើង​នេះ​ត្រូវបាន លោក​អាត់ ធន់ ប្រធាន​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​លើកឡើងថា នេះ​គ្រាន់តែ​ជា​លេស​របស់​ក្រុម​និយោជក​តែប៉ុណ្ណោះ​ដែល​មិន​ចង់​តំលើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ។ លោក​បាន​បញ្ជាក់ថា កន្លងមក​ក្រសួង​ការងារ ធ្លាប់បាន​បើក​ការប្រជុំ​ត្រីភាគី​ជាច្រើនលើក​មកហើយ ហើយ​ក្នុងនោះ​ក៏បាន​បង្ហាញ​ពី​ប្រាក់ចំណេញ​របស់​រោងចក្រនីមួយៗផងដែរ។ ហើយ​ទាក់ទង​នឹង​ការបង់ប្រាក់​ជូន​ដល់ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​វិញ​លោក​អាត់ ធន់​បាន​បង្ហើប​ឲ្យ​ដឹងថា នៅ​កម្ពុជា​ម្ចាស់​រោងចក្រ​ត្រូវ​បង់​តែ០,៨% តែប៉ុណ្ណោះ​នៅ​កម្ពុជា ខណៈដែល​នៅ​វៀតណាម​ត្រូវ​បង់​រហូតដល់ ១,៩% ហើយ​ក្រៅពីនេះ​ក៏​នៅមាន​កត្តា​ជាច្រើន​ផ្សេងទៀត​ផងដែរ។

សូមបញ្ជាក់ថា​នៅ​រសៀល​ថ្ងៃ​ពុធ ទី ២៣ កញ្ញា​ស្អែក​នេះ តំណាង​សហជីព​កម្មករ​ទាំងអស់​និង​ប្រជុំ​សម្រេច​ជ្រើសរើស ប្រាក់ខែ​គោល​មួយ ដើម្បី​យកទៅ​ជជែក​ជាមួយនិង​តំណាង​រដ្ឋាភិបាល និង​និយោជក​នៅពេល​ខាងមុខ។ តួរ​លេខ​បណ្តោះអាសន្ន​ដែល​ក្រុម​សហជីព​បាន​រកឃើញ​គឺមាន​ពីរ ១៧៨ ដុល្លា និង២០៧ដុល្លា ប៉ុន្តែ​លទ្ធផល​ពិតប្រាកដ​នឹង​សម្រេច​បន្ទាប់ពី​កិច្ចប្រជុំ​នៅ​ថ្ងៃស្អែក​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ