អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អ្នក​នយោបាយ​ខ្មែរ គួរយក​​ព្រះ​បាទ​នរោត្តម​សីហនុ​ជា​គំរូ​នៃ​​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី

សំឡេង ០៤:៥៧
គិត​ត្រឹម​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន ​គឺថ្ងៃ​ទី​ ១៥​តុលា ​ឆ្នាំ​២០១៦ អតីត​ព្រះ​មហាក្សត្រ​កម្ពុជា ព្រះ​បាទ​នរោត្តម សីហនុ បាន​យាង​ចូល​ទិវង្គត​បាន​៤​ឆ្នាំ​​។
គិត​ត្រឹម​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន ​គឺថ្ងៃ​ទី​ ១៥​តុលា ​ឆ្នាំ​២០១៦ អតីត​ព្រះ​មហាក្សត្រ​កម្ពុជា ព្រះ​បាទ​នរោត្តម សីហនុ បាន​យាង​ចូល​ទិវង្គត​បាន​៤​ឆ្នាំ​​។ RFI/Im Navin

គិត​ត្រឹម​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន ​គឺថ្ងៃ​ទី​ ១៥​តុលា ​ឆ្នាំ​២០១៦ អតីត​ព្រះ​មហាក្សត្រ​កម្ពុជា ព្រះ​បាទ​នរោត្តម សីហនុ បាន​យាង​ចូល​ទិវង្គត​បាន​៤​ឆ្នាំ​ហើយ​។ នៅ​ក្នុង​ប្រវត្តិឆាក​នយោបាយ​ខ្មែរ​សម័យ​ទំនើប ព្រះ​បាទ​នរោត្តម​សីហនុ បាន​បន្សល់​ទុក​នូវ​ស្នា​ព្រះ​ហស្ត បទ​ពិសោធ និង​មេរៀន​ជា​ច្រើន សម្រាប់​អ្នក​នយោបាយ​ជំនាន់​ក្រោយ​រៀនសូត្រ​យក​គំរូ​តាម​។ ក្នុង​នោះ​ក៏​មា​នផង​ដែរ បទ​ពិសោធ​នៃ​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​។

ផ្សាយពាណិជ្ជកម្ម

ចាប់​តាំង​ពី​ការ​សោយ​ទិ​វង្គត​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​តុលា​ឆ្នាំ​២០១២​មក ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​នៅ​តែ​ចង​ចាំ​មិន​ភ្លេច​នូវ​ព្រះ​រាជ​បូជនីយកិច្ច​ របស់​ព្រះ​បាទ​នរោត្តម សីហនុ ​ដើម្បី​រក្សា​បូរណភាព​ទឹក​ដី​កម្ពុជា​។ ក្នុង​នោះ​មាន​ជា​អាថិ៍ ការ​ទាមទារ​ខេត្ត​បាត់​ដំបង សៀមរាប កំពង់ធំ និង​ស្ទឹង​ត្រែង ពី​ប្រទេស​ថៃ​មក​វិញ​​នៅ​ឆ្នាំ​១៩៤៧ ​ការ​ទាមទារ​ឯករាជ្យ​ពី​ប្រទេស​បារាំង​នៅ​ឆ្នាំ​១៩៥៣ និង​ការ​ទាមទារ​ប្រាសាទ​ព្រះវិហារ​ពី​ប្រទេស​ថៃ​នៅ​ឆ្នាំ​១៩៦២។

សម្រាប់​ប្រជារាស្រ្ត​កម្ពុជា​ជាទូទៅ សម្តេច​ព្រះនរោត្តម សីហនុ គឺ​​​​និមិត្តរូប​​នៃ​ការ​បង្រួប​បង្រួម​ជាតិ​។​ ព្រះ​បាទ​នរោត្តម សីហនុ ព្រះ​មហាវីរក្សត្រ បាន​បំពេញ​ព្រះរាជ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ផ្សះផ្សា​អ្នក​នយោបាយ​នៅ​ក្នុង​កាលៈទេសៈ​ដ៏​តាន​តឹង​ជា​ច្រើន​រាប់​ចាប់​តាំង​ពី​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ក្រុង​ប៉ារីស រហូត​ដល់​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះឆ្នោត​ជា​បន្ត​បន្ទាប់ ​ចាប់​តាំង​ពី​ឆ្នាំ ១៩៩៣ មក។ មុន​ការ​សោយ​ទិវង្គត សម្តេច​ឪ សម្តេចតា របស់​ប្រជា​រាស្ត្រ​ខ្មែរ ក៏​បាន​ផ្តែ​ផ្តាំ​ឲ្យ​ខ្មែរ​ចេះ​សាមគ្គី​គ្នា និង​រួបរួម​គ្នា​ ដើម្បី​លើក​ស្ទួយ​កិត្យានុភាព​របស់​ប្រទេស​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។

ក្រៅពី​គុណូបការៈ​សំខាន់​ៗ​ទាំងឡាយ​នេះ ព្រះ​បាទ​នរោត្តម សីហនុ ព្រះ​បរម រតនកោដ្ឋ បាន​បន្សល់​ទុក​នូវ​សមិទ្ធផល​ផ្សេង​ៗ​ទៀត​ជា​ច្រើន នៅ​សម័យ​សង្គម​រាស្ត្រ​និយម​។ មិន​ត្រឹម​តែ​សមិទ្ធផល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រះរាជ​កាយ​វិការ​ទន់ភ្លន់ និង​ស្និទ្ធស្នាល​ជាមួយ​ប្រជារាស្ត្រ គឺ​ជា​មរតក​ដ៏​មាន​តម្លៃ​មួយ​ទៀត ដែល​អ្នក​នយោបាយ​ជំនាន់​ក្រោយ​គួរ​រៀន​សូត្រ​ពី​ព្រះ​អង្គ។​

ស្នា​ព្រះហស្ត បទ​ពិសោធ និង​មរតក​ដែល​បន្សល់​ដោយ​ព្រះ​បាទ​នរោត្តម សីហនុ គឺ​ជា​មេរៀនដ៏​មាន​តម្លៃ​​​សម្រាប់​អ្នក​នយោបាយ​ជំនាន់​ក្រោយ ​រៀនសូត្រ និង​យក​គំរូ​តាម​។ ក្នុង​ចំណោម​នោះ​ក៏​មាន​ផង​ដែរ បទ​ពិសោធ​​នៃ​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​។ នៅ​ក្នុង​រយៈ​កាល​ប្រមាណ​ជា​៧​ទស្សវត្សរ៍​កន្លង​ទៅ​នេះ សម្ដេច​ព្រះ​បាទ​នរោត្តម សីហនុ គឺ​ជាក្សត្រ​មួយ​អង្គ ដែល​ឡើង​គ្រង​រាជ​បល្ល័ង្ក​ដល់​ទៅ​២​លើក ហើយ​បាន​ដាក់​រាជ្យ​២​លើក​ដែរ​។

បន្ទាប់​ពី​ត្រូវ​បាន​បារាំង​លើក​​ឲ្យ​ឡើង​គ្រង​រាជ្យ​នៅ​ឆ្នាំ​១៩៤១ ព្រះបាទ​នរោត្តម សីហនុ បាន​ដាក់រាជ្យ​ទៅ​ឲ្យ​ព្រះបិតា​របស់​ព្រះអង្គ គឺ​ព្រះបាទ​នរោត្តម សុរាម្រិត នៅ​ខែ​មេសា​ឆ្នាំ​១៩៥៥ ដើម្បី​ទៅ​បង្កើត​និង​ដឹកនាំ​ចលនា​សង្គមរាស្រ្តនិយម​។ ៣៨ឆ្នាំ​​ក្រោយ​ពី​បាន​ដាក់រាជ្យ សម្តេច​ព្រះនរោត្តម សីហនុ ក៏​បាន​ឡើងគ្រងរាជ្យ​ជាលើកទីពីរ នៅ​ថ្ងៃទី២៤ខែ​កញ្ញា​ឆ្នាំ​១៩៩៣​។ សម្តេច​ព្រះនរោត្តម សីហនុ ​បាន​ប្រកាស​ដាក់រាជ្យ​ជា​លើក​ទី​២ នៅ​ថ្ងៃទី៧​ខែតុលា​ឆ្នាំ​២០០៤​។

គឺ​ការ​ដាក់​រាជ្យ​ជា​លើក​ទី​២​នេះ​ហើយ​ដែល​មជ្ឈដ្ឋាន​ទូទៅ​វាយ​តម្លៃ​ថា ជា​ការ​បង្ហាញ​នូវ​ការ​លះបង់​អំណាច លះបង់​តួនាទី​កំពូល​របស់​ជាតិ ដើម្បី​បើក​ឱកាស​ឲ្យ​ព្រះ​រាជ​បុត្រា គឺ​ព្រះ​បាទ​នរោត្តម សីហមុនី ឡើង​សោយរាជ្យ​បន្ត​។ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​ពោរពេញ​ដោយ​ការ​កាប់​សម្លាប់​បង្ហូរ​ឈាម​គ្នា​ ដើម្បី​ដណ្ដើម​អំណាច ការ​ផ្ទេរ​រាជ​បល្ល័ង្ក​ប្រកប​ដោយ​សន្តិវិធី​របស់​ព្រះ​បាទ​នរោត្តម សីហនុ ទៅ​ឲ្យ​ព្រះ​បាទ​នរោត្តម សីហមុនី នៅ​ខែ​តុលា​ឆ្នាំ​២០០៤ ​ជា​គំរូ​មិន​ក្រាញ​អំណាច​ដ៏​ប្រសើរ​សម្រាប់​អ្នក​នយោបាយ​ជំនាន់​ក្រោយ​។

កន្លង​មក ជន​កម្ពុជា ជា​ពិសេស​អ្នក​នយោបាយ តែង​តែ​ទន្ទេញ​គ្រប់​មាត់​ថា សកម្មភាព ស្នា​ព្រះហស្ត និង​បទ​ពិសោធ ដែល​ព្រះ​បាទ​នរោត្តម​សីហនុ​បន្សល់​ទុក​ឲ្យ គឺ​ពិត​ជា​មាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​ខ្លួន​រៀនសូត្រ​យក​គំរូ​តាម​។ ប៉ុន្តែ ជា​ការ​កត់​សម្គាល់ បទ​ពិសោធ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី មិន​ធ្លាប់​កើត​មាន​ទេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​សម័យ​ទំនើប រាប់​ចាប់​តាំង​ពី​កម្ពុជា​ស្ថិត​ក្នុង​សម័យ​​សង្គម​រាស្ត្រ​និយម សម័យ​សាធារណរដ្ឋ​ខ្មែរ ​និង​ទំព័រ​ខ្មៅ​ងងឹត​នៃ​របប​ខ្មែរក្រហម​។ រហូត​ដល់​យុគ​សម័យ​នៃ​​របប​រាជាណាចក្រ​កម្ពុជា​ទី​២​ហើយ​ក៏​ដោយ ក៏​គេ​នៅ​តែ​លឺ​ពី​ការ​គម្រាម​ថា​នឹង​មាន​សង្គ្រាម ប្រសិន​បើ​គណបក្ស​ផ្សេង​ឈ្នះ​ឆ្នោត​ឡើង​កាន់​អំណាច​។

ដូច្នេះ នៅ​ក្នុង​ឱកាស​ខួប​៤​ឆ្នាំ​នៃ​ការ​យាង​ចូល​ទិវង្គត​របស់​ព្រះ​បាទ​នរោត្តម សីហនុ ព្រះ​បរម​រតនកោដ្ឋ អ្នក​នយោបាយ​ខ្មែរ​ដែល​តែង​តែ​អះអាង​ថា ដើរ​តាម​គំរូ​ល្អ​ៗ​របស់​ព្រះ​បាទ​នរោត្តម សីហនុ គួរ​តែ​បង្ហាញ​នូវ​ឆន្ទៈ​ពិត​ប្រាកដរបស់​ខ្លួន ដើម្បី​បម្រើ​ផល​ប្រយោជន៍​ជាតិ​និង​ប្រជាជន​។ ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី ដោយ​ដើរ​តាម​គំរូ​ព្រះ​មហាវីរៈក្សត្រ មិន​មែន​ជា​រឿង​គួរ​ឲ្យ​ភ័យ​ខ្លាច​ទេ ប្រសិន​បើ​វា​កើត​ឡើង​ស្រប​តាម​ច្បាប់ និង​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ​។ ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​ស្វិតស្វាញ​លើ​សង្វៀន​នយោបាយ​ជា​ច្រើន​ជំនាន់ អ្នក​នយោបាយ​ខ្មែរ​ដែល​មាន​វ័យ​កាន់​តែ​ចាស់​ទៅ​ហើយ​នោះ ប្រហែល​ជា​មិន​ចង់​បាន​អ្វី​ច្រើន​ទេ​ ក្រៅ​តែ​ពី​ព្យាយាម​ជួយ​ជ្រោមជ្រែង​ជាតិរបស់​ខ្លួន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ