អានតួអត្ថបទ
កម្ពុជា-ច្បាប់

​ក្រសួង​ដែន​ដី​បញ្ជូន​មន្ត្រី​ទៅ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​នៅ​ក្រចេះ​

ប្រជាពលរដ្ឋខេត្តក្រចេះ ដែលត្រូវដោះស្រាយបញ្ហាដីធ្លី
ប្រជាពលរដ្ឋខេត្តក្រចេះ ដែលត្រូវដោះស្រាយបញ្ហាដីធ្លី @សហការី

នៅ​​ទី​​បំផុត ពលរដ្ឋ​​រស់​​នៅ​​ស្រុក​​ស្នួល​​ខេត្ត​​ក្រចេះ ដែល​​មាន​​ទំនាស់​​ដីធ្លី​​ជាមួយ​​ក្រុមហ៊ុនចំការ​​កៅស៊ូ​​​មេមត់ បាន​​ត្រឡប់​​ទៅ​​ផ្ទះ​​វិញ​​ហើយ គិត​ត្រឹម​ថ្ងៃ​ទី​២៥​តុលា​នេះ​។ ដំណើរត្រឡប់​ទៅ​វិញ​របស់​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់ បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ដែន​ដី លោក ជា សុផារ៉ា បញ្ជូន​មន្ត្រី​ពី​ក្រសួង១៩នាក់​ទៅ​ដោះស្រាយផ្ទាល់​បញ្ហា​របស់​ពួក​គាត់ នៅ​នឹង​កន្លែង​តែម្ដង។ ​តំណាង​​ពលរដ្ឋ សង្ឃឹមថា ​បទ​បញ្ជា​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នឹង​មិន​ធ្វើ​ឲ្យ​​គាត់​ខកបំណង និង​ត្រឡប់​មក​ភ្នំពេញ​ជា​ថ្មី​ឡើយ។ 

ផ្សាយពាណិជ្ជកម្ម

ការ​​ឯកភាពក្នុងការបញ្ជូនមន្ត្រីទៅដោះស្រាយវិវាទដីធ្លីនេះ ធ្វើឡើង​​រវាង​​ប្រជាពលរដ្ឋ​រស់​នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ និង​រដ្ឋម​ន្ត្រីក្រសួងដែ​ន​ដីលោ​​ក ជា​ សុផារ៉ា ក្នុង​ជំនួប កាល​ពី​ថ្ងៃ​ទី​២៤​តុលា គ្រា​ដែលប្រជា​ពលរដ្ឋ​ជា​ច្រើន​នាក់លើក​គ្នា​មក​តវ៉ា​នៅ​ក្រសួង​ដែន​ដីបន្ទាប់ពីពួកគាត់ស្នាក់ភ្នំពេញអស់រយៈបីថ្ងៃមកហើយ។

បើ​តាម​ក្រសួង​ដែន​ដី វិវាទ​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​រដ្ឋាភិបាល​បាន​ប្រ​គល់​ទៅ​ក្រុមហ៊ុន​ចំការ​កៅស៊ូ​មេមត់ ស្ថិត​នៅ​ឃុំ ២ធ្នូ​ស្រុក​ស្នួល នេះ​គឺ​ពលរដ្ឋ​ខ្លួន​ឯង​ក៏បាន​រួម​ចំណែក​នៅ​ក្នុង​ទំនាស់​ជិត​៤​ឆ្នាំ​នេះ​ដែរ។ ការ​រួម​ចំណែក​ធ្វើ​ឡើង​តាម​រយៈ​ការចូល​ទៅ​ទន្ទ្រាន​កាន់​កាប់​ដី​រដ្ឋ ដែល​បាន​ផ្ដល់​សិទ្ធិ​សម្បទាន​សេដ្ឋកិច្ច ទៅ​ឲ្យ​ក្រុមហ៊ុន​ចំការ​កៅស៊ូ​មេមត់​រួចទៅ​ហើយ។ នេះ​ក៏​ដោយ​សារ​តែ​ពលរដ្ឋ​ខ្វះ​ដី​បង្ក​បង្កើន​ផល។

ទន្ទឹមនឹង​នេះ តំណាងប្រជាព​លរដ្ឋ​ ក៏​បាន​ទទួល​ស្គាល់​ចំពោះ​ការ​លើកឡើង​របស់ក្រ​សួង​ដែនដីផងដែរ។ ​ លោក ភិន ភា តំណាងប្រជាពលរដ្ឋ បានថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​ទី​២៥​តុលា​នេះ​ថា ទាំង​ប្រជាជន និងអាជ្ញាធរ​គឺ​មាន​កំហុស​ដូច​គ្នា​។ សម្រាប់​ប្រជាពលរដ្ឋ អាជ្ញាធរ​បាន​តែ​សន្យា​មិន​ព្រម​ពន្លឿន​ការ​ដោះស្រាយ ខណៈ​ពលរដ្ឋ​វិញ ត្រូវ​បានអាជ្ញាធរ​លើកឡើង​ថា ជឿ​លើ​ការ​ញុះ​ញង់​ច្រើន​ជាង​ស្ដាប់​ហេតុ​ផល។

លោក ភិន ភា តំណាង​ប្រជាពលរដ្ឋ​អះអាង​ថា ពលរដ្ឋ​ក្នុងមួយគ្រួ​សារ​គ្រាន់​ចង់​​បាន​ដី​ចាស់​ ដែល​ធ្លាប់​អំណោយ​ផល​ក្នុងការ​បង្ក​បង្កើន​ផល​ត្រឡប់​មកវិញ ក្នុងទំហំដីជាង២ហិកតា។ ប៉ុន្តែ​​យ៉ាង​​ណា​​​ក៏​​ដោយ​នៅ​ក្នុងសេចក្ដី​សម្រេច​របស់​ក្រសួង​ដែន​ដី គឺប្រជាពលរដ្ឋត្រូវយល់ព្រម​ទទួល​យក​ដី​តាម​ទំហំ ​និង​ទី​កន្លែង​តាម​ការ​រៀបចំ​របស់​អាជ្ញាធរ​ខេត្ត​ក្រចេះ។ បន្ថែម​លើ​នេះ​ពលរដ្ឋ​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ទប់​ស្កាត់​ការ​ចូល​ទន្ទ្រាន​ដី​រដ្ឋ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ​ជិត​២​ពាន់​គ្រួសារ​ ដែល​មាន​បញ្ហា​ជា​មួយ​ក្រុមហ៊ុន​ចំការ​កៅ​ស៊ូ​មេមត់នេះ​បាន​រស់​នៅ​លើ​ទំហំ​ដី​ជិត​៨​ពាន់​ហិកតា។ កន្លងមកវិវាទនេះ កាលពីដើមឆ្នាំ២០​១៨ ប្រជាពលរដ្ឋ​​រ​ង​​គ្រោះ​​ដោយ​​ជម្លោះ​​ដី​ធ្លី បាន​​ប្រមូល​​​ផ្ដុំ​​គ្នា​​បិទ​​ផ្លូវ​តវ៉ា បណ្ដាល​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ជាមួយ​សមត្ថកិច្ច ដែល​មាន​ប្រើ​ប្រាស់​អាវុធ​ទៀត​ផង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ