អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

វិវាទ​ដីធ្លី​និង​សេវាសាធារណៈ​នៅ​តែ​ជា​ឧបសគ្គ​នៃ​កំណែ​ទម្រង់!

សំឡេង ០៥:០៦
ពលរដ្ឋមានជម្លោះដីធ្លី ធ្វើការតវ៉ាទាមទារយកដីរបស់ខ្លួនមកវិញ នាពេលកន្លងមក។
ពលរដ្ឋមានជម្លោះដីធ្លី ធ្វើការតវ៉ាទាមទារយកដីរបស់ខ្លួនមកវិញ នាពេលកន្លងមក។ RFI/ Siv Channa

ដំណោះស្រាយ​បញ្ហាដីធ្លី​ និង​ការ​បម្រើ​សេវាសាធារណៈ​គឺជា​បញ្ហា​អាទិភាព​២​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ដែល​រដ្ឋាភិបាល​គណបក្ស​កាន់​អំណាច​ត្រូវ​ដោះស្រាយ​ជា​បន្ទាន់​មុនគេ​ដើម្បី​សម្រេច​គោលដៅ​កំណែ​ទម្រង់​របស់​ខ្លួន។ ​ប៉ុន្តែ​ រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លង​ទៅ​នៃ​រដ្ឋាភិបាល​អាណត្តិ​ទី៥​នេះ​បញ្ហា​ដ៏​សំខាន់​ទាំងពីរ​នៅ​តែ​ជា​ចំណុច​ប្រឈម​ជួរមុខ​នៅ​ឡើយ​បើទោះ​ជា​លោក​នាយករដ្ឋមន្ត្រី​បាន​ដាក់​ចេញ​កំណែ​ទម្រង់​ជា​ច្រើន​ក៏​ដោយ។​ ការ​បណ្តែត​បណ្តាយ​នឹង​ក្លាយ​ជា​រឿង​ហួស​ពេល​សម្រាប់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​បាត់បង់​ប្រជាប្រិយ​ភាព​ មាន​បញ្ហា​សំខាន់​២​ដែល​លេចធ្លោ​ជាងគេ​ នោះ​គឺ​ជម្លោះ​ដី​ធ្លី ​និង​ការ​ទារ​កម្រៃ​សេវាកម្ម​ក្រៅ​ផ្លូវការ​ដែល​ជា​ទម្រង់​នៃ​អំពើ​ពុក​រលួយ​ដុះ​ស្លែ​មួយ​នៅ​ក្នុង​រដ្ឋបាល​សាធារណៈ។

វា​ពិត​ជា​មិនមែន​ជា​រឿង​ចៃដន្យ​ទេ​ដែល​គណបក្ស​កាន់​អំណាច​បាត់បង់​សន្លឹក​ឆ្នោត​អស់​ ២២ កៅអី​ពី​ក្នុង​រដ្ឋសភា។ ​នរណា​ក៏​ដឹង​ដែរ​ថា​បញ្ហាដី​ធ្លី​ដែល​កើត​មាន​ក្នុង​ខេត្ត​ក្រុង​ជា​ច្រើន​បាន​បង្ក​ផលប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ពលរដ្ឋ​ក្រីក្រ​ជាច្រើន​។ គ្រាន់តែ​ជម្លោះដី​នៅ​បូរីកីឡា​ និង​បឹងកក់​ក្នុង​រាជធានី​ភ្នំពេញ​ បាន​ធ្វើ​ឲ្យ​បក្សកាន់​អំណាច​របូត​សំឡេង​ឆ្នោត​អស់​មិន​ស្ទើរ​ឡើយ​។ ​បញ្ហានេះ​ក៏​បាន​ក្លាយ​ទៅ​ជា​រឿង​ភាពយន្ត​ឯកសារ​ដែល​អង្រួន​សហគមន៍​អន្តរជាតិ​យ៉ាង​ខ្លាំង​ថែមទៀត​ផង។

តាម​ពិត​ បញ្ហា​ហាក់​មិន​ពិបាក​នឹង​ដោះស្រាយ​សោះ ​ប៉ុន្តែ ​«ការ​បណ្តែត​បណ្តោយ» ​ឬ​ស្ថានភាព​«លេប​ស្លាក់​ ខ្ជាក់​ស្លែង» ​របស់​អាជ្ញាធរ​បាន​ធ្វើ​ឲ្យ​បញ្ហា​តូចតាច​សោះ​ប្រែក្លាយ​ទៅ​ជា​ព្យុះភ្លៀង​ស្ទើរ​គ្រប់​ពេល​វេលា។ ​ជម្លោះ​ដី​នៅ​កន្លែង​ជា​ច្រើន​ទៀត​ក៏​មាន​លក្ខណៈ​ស្រដៀង​គ្នា​នេះដែរ។ ​បើ​ទោះ​ជា​ក្រសួង​ជំនាញ​និង​អាជ្ញាធរ​ដែនដី​បាន​បង្ហាញ​ពី​កិច្ចការ​ដែល​ខ្លួន​និង​បាន​ធ្វើ​ជាច្រើន​ហើយ​ក៏​ដោយ​ ក៏​របាយការណ៍​របស់​អង្គការ​សង្គមស៊ីវិល​នៅ​តែ​បង្ហាញ​ថា​ករណី​វិវាទ​ដីធ្លី​នៅ​តែ​កើត​មាន​យ៉ាង​ច្រើន​នៅ​ឡើយ។

ចំណែក​ឯ​បញ្ហា​ពុករលួយ​នៅ​ក្នុង​រដ្ឋបាល​សាធារណៈ​វិញ​ក៏​នៅ​តែ​ជា​ទម្លាប់​ដុះ​ស្លែ​មួយ​ដែល​ពិបាក​កែដែរ​ ហើយ​វា​កំពុង​បន្ត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ឥតឈប់ឈរ។ ​យ៉ាងណា​​ក៏​ដោយ ​បច្ចុប្បន្ន​នេះ ​ពិតជា​មាន​ការ​ប្រែប្រួល​មួយ​ចំនួន​ក្នុង​ការ​ផ្តល់​សេវាកម្ម​ជូន​ពលរដ្ឋ​ បន្ទាប់​ពី​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​កំណែ​ទម្រង់​ក្នុង​វិស័យ​នេះ។ ​ប៉ុន្តែ​ ការ​ប្រែប្រួល​ហាក់​មាន​តែ​រូបភាព​ច្រើន​ជាង​ខ្លឹមសារ​ មាន​ន័យថា​ បើ​គេ​មើល​ពី​ក្រៅ​ទៅ​ហាក់​ដូចជា​ស្ងាប់ស្ងាត់​ តែ​តាមការ​ពិត​ ទម្លាប់​ហុច​លុយ​ដើម្បី​ជាថ្នូរ​នឹង​ការ​ទទួល​បាន​សេវា​ឆាប់រហ័ស​នៅ​តែ​កើត​មាន​​ដដែល។

បញ្ហា​ដែល​ពិបាក​កែ​ជាង​គេ​មួយ​គឺ​ស្ថិត​ក្នុង​វិស័យ​អចលនទ្រព្យ ​ដូចជាការ​លក់​និង​ទិញ​ផ្ទះ ​និងជំនួញ​ដីធ្លី​ជាដើម។ ​អ្នក​រត់ការ​បាន​ត្អូញត្អែរ​ពី​ភាព​យឺតយ៉ាវ​ដែល​តម្រូវ​ឲ្យ​ពួកគេ​ត្រូវ​ផ្ទាប់លុយ​ជាមួយ​ឯកសារ​ទើប​ទទួល​បាន​ការ​ចុះហត្ថលេខា​ឆាប់​រហ័ស។ ​បញ្ហា​គួរ​ឲ្យ​កត់​សម្គាល់​ម្យ៉ាងទៀត​គឺ ​ម្ចាស់ផ្ទះ​ជា​ច្រើន​ខកខ្លួន​និយាយ​លែង​ចេញ​នៅ​ពេលដែល​ពួកគេ​ដឹងថា ​ផ្ទះ​ដែល​ខ្លួន​ទើប​តែ​ទិញ​សោះ​នោះ​ជាប់​ពន្ធ​រហូត​ដល់​ទៅ​ច្រើន​ឆ្នាំ​ដោយសារ​ម្ចាស់​អ្នកសាងសង់​មិនបាន​បង់ពន្ធ​ជូនរដ្ឋ។ ​បញ្ហា​ទាំងនេះ​កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​ចង​កំហឹង​ជាមួយ​អាជ្ញាធរ​រដ្ឋ​យ៉ាងខ្លាំង។ ​នេះសបញ្ជាក់​ពីការ​មិន​ទទួល​ខុសត្រូវ​របស់​អាជ្ញាធរ​ក្នុងការ​បម្រើ​ពលរដ្ឋ។

មូលហេតុ​ដែល​នាំ​ឲ្យ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល​មិនសូវ​មាន​ប្រសិទ្ធភាព​នៅ​តែ​ដដែលទេ​ គឺមក​ពី​ទម្លាប់​ប្រើ​តួនាទី​ដើម្បី​ស្វែងរក​លាភសក្ការៈ​របស់​មន្ត្រី​អាជ្ញាធរសាធារណៈ។ ​ទម្លាប់​នេះកប់​យ៉ាងជ្រៅ​ណាស់​ដែលពិបាក​ដុះក្អែល​លាង​ជម្រះ។ ​ពិបាក​មក​ពី​ថ្នាក់​លើ​មិន​ដឹង​ជា​រឿង​មួយ ​តែ​ដឹង​ហើយ​បិទភ្នែក​មិនចាត់ការ​គឺ​ជា​រឿង​មួយ​ទៀត។​ ស្ថានភាព​នេះ​ពិតជា​មិន​អំណោយផល​ឡើយ​ដល់​ប្រជាប្រិយភាព​របស់​គណបក្សកាន់​អំណាច។​ ដូច្នេះ​ រដ្ឋាភិបាល​គួរចាត់​វិធានការ​ឲ្យស៊ីជម្រៅ​ថែម​ទៀត​ដើម្បី​ដេញ​ទាន់​ជាន់​កែង​មន្ត្រី​ក្រោម​ឱវាទ​ណា​ដែល​ចូលចិត្ត​ឆ្លៀត​ឱកាស​ប្រើ​តួនាទី​ដើម្បី​លាភសក្ការៈ។

ពិត​ហើយ​ថា​ រដ្ឋាភិបាល​បាន​ដាក់​ចេញ​កំណែ​ទម្រង់​ជា​ច្រើន​ទាក់ទង​នឹង​បញ្ហា​ដីធ្លី​ក៏​ដូចជា​ក្នុងសេវាកម្ម​សាធារណៈ។ ក្រសួង​ដែនដី​នគរូបនីយកម្ម​និង​សំណង់​ ក៏​បាន​ធ្វើ​កិច្ចការ​មិន​តិច​ដែរ​ដូចជា​ការ​វាស់វែង​និង​ចុះ​បញ្ជី​ដី​ជូន​ប្រជាពលរដ្ឋ​ និង​ការ​ដោះស្រាយ​ទំនាស់​ផ្សេង​ៗ​ទៀត​។ ប៉ុន្តែ​ វា​មិន​បាន​ធ្វើ​ឲ្យ​បញ្ហា​ដី​ធ្លី​ស្ងប់ស្ងាត់​ឡើយ។​ ជា​ញឹកញាប់ ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទំនាស់​​ដីធ្លី​តែង​ឡើង​មក​ភ្នំពេញ​ដើម្បី​សុំ​អន្តរាគមន៍​ពី​ប្រមុខរដ្ឋាភិបាល។

ដំណោះស្រាយ​ត្រូវ​ផ្តើម​ពី​ការ​លុប​បំបាត់​ទម្លាប់​ឃុបឃិត​ដើម្បី​ផលប្រយោជន៍​ ការ​លូកដៃ​ពីអ្នក​មាន​ឥទ្ធិពល​ និង​ទម្លាប់​ប្រើ​អំណាច​ដើម្បី​រក​លាភសក្ការៈ។ ​ប្រសិន​បើ​ឫសគល់​ទាំងនេះ​ មិន​ត្រូវ​បាន​គាស់​រំលើង​ទេ​ រាល់កំណែទម្រង់​របស់​រដ្ឋាភិបាល​នឹង​មិន​អាច​សម្រេច​គោល​ដៅ​បាន​ឡើយ។ ​ដូច្នេះ ​ទោះ​ជា​ក្នុង​តម្លៃ​ណា​ក៏​ដោយ​ ​បញ្ហា​ជា​អាទិភាព​ទាំងនេះ​គួរ​ត្រូវ​បាន​ដោះស្រាយ​ជា​ចាំបាច់។ ​ការ​យឺតយូរ​តែមួយ​ជំហាន​ទៀត​វា​នឹង​ក្លាយ​ជា​រឿង​ហួស​ពេល​សម្រាប់​រដ្ឋាភិបាល​បក្សប្រជាជន​កម្ពុជា​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ