អានតួអត្ថបទ
កម្ពុជា-នយោបាយ

​អាល្លឺម៉ង់​ផ្តល់​ប្រាក់​កម្ចី​ដល់​កម្ពុជា​ដោយ​ភ្ជាប់​នឹង​លក្ខខណ្ឌ​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ធ្វើ​នយោបាយ​

អាគាររដ្ឋាភិបាលអាល្លឺម៉ង់
អាគាររដ្ឋាភិបាលអាល្លឺម៉ង់ @Sputnik International

រដ្ឋាភិបាល​អាល្លឺម៉ង់​តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​( AFD)និង​សហភាព​អឺរ៉ុប បាន​សម្រេច​ផ្តល់​កម្ចី​ដល់​កម្ពុជា​ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង ៨០​លាន​អឺរ៉ូ ឬ​ជិត ៩០​លាន​ដុល្លារ។ ប៉ុន្តែ​ប្រាក់​កម្ចី​របស់​ប្រទេស​លោក​សេរី​ទាំង​នេះ​គឺ​បាន​ភ្ជាប់​នឹង​លក្ខ​ខណ្ឌ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ធ្វើ​នយោបាយ​របស់​កម្ពុជា​ផង​ដែរ ខណៈ មន្រ្តី​ជាន់​ខ្ពស់​អាល្លឺម៉ង់​លើក​ឡើង​ថា ប្រសិន​បើ​កម្ពុជា​បើក​លំហ​បរិយាកាស​នយោ​បាយ និង​សិទ្ធិ​ស៊ីវិល​ឡើង​វិញ នោះ​កម្ពុជា​នឹង​អាច​គេច​ផុត​ពី​ការ​បាត់​បង់​EBA​របស់​សហភាព​អឺរ៉ុប​។ 

ផ្សាយពាណិជ្ជកម្ម

«ការ​គោរព​សិទ្ធិ​មនុស្ស សិទ្ធិសង្គម សិទ្ធិសេដ្ឋកិច្ច និង​សិទ្ធិ​ធ្វើ​នយោបាយ គឺ​ជាគ្រឹះ​របស់​កិច្ច​សហ​ប្រតិបត្តិ​ការ​អាល្លឺម៉ង់ ដើម្បី​ការ​អភិវឌ្ឍន៍»។ នេះ​ជា​គូស​បញ្ជាក់​ច្បាស់ៗ​របស់​ស្ថាន​ទូត​អាល្លឺម៉ង់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថ្ងៃ​ទី១៥​ខែ​ឧសភា​។

ការ​គូស​បញ្ជាក់​បែប​នេះ​របស់​អាល្លឺម៉ង់​គឺ​ដោយ​សារ​តែ​កម្ពុជា​ទទួល​បាន​កម្ចី​ក្នុង​ទំហំ​ទឹក​ប្រាក់​ជាង​៨០​លាន​អឺរ៉ូ ឬ​ជិត៩០​លាន​ដុល្លារ​អាមេរិក​។ ជា​កម្ចី​តាម​រយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​(AFD)​និង​សហភាព​អឺរ៉ុប ក្នុង​នោះ​ក៏​មាន​ប្រាក់​កម្ចី​របស់​អាល្លឺម៉ង់​ចំនួន​៣០​លាន​អឺរ៉ូ​ផង​ដែរ​។ លើស​ពីនេះ​ទៀត អាល្លឺម៉ង់​ក៏​បាន​ផ្ដល់​ជំនួយ​ឥត​សំណង​ជាង​៥លាន​អឺរ៉ូ និង​ជំនួយ​បច្ចេក​ទេស​ដែល​មាន​តម្លៃ​ជាទឹក​ប្រាក់​ជិត​២០​លាន​អឺរ៉ូ​ និង​ជំនួស​លើ​គម្រោង​អាហា​រូបត្ថម្ភ​១០​លាន​អឺរ៉ូ​ផ្សេង​ទៀត​។

សូម​បញ្ជាក់​ថា កិច្ច​ព្រម​ព្រៀង​ផ្តល់​ឥណទាន​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៊ែរ​ឡាំង កាល​ពីថ្ងៃ​ទី១៤ ដល់​ថ្ងៃ​ទី១៦ ខែ​ឧសភានេះ ​នៅ​ក្នុង​ជំនួប​រវាង​សមាជិក​សហព័ន្ធ​អាល្លឺម៉ង់ និង​ជា​រដ្ឋ​លេខា​ធិការ​ក្រសួង​សហ​ប្រតិបត្តិ​ការ និង​អភិវឌ្ឍ​សេដ្ឋ​កិច្ច លោក Nobert BARTHLE និង​លោក ឈៀង យ៉ាណារ៉ា អគ្គ​លេខា​ធិការ​គណៈ​កម្មាធិការ​នីតិ​សម្បទា និង​អភិវឌ្ឍន៍​កម្ពុជា នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​។

បើតាម លោក Nobert BARTHLE ការ​បើក​លំហ​សិទ្ធិ​នយោបាយ និង​សង្គម​ស៊ីវិល ដើម្បី​បន្ដ​ទទួល​បាន​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA របស់​អឺរ៉ុប គឺ​រដ្ឋាភិបាល​កម្ពុជា​មិន​ពិបាក​នឹង​ធ្វើ​នោះ​ទេ ដោយ​លោក​បញ្ជាក់​ថា ច្បាប់​ជាតិ និង​ការ​អនុវត្ត​ជាក់​ស្ដែង​ត្រូវ​ស្រប​តាម​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​អន្ដរ​ជាតិ ដូច​ជា សេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ និង​សេរីភាព​ខាង​ការ​ជួប​ជុំ​ឬ​ប្រមូល​ផ្ដុំ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ