អានតួអត្ថបទ
កម្ពុជា

ក្រុម​សហជីព​ជាង​១០០ ផ្នែក​វិស័យ​កាត់​ដេរ​ សម្រេច​យក​ប្រាក់​ខែ​គោល​១៧៧​ដុល្លារ

កម្មករ​កម្មការិនី​កាត់ដេរ​បាន​ចំណាយ​ពេលវេលា​អស់ជាច្រើន​ក្នុង​មួយថ្ងៃៗ​ក្នុងការ​ធ្វើដំណើរ​ទៅមក​ពីគេហដ្ឋាន​ទៅកន្លែង​ធ្វើការ​
កម្មករ​កម្មការិនី​កាត់ដេរ​បាន​ចំណាយ​ពេលវេលា​អស់ជាច្រើន​ក្នុង​មួយថ្ងៃៗ​ក្នុងការ​ធ្វើដំណើរ​ទៅមក​ពីគេហដ្ឋាន​ទៅកន្លែង​ធ្វើការ​ ©​ ញឹម​ សុផល

នៅ​ថ្ងៃអាទិត្យ​នេះ សហជីព​វិស័យ​កាត់ដេរ ចំនួន​ជាង​១០០​សហជីព បាន​ជួបជុំគ្នា​នៅ​ទី​ស្នាក់​របស់​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា នៅ​ក្រុងភ្នំពេញ។ ក្រុម​សហជីព​ទាំងនោះ សម្រេចយក​ប្រាក់ខែ​គោល​ចំនួន​១៧៧​ដុល្លារ សម្រាប់​កម្មករ​រោងចក្រ​កាត់​ដែរ។ នេះ​ជា​ចំនួន​ប្រាក់ខែ​អប្បបរិមា ដែល​ក្រុម​សហជីព​នឹង​យក​ទៅ​ចរចា​ជាមួយ​ក្រុម​និយោជក និង​តំណាង​រដ្ឋាភិបាល។ នេះ​បើ​តាម​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខាវឌូ (CCAWDU)។

ផ្សាយពាណិជ្ជកម្ម

ក្រុម​សហជីព​ជាង​១០០​ធ្វើ​ការ​ផ្នែក វិស័យ​រោងចក្រ​កាត់​ដេរ មក​ពី​ក្រុង​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ខេត្ត​ព្រះសីហនុ​ជា​ដើម បាន​ទៅ​ជួប​ជជែក​គ្នា​នៅ​ស្នាក់ការ​សហជីព​ស៊ីខាវ​ឌូ។ ក្រោយ​ពី​ប្រជុំ​ពេញ​មួយ​ព្រឹក​ថ្ងៃ​អាទិត្យ ក្រុម​សហជីព​ដែល​ចូល​ជជែក​គ្នា​ទាំងអស់ សម្រេច​កំណត់​ប្រាក់​គោល ១៧៧ដុល្លារ​សហរដ្ឋអាមេរិក។ ជា​ចំនួន​ដែល​ត្រូវ​យក​ទៅ​ដាក់​លើ​តុ​ចរចា។ ទោះយ៉ាងណា​ក្តី លោក អាត់ ធន់ ប្រធាន​សហជីព​ស៊ីខាវឌូ បញ្ជាក់​ថា ចំនួន​១៧៧​ដុល្លារ​នេះ បើ​ចុះ​គឺ​អាច​នឹង​ចុះ​តិចតួច​បំផុត។ សូម​ជម្រាប​ថា នៅ​ក្នុង​ការ​ជួប​ជុំ​នោះ ក្រុម​សហជីព ក៏​ស្នើ​ឲ្យ​មាន​ការ​សិក្សា​ឯករាជ្យ​ដើម្បី​សិក្សា​ពី​ចំនួន​ប្រាក់​ខែ​គោល ហើយ​ដោយ​មាន​ការ​ចូល​រួម​ពី​ភាគី​ជំនាញ​ពី​អន្តរជាតិ​ផង​ដែរ។

ចំណែក​ប្រធាន​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា លោកជួនមុំ​ថុលប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ចំពោះ​ប្រាក់ខែ​កម្មករ​រោងចក្រ​កាត់​ដេរ យ៉ាង​ហោច​ណាស់ គួរ​តែ​ចាប់​ពី​១៦០​ដុល្លារ​សហរដ្ឋអាមេរិក។ យ៉ាង​ណា​ក៏​ដោយ គេ​ត្រូវ​រង់ចាំ​ការ​ជជែក​ពិភាក្សា​ជាមួយ​អង្គការ​ពលកម្ម​អន្តរជាតិ ILO នៅ​ខែ​ក្រោយ​សិន ដើម្បី​សិក្សា​ពី​បច្ចេកទេស​លម្អិត។ នេះ​បើ​តាម​លោក ជួនមុំ​ថុល។ តាម​គម្រោង នៅ​ខែកក្កដា អង្គការ ILO នឹង​ធ្វើ​បទ​បង្ហាញ ព្រមទាំង​ពិនិត្យ​មើល​លទ្ធភាព​កំណត់​ប្រាក់ខែ​គោល​របស់​កម្មករ ដោយ​ប្រៀបធៀប​ជាមួយ​ការវិវត្ត​របស់​សេដ្ឋកិច្ច សង្គម ថ្លៃទំនិញ តម្រូវការ​ប្រចាំថ្ងៃ និង​អត្រា​ភាពក្រីក្រ​ជាដើម។

គួរ​បញ្ជាក់ថា ក្រុម​ប្រឹក្សា​ការងារ​កម្ពុជា កំណត់​យក​ខែកក្កដា ដើម្បី​ជជែក​ពិភាក្សា​ជាមួយ​ក្រុម​សហជីព។ ខែសីហា នឹង​មាន​ការ​ពិគ្រោះ​យោបល់​គ្នា​រវាង​ក្រុម​សហជីព​និង​សមាគម​និយោជក GMAC។ នៅ​ខែកញ្ញា​ខាង​មុខ ភាគី​ពាក់ព័ន្ធ​ទាំង​អស់​នឹង​ចូល​ជជែក​ជាមួយ​តំណាង​រដ្ឋាភិបាល​និង​ក្រសួង​ការងារ។ ចំណែក​ខែតុលា គឺ​ជា​ពេល​ដែល​សម្រេច​អនុម័ត​ប្រាក់​ខែ​គោល​តែ​ម្តង។ បន្ទាប់​ពី​សម្រេច​រួច ក្រុម​ប្រឹក្សា​ការងារ​កម្ពុជា នឹង​ទុក​ពេល​ចំនួន​២​ខែ​ឲ្យ​ក្រុម​ថៅកែ​ត្រៀម​ខ្លួន មុន​នឹង​អនុវត្ត​ប្រាក់​ខែ​អប្បបរិមា។ ដូច្នេះ​បើ​តាម​ក្រុម​ប្រឹក្សា​ការងារ​កម្ពុជា ប្រាក់ខែ​គោល​កម្មករ​រោងចក្រ​កាត់ដេរ អាច​នឹង​ចាប់ផ្តើម​អនុវត្ត នៅ​ដើម​ឆ្នាំ២០១៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ