អានតួអត្ថបទ
កម្ពុជា-សង្គម

​ក្រសួង​អប់រំ​ដាក់​ចេញ​វិធាន​ការ​មួយ​ចំនួន​បន្ទាប់​ពី​មាន​ករណី​សិស្ស​វាយ​តប់​គ្នា​ក្នុង​សាលា​រៀន​

ក្រសួងអប់រំដាក់ចេញវិធានការមួយចំនួនបន្ទាប់ពីមានករណីសិស្សវាយតប់គ្នាក្នុងសាលារៀន
ក្រសួងអប់រំដាក់ចេញវិធានការមួយចំនួនបន្ទាប់ពីមានករណីសិស្សវាយតប់គ្នាក្នុងសាលារៀន @Internet

ក្រសួងអប់រំ​យុវជននិង​កីឡា​ដាក់​ចេញ​វិធានការ​ចាំបាច់​មួយចំនួន​ ដើម្បី​ពង្រឹង​វិន័យ​សិស្សានុសិស្ស​នៅតាម​សាលារៀន​របស់​រដ្ឋ។ ក្នុង​ចំណោម​វិធាន​ការ​ទាំង​នោះ ប្រសិន​បើ​អ្នក​ប្រព្រឹត្ត​មាន​កំហុស​ធ្ងន់​ធ្ងរ​គឺ​អាច​ឈាន​ទៅ​ដល់​លុបឈ្មោះ​ចេញពី​សាលា​រៀន​។ នេះ​បើ​តាម​អ្នក​នាំ​ពាក្យ​ក្រសួងអប់រំយុវជន និង​កីឡា។ ការ​ចេញ​វិធាន​ការ​បែបនេះ គឺបន្ទាប់ពីករណី​សិស្សស្រី​ចំនួន៤នាក់​បាន​វាយ​ទាត់​ធាក់​ទៅ​លើ​សិស្ស​ស្រី​ម្នាក់​នៅវិទ្យា​ល័យ​ផ្សារ​ដើម​ថ្កូវ​កាលពីចុង​ខែធ្នូ​ឆ្នាំ​២០១៩ តែ​ទើប​ត្រូវ​បាន​បែក​ធ្លាយ​វីដេអូ​កាល​ពី​ម្សិល​មិញ​។ 

ផ្សាយពាណិជ្ជកម្ម

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួងអប់រំ​ យុវជន និង​កីឡា បានប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFIនៅថ្ងៃ​សុក្រថា ក្រសួង​បាននិង​កំពុង​បនុ្ត​ពិនិត្យ​ទៅ​លើ​វិន័យ​សិស្សានុសិស្ស​ដើម្បី​ដាក់ទៅ​កាន់​គណៈ​គ្រប់​គ្រង​សាលារៀនតាម​រយៈ​វិធានការ​ចំនួន៣។ វិធានការទាំងនោះ ប្រសិន​បើ​អ្នក​ប្រព្រឹត្តអសីលធម៌​គឺនឹង​ត្រូវហៅ​មក​អប់រំ​ពី​គណៈ​គ្រប់​គ្រង​សាលា​រៀន​។ ករណី​ប្រព្រឹត្ត​ប្រាស​ចាក​ពីការរំពឹង​ទុក​របស់​ប្រព័ន្ធ​អប់រំ គឺ​នឹង​ត្រូវ​ទទួល​វិន័យ​រដ្ឋ​បាល ហើយ​ករណី​ទី៣​ ប្រសិន​បើ​ធ្ងន់​ធ្ងរ​គឺ​ឈាន​ទៅ​លុប​ឈ្មោះ​ពី​សាលារៀន​។

ការ​ចេញ​វិធានការ​បែប​នេះ​របស់​ក្រសួង​អបរំ គឺ​បន្ទាប់​ពី​ករណី​សិស្ស​ស្រី​ចំនួន​៤នាក់​បាន​វាយ​ទាត់​ធាក់​ទៅ​លើ​សិស្ស​ស្រី​ម្នាក់​នៅវិទ្យា​ល័យ​ផ្សារ​ដើម​ថ្កូវ​កាលពីចុង​ខែធ្នូ​ឆ្នាំ​២០១៩ តែទើបត្រូវបានបែក​ធ្លាយ​វីដេអូកាលពីម្សិលមិញ។ លើសពីនេះទៅទៀត កាលពីថ្ងៃទី១៤​ខែមករា​ក៏​មាន​ករណី​ក្មេង​ស្រី​ម្នាក់និង​បក្ស​ពួក​នៅ​ស្រុក​មេសាង​ខេត្ត​ព្រៃវែង បានឡោមព័ទ្ធគំរាមវាយដំទៅលើ​ក្មេង​ស្រី២នាក់​ផ្សេង​ទៀត​ដែល​ជិះម៉ូតូ​ឆ្លង​កាត់​ស្រុក​មេសាង។ ប៉ុន្តែ​ករណីក្មេង​ស្រីនៅស្រុកមេសាងនោះ​ត្រូវបាន​ដោះលែងមកវិញ​បន្ទាប់​ពីបានឃុំ​ខ្លួនបណ្តោះអាសន្ននៅស្នងការប៉ូលីស៤៨ម៉ោង។ ចំណែក​ករណី​សិស្សស្រី​៤នាក់​វាយទាត់​ធាក់​ទៅ​លើ​សិស្ស​ម្នាក់​នៅវិទ្យាល័យ​ផ្សារដើម​ថ្កូវ រាជធានីភ្នំពេញនេះ គឺ​កម្លាំង​សមត្ថកិច្ច​ខណ្ឌចំការមន ​បានបញ្ជួនជនល្មើសទៅ​កាន់​ស្នងការនគបាលរាជធានីនៅយប់​ថ្ងៃទី១៦​ខែមករា។

សម្រាប់​លោក​បណ្ឌិត ប៉ា ច័ន្ទរឿន ប្រធាន​មជ្ឈមណ្ឌល​ទស្សនវិជ្ជា​អនុវត្ត និង​សីលធម៌​កម្ពុជា យល់​ឃើញថា មានកត្តាជាច្រើន​ដែល​នាំឲ្យ​ក្មេងៗសម័យនេះ​ចូល​ចិត្ត​ប្រើ​ហិង្សា​ដើម្បី​ដោះស្រាយ​ទំនាស់នោះគឺកង្វះការអប់រំ​សីលធម៌ បញ្ហាគ្រឿងញៀន និងគ្រឿង​ស្រវឹង ព្រមទាំង​ការជះឥទ្ធិពល​របស់​ខ្សែភាព​យន្ត​បរទេស​ខាងវាយតប់គ្នា ខណៈ​បណ្តាញ​សង្គម​មានការរីកចំរើន។

បើតាមលោក ប៉ា ច័ន្ទរឿន ក្រសួងអប់រំគួរតែបង្កើន​ការអប់រំ​ផ្នែក​សីលធម៌ និង​រឹតបន្តឹងវិន័យ​ក្នុង​សាលា​រៀន​ឲ្យ​បានតឹងរឹង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ