អានតួអត្ថបទ
កម្ពុជា-សង្គម

​អ្នក​ជំនាញ​អចលន​វត្ថុ​នៅ​តែ​មាន​សុទិ​ដ្ឋិ​និយម​ចំពោះ​តម្រូវ​ការ​ផ្ទះ​សំបែង​កើន​ឡើង​នៅ​កម្ពុជា​

គេហដ្ឋានក្នុងទីក្រុងភ្នំពេញ (រូបតំណាង)
គេហដ្ឋានក្នុងទីក្រុងភ្នំពេញ (រូបតំណាង) @ងួន វឌ្ឍនៈបណ្ឌិត

ក្រុមអ្នកជំនាញអចលនវត្ថុបានជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ ដើម្បី​ពិនិត្យមើលពី​ស្ថាន​ភាព​អចលនវត្ថុ​នៅកម្ពុជា​នាពេល​បច្ចុប្បន្ន និងទៅ​ថ្ងៃ​អនាគត។ បើតាមក្រុមអ្នក​វាយតម្លៃ​អចលនវត្ថុ តម្រូវ​ការ​ផ្ទះ​សំបែង​​ និង​ខុនដូរ នៅតែមាន​តម្រូវការ​កើន​ឡើង​ពីមួយឆ្នាំទៅមួយឆ្នាំ ​បើទោះបីជាក្នុង​រយៈពេល​ថ្មីៗ​នេះ ជនជាតិ​ចិន​ជាច្រើន​ សម្រុក​ចាកចេញពីខេត្ត​ព្រះ​សីហនុ និង​ស្ថានការណ៍​នយោបាយ​នៅកម្ពុជា​ហាក់​ដូចជាឡើង​កម្តៅនៅពេលនេះក៏ដោយ។

ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខ​ក្រុមអ្នក​កាសែត​រាប់សិបនាក់ លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវនៃក្រុមហ៊ុន​VTRUST APPRAISAL បានលើកឡើងថា តាម​ការ​ព្យាករណ៍នៅ​ឆ្នាំ​២០៣០​ខាងមុខ ​តម្រូវ​ការ​ផ្ទះ​សំបែង និង​ខុន​ដូរ​ គឺ​រង្វង់​៧០​ម៉ឺន​កន្លែងក្នុង​មួយឆ្នាំ ខណៈ​បច្ចុប្បន្ន​តម្រូវ​ការ​ផ្ទះ​សំបែង​​មានចំនួន២ម៉ឺន​ខ្នង ​និង​តម្រូវការ​ខុន​ដូរចំនួន១ម៉ឺន​កន្លែង​​ក្នុង​មួយឆ្នាំ។

​បច្ចុប្បន្ន​ជនជាតិ​ខ្មែរ​មិនសូវ​ចាប់​អារម្មណ៍​ទិញ​ខុន​​ដូរ​ដូចជនបរ​ទេស​​នោះទេ ប៉ុន្តែ​ច្រើនឆ្នាំទៅ​មុខ​ទៀត​ ជនជាតិ​ខ្មែរ​នឹង​ងាក​មកទិញ​ខុនដូរពីជនបរទេសវិញ​ ហើយនឹងធ្វើ​ឲ្យ​តម្លៃ​ខុន​ដូរ​កើន​ឡើងទៅតាមនោះដែរ។ ការ​កើន​នៃតម្រូវការ​ខុនដូរទៅថ្ងៃខាងមុខ បើតាមក្រុម​អ្នកជំនាញ គឺ៥ឆ្នាំទៅមុខទៀត ដីនៅក្នុង​ទីក្រុង​ភ្នំពេញនឹង​អស់​មិនមា​ន​កន្លែង​សាងសង់​ផ្ទះសំបែង​បានទៀតឡើយ គឺអាចសង់បានតែខុនដូរប៉ុណ្ណោះ។ ហើយ​ក្រុម​ហ៊ុន​ផ្ទះល្វែងនឹងរត់ទៅ​សាងសង់​ផ្ទះ​សំបែង​នៅចំងាយ​យ៉ាងតិច​ក៏២០គីឡូម៉ែត្រពីចំណុចកណ្តាលនៃទីក្រុង​ភ្នំពេញ។

យ៉ាងណាក៏ដោយ ​នៅពេល​សួរថា ​វិស័យ​អចលនវត្ថុ​នៅកម្ពុជា ​អាចនឹងរង​ផល​ប៉ះពាល់​ដែរទេ នៅគ្រា​ដែល​ជនជាតិ​ចិន​ជាច្រើន​សម្រុក​ចាក​ចេញ​ពីខេត្ត​ព្រះសីហនុនៅពេល​ថ្មីៗនេះ និង​ស្ថានការណ៍​នយោ​បាយ​​នាពេល​បច្ចុប្បន្ន​ហាក់​កំពុងតែឡើង​កម្តៅនោះ ក្រុម​អ្នក​ជំនាញ​អចលនវត្ថុ​អះអាងថា វិស័យ​អចលន​វត្ថុ​នឹងមិនមានការ​ប៉ះពាល់ឡើយ។

លោក ច្រឹក សុខនីម ប្រធាន​សមាគមអ្នក​វាយ​តម្លៃ និង​ភ្នាក់​ងារ​អចលន​វត្ថុ​នៅកម្ពុជា បាន​គូសបញ្ជាក់​ថា វិស័យ​ដីធ្លី​កំពុងតែ​មានសន្ទុះ​កើន​ឡើង​នៅពេលនេះ​​ គឺនៅខេត្តមួយចំនួន រួមមាន​ ខេត្ត​ព្រះសីហនុ សៀម​រាប បាត់​ដំបង និង​កំពត។ ចំណែក ​លោក ម៉ាន់ ច័ន្ទឌី ​អនុប្រធាន​សមាគមអ្នក​វាយ​តម្លៃអចលនវត្ថុ​ ក៏អះអាងដែរថា​ ទីផ្សារដីឡូតិ៍​គឺជាឱកាស​សម្រាប់​អ្នក​មានប្រាក់​ចំណូលមធ្យម​ក្នុង​ការ​វិនិយោគដើម្បី​បានប្រាក់​ចំណេញ​ក្នុង​រយៈពេលវែង៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ