អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

​កម្ពុជា​បារម្ភ​អំពី​ដំណក់​ប្រេង​ដំបូង​របស់​ខ្លួន​ដោយ​សារ​តែ​ក្រុម​ហ៊ុន​ KrisEnergy កំពុង​ជួប​វិបត្តិ​ហិរញ្ញ​វត្ថុ​

ការ​វិនិយោគ​លើ​វិស័យ​ប្រេង របស់​ក្រុមហ៊ុន KrisEnergy
ការ​វិនិយោគ​លើ​វិស័យ​ប្រេង របស់​ក្រុមហ៊ុន KrisEnergy KrisEnergy

ក្រុមហ៊ុន KrisEnergy ដែល​ទទួល​សិទ្ធិ​អភិវឌ្ឍ​អណ្តូង​ប្រេង​កាត​នៅ​កម្ពុជា​កំពុង​ញាំ​ញី​ដោយ​បញ្ហា​បំណុល​ជិត​៥០០​លាន​ដុល្លារ​អាមេរិក​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​។ ប៉ុន្តែ​ក្រុម​ហ៊ុន​នេះ​បាន​អះអាង​ថា បញ្ហា​បំណុល​នេះ​មិន​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​អភិវឌ្ឍ​អណ្តូង​ប្រេង​កាត​នៅ​កម្ពុជា​ឡើយ​។ ទោះ​ជា​បែប​នេះ​ក្តី កម្ពុជា​ដែល​ជា​ម្ចាស់​អណ្តូង​ប្រេង​កាត​បាន​សម្តែង​នូវ​ការ​ព្រួយ​បារម្ភ ដោយ​ខ្លាច​ក្រែង​បញ្ហា​ហិរញ្ញ​វត្ថុ​របស់​ក្រុម​ហ៊ុន​KrisEnergy នេះ ប៉ះ​ពាល់​ដល់​ដំណើរ​ការ​បូម​ប្រេង​ដែល​រំពឹង​នឹង​ទទួល​បាន​នៅ​ឆ្នាំ​២០​២០​។ 

ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ​និង​ថាម​ពល លោក ជៀប សួរ បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​ថា នៅ​ពេល​នេះ ដំណើរ​ការ​អភិវឌ្ឍ​អណ្តូង​ប្រេង​កាត​កម្ពុជា​នៅ​តែ​បន្ត​ធ្វើ​ជា​ធម្មតា​ដោយ​មិន​មាន​បញ្ហា​អ្វី​រាំង​ស្ទះ​នោះ​ទេ បើ​ទោះ​បី​ក្រុម​ហ៊ុន​ទទួល​សិទ្ធិ KrisEnergy កំពុង​មាន​បញ្ហា​បំណុល​ក៏​ដោយ​។ តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ លោក ជៀប សួរ ក៏​បាន​បង្ហាញ​ពី​ការ​ព្រួយ​បារម្ភ​ខ្លះៗ​ដែរ នៅ​ពេល​ដែល​ទទួល​បាន​ដំណឹង​ថា ក្រុម​ហ៊ុន KrisEnergy កំពុង​មាន​រឿង​រ៉ាវ​បំណុល​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​បែប​នេះ​។

សូម​ជម្រាប​ជូន​ថា ក្រុម​ហ៊ុន KrisEnergy កំពុង​ដោះ​ស្រាយ​បញ្ហា​បំណុល​ចំនួន ៤៧៦.៨ លាន​ដុល្លារ​អាមេរិក​ជាមួយ​ក្រុម​ហ៊ុន​ម្ចាស់​បំណុល Keppel Corporation រហូត​ដល់​មាន​ការ​តតាំង​គ្នា​នៅ​តុលាការ​កំពូល​សិង្ហ​បុរី​។ កាល​ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ តុលា​ការ​កំពូល​សិង្ហ​បុរី បាន​សម្រេច​ទុក​រយៈ​ពេល​៣ខែ​ដល់​ក្រុម​ហ៊ុន KrisEnergy ដើម្បី​ដោះ​ស្រាយ​បញ្ហា​បំណុល​នេះ មុន​អនុវត្ត​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​។

ក្រុម​ហ៊ុន KrisEnergy ក៏​បាន​ជូន​ដំណឹង​នេះ​មក​ឱ្យ​ក្រសួង​រ៉ែ និង​ថាម​ពល​កម្ពុជា​បាន​ដឹង​ដែរ ហើយ​បាន​បញ្ជាក់​ថា នេះ​មិន​មែន​ជា​បញ្ហា​ក្ស័យ​ធន​នោះ​ទេ​។ មិន​តែ​ប៉ុណ្ណោះ ក្រុម​ហ៊ុន KrisEnergy ក៏​បាន​អះ​អាង​ថា បញ្ហា​នេះ​មិន​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​អភិវឌ្ឍ​អណ្តូង​ប្រេង​កាត​នៅ​កម្ពុជា​ឡើយ​។ ចំពោះ​មុខ​បញ្ហា​នេះ ក្រសួង​រ៉ែ និង​ថាម​ពល មិន​ទាន់​មាន​វិធាន​ការ ឬ គម្រោង​ថ្មី​ណា​មួយ​ទេ ដោយ​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​រឿង​នេះ និង ទាក់​ទង​ជា​ប្រចាំ​ជា​មួយ​ក្រុម​ហ៊ុន KrisEnergy។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក ជៀប សួរ​។

សូម​បញ្ជាក់​ថា ​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រុមហ៊ុន Kris Energy បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយគ្នាកាល​ពី​ឆ្នាំ ២០១៧ សម្រាប់​ការ​អភិវឌ្ឍន៍អណ្តូង​ប្រេង​កាត​នៅ​ក្នុង​ប្លុក A នៃ​ដែន​សមុទ្រ​កម្ពុជា​។ ក្រុម​ហ៊ុន​ Kris Energy របស់​សិង្ហបុរី​នេះ គឺ​ជា​អ្នក​ទិញ​ភាគ​ហ៊ុន​ពី​ក្រុម​ហ៊ុន​របស់​អាមេរិក​ឈ្មោះ Chevron។ ក្រុម​ហ៊ុន​ Kris Energy មាន​ភាគ​ហ៊ុន​ ៩៥% នៅ​ក្នុង​តំបន់​នោះ ហើយត្រូវ​គេ​រំពឹង​ថា នឹងអាច​ផលិត​ប្រេង​ឆៅបានប្រមាណ ៧០០០​បារ៉ែល ក្នុង​មួយ​ថ្ងៃ។​ ដោយ​ឡែក ​កម្ពុជា ជា​ដៃគូនៃ​ភាគ​ហ៊ុន​សេសសល់រំពឹង​ថា នឹង​ចំណេញទឹកប្រាក់​ប្រមាណ ៧៨០​លាន​ដុល្លារក្នុង​អំឡុង​រយៈពេល៩ឆ្នាំ៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ