អានតួអត្ថបទ
កម្ពុជា-សង្គម

​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​បញ្ជាក់​ថា​ចិន​ជាង​៣ពាន់​នាក់​មក​ពី​ទីក្រុង ​Wuhan កំពុង​ស្នាក់​នៅ​កម្ពុជា​

ប្រជាជនចិនក្នុងស្រុកហ្វូហាន (រូបភាពតំណាង)
ប្រជាជនចិនក្នុងស្រុកហ្វូហាន (រូបភាពតំណាង) @Internet

មន្ត្រី​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​បាន​បញ្ជាក់​ថា​ ជន​ជាតិ​ចិនប្រមាណ​ជាង​៣ពាន់​នាក់​មក​ពី​ទីក្រុងWuhanពិត​ជា​កំពុង​ស្នាក់​នៅ​កម្ពុជា​ប្រាកដ​មែន។ ជន​ជាតិ​ចិនដែល​មកពី​តំបន់​ផ្ទុះជំងឺ​រលាក​សួត​បង្កដោយ កូរ៉ូណាវីរុស នេះគឺ​ពួក​គេ​ជា​អ្នក​ទេសចរណ៍​ហើយ​អាច​នឹង​ដើរ​ហើរ​នៅ​ទូទាំង​ប្រទេសកម្ពុជា​ដែល​បង្កើត​ជា​ក្តី​បារម្ភ​ក្នុង​ការ​ចម្លង​មេរោគ​ប្រភេទ​ថ្មី ប្រសិន​បើ​ពួក​គេ​កើត​ជំងឺកូរ៉ុណាវីរុសនោះ​។ បើ​តាម​អ្នកនាំពាក្យ​អាកាស​ចរណ៍​ស៊ីវិល គឺ​កម្ពុជា​មិនអាច​បញ្ជូន​ជន​ជាតិ​ចិន​ទាំង​នោះ​វិញ​ភ្លាមៗ​ទេ ដោយ​សារ​តែ​អាជ្ញាធរ​ចិន​ខ្លួន​ឯង​បិទជើង​ហោះ​ហើរ​។ 

ផ្សាយពាណិជ្ជកម្ម

បើ​តាម​ទិន្នន័យ​របស់​អាកាសចរណ៍​ចិន​គឺ​ចិន​មក​ពីទីក្រុង Wuhanចំនួន៣០៧៨នាក់​បាន​ចាក​ចេញ​ពី​ទីក្រុង​ដែល​ផ្ទុះ​ជំងឺ​កូរ៉ូណាវីរុសនេះតាំងពីមុនពេល​អាជ្ញាធរចិន​ខ្លួន​ឯង​បិទ​ការ​ហោះហើរមក​ម្ល៉េះ។ ជនជាតិចិន​​ដែល​ជាអ្នក​ទេសចរណ៍ទាំងនោះចំនួន​១៥៣៩​នាក់​ត្រូវបានគេ​រាយការណ៍​ថា​បានមកចុះ​ចត​នៅខេត្ត​ព្រះ​សីហនុ និង​១៥៣៩​នាក់ទៀតទៅ​ចុះនៅខេត្ត​សៀមរាប​។

លោក ជា អូន អ្នកនាំពាក្យ​អាកាស​ចរណ៍​ស៊ី​វិល​កម្ពុជា បានថ្លែងថា កម្ពុជា​មិនអាចបញ្ជួនជនជាតិចិនទាំងនោះវិញភ្លាមៗទេ ដោយសារតែអាជ្ញាធរចិន​ខ្លួន​ឯង​បិទជើង​ហោះហើរទៅក្រុងWuhan។បើតាមអ្នកនាំពាក្យ​ដដែល កម្ពុជាមានការ​បារម្ភ​ពីការ​ឆ្លង​រាលដាល​នៃ​ជំងឺកូរ៉ូណាវីរុសនេះ ព្រោះជនជាតិ​ចិនទាំងនោះ​​គឺជាអ្នកទេសចរណ៍​ដែល​ត្រូវបានក្រុម​ហ៊ុន​ទេសចរណ៍នាំដើរហើរ​ទៅច្រើនទី​កន្លែង។

បើទោះបីជាអាជ្ញាធរចិន​បិទការ​ហោះហើរឬធ្វើ​ដំណើរទៅកាន់​តំបន់​Wuhan ជាទីដែល​ផ្ទុះជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​ឈ្មោះ កូរ៉ូណាវីរុស នោះ តែសម្រាប់​កម្ពុជាមិនទាន់​ឈាន​ដល់​ផ្អាក​ការ​ហោះ​ហើរ​ឬបិទ​ជើង​ហោះ​ហើរដែល​មកពីប្រទេសចិននោះទេ។ ការដែល​កម្ពុជា​​មិន​អាច​បិទ​ជើង​ហោះ​ហើរនៅពេល​នេះ ដោយសារតែ​មិន​ទាន់​ដល់​ដំណាក់​កាលមួយ​ដែលកម្ពុជា​ស្ថិត​ក្នុង​លក្ខខណ្ឌ​របស់​អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិដែល​​បានកំណត់​។​ នេះបើតាមអ្នកនាំពាក្យដដែល។

បើតាមទិន្នន័យរបស់​​អាកាសចរណ៍ចិន គឺមិនមែនតែ​កម្ពុជាមួយទេ​ដែល​បានទទួល​ជនជាតិ​ចិន​ជាង​៣​ពាន់​នាក់​មកពីទីក្រុង Wuhan ជាទីដែល​ផ្ទុះជំងឺ​កូរ៉ូណាវីរុសនោះ គឺថៃទទួល​ជនជាតិ​ចិនមកពីខេត្តនេះ រហូតដល់ជាង២ម៉ឺននាក់ ខណៈសិង្ហបុរី​ទទួលជិតមួយ​ម៉ឺននាក់ ស្រប​ពេល​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​បានទទួលជនជាតិចិន​មកពី Wuhan នេះជាងមួយ​ម៉ឺនពីរពាន់​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

ទាញយកដោយឥតគិតថ្លៃ

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ