អានតួអត្ថបទ

សភាកម្ពុជាថាការបារម្ភរបស់ព្រឹទ្ធសភាអាមេរិកគឺ​ជាការ​​ជ្រៀត​ជ្រែកកិច្ច​ការ​ផ្ទៃ​ក្នុង

​ទិដ្ឋភាពនៃរដ្ឋសភាកម្ពុជា​​​​
​ទិដ្ឋភាពនៃរដ្ឋសភាកម្ពុជា​​​​ ©សហការី

សភាកម្ពុជា​ទាំងពីរ​ថ្នាក់ បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​ចាត់​ទុក​ការ​បារម្ភ​របស់​សភា​អន្តរជាតិ​ជាពិសេស​ព្រឹទ្ធសភា​របស់សហរដ្ឋ​អាមេរិក​នាពេល​កន្លងមក​នោះថា ជាការ​បារម្ភ​លើ​សពី​ភាព​ចាំបាច់ រហូត​ក្លាយ​ជាទង្វើ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។​ ប្រតិកម្មនេះ​ដែល​ទើប​តែ​ធ្លាក់មក កាលពីថ្ងៃទី២៤​វិច្ឆិកា​ម្សិលមិញនេះ​គឺជាការឆ្លើយ​ដោយ​ប្រយោល​ទៅ​កាន់​សភា​អន្តរជាតិ និង​ជាការ​ឆ្លើយតប​ចំៗទៅកាន់​ព្រឹទ្ធសភា​អាមេរិក។​ ព្រឹទ្ធសភា​អាមេរិក​ដែលបាន​ដាក់​ឱសានវាទ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង លោក កឹម សុខា តាំងពី​ថ្ងៃ​៩​វិច្ឆិកា និង​ទាមទារឲ្យ​បញ្ឈប់​​ការរំលាយ​គណបក្ស​សង្រ្គោះជាតិ​នោះ។

ផ្សាយពាណិជ្ជកម្ម

ដោយ អ៊ឹង ប៊ុនថន

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែលធ្វើ​ឡើង​នៅថ្ងៃទី​២៤ ខែវិច្ឆិកា ព្រឹទ្ធសភា និង​រដ្ឋសភា​របស់​កម្ពុជា អះអាងថា ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ការ​ចាប់ខ្លួន​លោក កឹម សុខា គឺធ្វើឡើង ទៅ​តាម​ច្បាប់​របស់​កម្ពុជា ដោយចោទថា លោក កឹម សុខា បាន​ឃុប​ឃិត​ជាមួយ​បរទេស ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​ស្រប​ច្បាប់​។

ជាមួយគ្នានេះ ​សភា​កម្ពុជាទាំងពីរ​ថ្នាក់នេះ ក៏បាន​គាំទ្រ​ពេញទំហឹង​នូវ​គោលករណ៏​មិន​ជ្រៀត​ជ្រែក​កិច្ច​ការ​ផ្ទៃក្នុង​​ប្រទេស​ដទៃ របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ផងដែរ។

សេចក្តីការណ៍​កម្រាស់​៣ទំព័រ​របស់​សភាខ្មែរនេះ ក៏បាន​ឆ្លើយតប​ទៅ​នឹងការ​រិះគន់​ពី​មជ្ឈដ្ឋានអន្តរជាតិ ចំពោះ​ការ​បិទ​វិទ្យុ ​និង​កាសែត​ដែល​តែងតែ​ផ្សាយ​រិះគន់​រដ្ឋាភិបាល​កម្ពុជានោះដែរ​។

សភា​កម្ពុជា​ទាំងពីរ​ថ្នាក់នេះ បកស្រាយថា ការបញ្ឈប់​ផ្សាយ​របស់វិទ្យុ​អាស៊ីសេរី និង វិទ្យុVOA គឺដោយសារ​រំលោភ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្រសួងព័ត៌មាន ខណៈ​កាសែត The Cambodia Daily បញ្ឈប់​ផ្សាយ​ដោយសារ​តែ​មិនបាន​បង់​ពន្ធ។ចំណែក ការ​បញ្ឈប់​ប្រតិបត្តិការ​អង្គការ​NDI គឺដោយសារតែ​អង្គការ​នេះ​មិន​ចុះបញ្ជី និង​បង្ហាញ​របាយការណ៍​ហិរញ្ញវត្ថុ។

សូមបញ្ជាក់ថា សមាជិក​ព្រឹទ្ធសភា​អាមេរិក លោក Ted Cruz បាន​ចេញសារ​ព្រមាន​ម្តងហើយ​ម្តងទៀតថា ទាមទារឲ្យរដ្ឋាភិបាលកម្ពុជាដោះលែង លោក កឹម សុខា តាំងពីថ្ងៃទី ៩វិច្ឆិកា ឆ្នាំ​២០១៧។ជាមួយគ្នានោះ ព្រឹទ្ធសភា​អាមេរិក​ដែល​ធ្លាប់​តែមាន​ឥទ្ធិពល​រូបនេះ បានអះអាងថាលោក​នឹងស្នើទៅ​រដ្ឋបាល​លោក​ដូណាល់ ត្រាំ ដើម្បី​ដាក់ទណ្ឌកម្ម ហាមឃាត់មិនឲ្យមន្រ្តីរដ្ឋាភិបាល​កម្ពុជា​ចូល​ទឹកដី​អាមេរិក និង​អាច​ឈានទៅ​បង្កកព្រទ្យ​សម្បត្តិ​ទៀតផង។ ​

លើស​ពី​នេះទៀត សហភាពអ៊ឺរ៉ុប​ដែល​ជាបណ្តុំ​ប្រទេស​ចំនួន២៧ បាន​ព្រមាននាពេល​ចុង​ក្រោយ​នេះថា សហភាពអ៊ឺរ៉ុបនឹង​បញ្ឈប់​ការអនុគ្រោះពន្ធលើ​ការ​នាំ​ទំនិញពីកម្ពុជាចូល​ទៅលក់​​នៅទីផ្សារអ៊ឹរ៉ុប ករណី​ដែល​កម្ពុជា​បាន​រំលាយ​គណបក្សប្រឆាំង​ដ៏ធំជាងគេ។

សហភាពអ៊ឺរ៉ុប ក៏បានគូស​បញ្ជាក់ថា ការគាំទ្រ​របស់​ខ្លួនគឺសម្រាប់​ឲ្យ​កម្ពុជា​មានការ​គោរព​សិទ្ធិ​មនុស្ស​ជាចំបង និងមាន​ប្រជាធិប​តេយ្យ​សេរី​ពហុបក្ស។

យ៉ាងណាក៏ដោយ នៅក្នុង​​សេចក្តី​ថ្លែងការណ៍របស់សភាកម្ពុជា បានអះអាងថា កម្ពុជានៅតែបន្តប្តេជ្ញា​រៀបចំការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា និងតំណាង​រាស្រ្តនៅឆ្នាំ​២០១៨ដោយ​បន្តលើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ សេរី ពហុបក្ស ការគោរព​សិទ្ធិមនុស្ស និងនីតិរដ្ឋ ដែល​មាន​គណបក្ស​នយោបាយ​ជាង​៣០​នៅកម្ពុជា៕

selfpromo.newsletter.titleselfpromo.newsletter.text

selfpromo.app.text

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ